[ស៊ីសាកេត]៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅខេត្តស៊ីសាកេត ប្រទេសថៃ ដែលរងការខូចខាតពីការវាយប្រហារដោយគ្រាប់រ៉ុក្កែត BM-21 ដែលអាជ្ញាធរថៃអះអាងថា ត្រូវបានបាញ់ចេញពីប្រទេសកម្ពុជា អាចនឹងមិនមានសិទ្ធិទទួលបានសំណងពីរដ្ឋាភិបាលថៃ ដោយសារតែស្ថានីយនេះជាទ្រព្យសម្បត្តិឯកជន។ ករណីនេះបានជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈស្នើសុំឱ្យអាជ្ញាធរថៃពិចារណាឡើងវិញលើលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យនៃការផ្តល់សំណង ដោយអះអាងថា អាជីវកម្មរបស់ខ្លួនកំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារជម្លោះប្រដាប់អាវុធ។ លោកស្រី Rukchanok Srinok ប្រធានគណៈកម្មាធិការរៀបចំ និងចាត់ចែងថវិកា បានឱ្យដឹងថា គណៈកម្មាធិការបានពិនិត្យឡើងវិញលើវិធានការសំណងសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការប៉ះទង្គិចរវាងថៃ និងកម្ពុជា រួមទាំងករណីស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅបានភឿ ក្នុងស្រុក Kantharalak ខេត្ត Sisaket។

ម្ចាស់ស្ថានីយប្រេងឥន្ធនៈ លោកស្រី Kamonrat Phonsetlert បានចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ ជាមួយតំណាងការិយាល័យស៊ីសាកេត នៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) និងតំណាងការិយាល័យនាយករដ្ឋមន្ត្រី។ លោកស្រី Rukchanok បានបញ្ជាក់ថា ការិយាល័យ DDPM ខេត្តស៊ីសាកេត បានជូនដំណឹងថា បទប្បញ្ញត្តិដែលស្ថិតក្រោមក្រសួងហិរញ្ញវត្ថុបច្ចុប្បន្ន អាចផ្តល់សំណងដល់អ្នកដែលរងរបួស ឬបាត់បង់ជីវិត ប៉ុន្តែមិនទាន់មានបទប្បញ្ញត្តិគ្របដណ្តប់លើការខូចខាតទ្រព្យសម្បត្តិផ្សេងទៀត តាមរយៈអាជ្ញាធរខេត្ត ឬមូលនិធិក្រោមការិយាល័យនាយករដ្ឋមន្ត្រីនោះទេ។ ទោះជាយ៉ាងណា លោកស្រី Rukchanok បានចាត់ទុកករណីស្ថានីយប្រេងឥន្ធនៈនេះថា ជាករណីមិនធម្មតា និងគួរត្រូវបានពិចារណាជាពិសេស។ លោកស្រីបានអំពាវនាវឱ្យអាជ្ញាធរពិចារណាកែសម្រួលលក្ខណៈវិនិច្ឆ័យ ដើម្បីធានាថា ស្ថានីយប្រេងឥន្ធនៈនេះ និងករណីផ្សេងទៀតដែលរងផលប៉ះពាល់ដោយជម្លោះ អាចទទួលបានជំនួយ និងសំណងសមស្រប។

លោកស្រីបានលើកឡើងថា រដ្ឋាភិបាលធ្លាប់បានសន្យាផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ ដូច្នេះគួរតែពិនិត្យមើលវិធានការដែលអាចអនុវត្តបាន ដើម្បីឆ្លើយតបនឹងករណីដែលមានលក្ខណៈពិសេសដូចស្ថានីយប្រេងឥន្ធនៈនេះ។ ជាមួយគ្នានេះ លោកស្រី Kamonrat បានឱ្យដឹងថា ការខូចខាតស្ថានីយប្រេងឥន្ធនៈរបស់លោកស្រី បណ្តាលមកពីគ្រាប់រ៉ុក្កែតដែលអាជ្ញាធរថៃអះអាងថា បាញ់ចេញពីប្រទេសមួយផ្សេងទៀត។ ដោយសារហេតុនេះ ករណីខូចខាតអាចមិនស្ថិតក្រោមលក្ខខណ្ឌធានារ៉ាប់រងដែលត្រួតពិនិត្យដោយការិយាល័យគណៈកម្មការធានារ៉ាប់រង (OIC)។

លោកស្រីបានបន្តថា ស្ថានីយប្រេងឥន្ធនៈមិនត្រូវបានគ្របដណ្តប់ដោយបទប្បញ្ញត្តិធានារ៉ាប់រងពាក់ព័ន្ធនោះទេ ហើយរហូតមកដល់ពេលនេះ បានទទួលជំនួយមនុស្សធម៌ចំនួន ១លានបាតប៉ុណ្ណោះ។ ស្ថានីយនេះក៏មានធានារ៉ាប់រងឯកជនផងដែរ ប៉ុន្តែមិនទាន់ទទួលបានសំណងពីរដ្ឋាភិបាលនៅឡើយ។ក្នុងអំឡុងពេលអន្តរកាលរដ្ឋាភិបាល លោកស្រី Kamonrat បាននិយាយថា ភ្នាក់ងាររដ្ឋាភិបាលមួយចំនួនបានពិភាក្សាជាមួយលោកស្រីអំពីលទ្ធភាពនៃការផ្តល់ជំនួយហិរញ្ញវត្ថុ ប៉ុន្តែមិនទាន់មានការសម្រេចច្បាស់លាស់នៅឡើយ។ 

ម្ចាស់ស្ថានីយប្រេងឥន្ធនៈរូបនេះបានអំពាវនាវឱ្យរដ្ឋាភិបាលជួយដោះស្រាយការលំបាករបស់លោកស្រី ដោយមិនគួរយកហេតុផលថា ស្ថានីយនេះជាអាជីវកម្មឯកជនមកបដិសេធការជួយឡើយ។ លោកស្រីបានអះអាងថា ខ្លួនជាពលរដ្ឋថៃ និងមិនមែនជាអ្នកបង្កការវាយប្រហារលើស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនឡើយ ហើយចាត់ទុកការខូចខាតនេះថា ពាក់ព័ន្ធនឹងការបរាជ័យក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ លោកស្រី Kamonrat ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តល់ចម្លើយជាផ្លូវការឱ្យបានច្បាស់ថា តើនឹងផ្តល់សំណងដល់ស្ថានីយប្រេងឥន្ធនៈឬយ៉ាងណា ដើម្បីឱ្យលោកស្រីអាចដឹងពីលទ្ធផល និងមិនចាំបាច់បន្តរង់ចាំដោយគ្មានភាពច្បាស់លាស់ទៀត។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Khaosod English