[រដ្ឋផ្លរីដា]៖ គ្រាប់រ៉ុក្កែតមួយគ្រាប់ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Blue Origin បានផ្ទុះឡើងនៅលើជើងទម្របាញ់បង្ហោះក្នុងរដ្ឋផ្លរីដា អំឡុងពេលធ្វើតេស្តសាកល្បង។ រូបភាពវីដេអូបានបង្ហាញឱ្យឃើញថា គ្រាប់រ៉ុក្កែតនោះបានផ្ទុះទៅជាដុំភ្លើងដ៏ធំសម្បើម និងបានលេបត្របាក់តំបន់ជុំវិញទាំងស្រុង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម ក្រុមហ៊ុន Blue Origin បានបញ្ជាក់ថា ខ្លួនបានជួបប្រទះនូវ ភាពមិនប្រក្រតី កំឡុងពេលធ្វើតេស្តបញ្ឆេះម៉ាស៊ីននៅលើដី។

ទោះជាយ៉ាងណា ក្រុមហ៊ុនបានបន្ថែមថា បុគ្គលិកទាំងអស់ត្រូវបានរាប់ចំនួន និងមានសុវត្ថិភាព។ គួររំលឹកផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសមួយនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដោយមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos។ ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ២១:០០ នាទី ម៉ោងក្នុងស្រុក នៅឯមជ្ឈមណ្ឌលអវកាស Cape Canaveral។ យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នប្រចាំខោនធី Brevard បានឱ្យដឹងថា ឧប្បត្តិហេតុនេះមិនមានការគំរាមកំហែងដល់សាធារណជនឡើយ។

លោក Jeff Bezos បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយបញ្ជាក់ពីសុវត្ថិភាពរបស់បុគ្គលិកទាំងអស់ និងបានលើកឡើងថា វាលឿនពេកក្នុងការសន្និដ្ឋានពីមូលហេតុ ប៉ុន្តែយើងកំពុងស្វែងរកវាហើយ។ ថ្ងៃនេះពិតជាលំបាកណាស់ ប៉ុន្តែយើងនឹងកសាងអ្វីៗដែលខូចខាតឡើងវិញ ដើម្បីត្រៀមខ្លួនត្រឡប់ទៅហោះហើរវិញ។ វាពិតជាមានតម្លៃណាស់ក្នុងការធ្វើកិច្ចការនេះ។ កងទ័ពអវកាសអាមេរិក បានប្រកាសថា ក្រុមឆ្លើយតបបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ ខណៈដែលមន្ត្រីជំនាញកំពុងសហការជាមួយក្រុមហ៊ុន Blue Origin ដើម្បីវាយតម្លៃទិន្នន័យដែលមានក្នុងដៃ សំដៅកំណត់មូលហេតុពិតប្រាកដនៃភាពមិនប្រក្រតីនេះ។

ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលធ្វើតេស្តត្រៀមលក្ខណៈសម្រាប់ការបាញ់បង្ហោះនាពេលខាងមុខ។ ទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការ NASA លោក Jared Isaacman បានលើកឡើងនៅលើបណ្តាញសង្គម X ថា ការហោះហើរទៅកាន់អវកាសគឺមិនមានការអត់ឱនចំពោះកំហុសឡើយ ហើយការអភិវឌ្ឍសមត្ថភាពដឹកជញ្ជូនធុនធ្ងន់ថ្មីគឺជារឿងពិបាកខ្លាំងណាស់។ យើងនឹងធ្វើការជាមួយដៃគូរបស់យើង ដើម្បីគាំទ្រដល់ការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើភាពមិនប្រក្រតីនេះ ព្រមទាំងវាយតម្លៃផលប៉ះពាល់លើបេសកកម្មចំពោះមុខដើម្បីត្រឡប់ទៅការបាញ់បង្ហោះរ៉ុក្កែតឡើងវិញ។

ចំណែកឯរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលជ្រាបអំពីឧប្បត្តិហេតុនេះហើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារនេះបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងលើដីនេះមិនស្ថិតនៅក្នុងវិសាលភាពនៃសកម្មភាពដែលមានអាជ្ញាប័ណ្ណរបស់ FAA ឡើយ ដូច្នេះវាមិនមានផលប៉ះពាល់ដល់ចរាចរណ៍ផ្លូវអាកាសស៊ីវិលនោះទេ។

គួររំលឹកផងដែរថា កាលពីខែមុន រ៉ុក្កែតជំនាន់ថ្មីរបស់ Blue Origin ត្រូវបានបង្ខំចិត្តផ្អាកដំណើរការជាបណ្តោះអាសន្ន បន្ទាប់ពី FAA បានបង្គាប់ឱ្យមានការស៊ើបអង្កេតលើ ឧប្បត្តិហេតុ មួយ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបមិនបានសម្រេច។ ក្នុងបេសកកម្មនោះ ក្រុមហ៊ុនបានព្យាយាមបង្ហោះផ្កាយរណបរបស់ក្រុមហ៊ុន AST SpaceMobile ដោយប្រើប្រាស់រ៉ុក្កែតធុនធ្ងន់ New Glenn ប៉ុន្តែមិនអាចនាំផ្កាយរណបនោះទៅដល់គន្លងតារាវិថីដែលបានកំណត់ទុកឡើយ។

ទោះជាយ៉ាងណា ក្រុមហ៊ុនអវកាសមួយនេះ ក៏ធ្លាប់បានទទួលជោគជ័យយ៉ាងធំធេងក្នុងការបាញ់បង្ហោះរ៉ុក្កែត New Glenn ចេញពីរដ្ឋផ្លរីដា កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយកាលនោះ ពួកគេបានចុះចតឧបករណ៍ជំរុញ ដែលអាចប្រើប្រាស់ឡើងវិញបាននៅលើដីគោកជាលើកដំបូងដោយជោគជ័យ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC