យុវជនគឺជាកម្លាំងពលកម្ម គឺជាបញ្ញវន្តនិងជាអ្នកបន្តវេនដែលសម្រេចនូវជោគវាសនារបស់ប្រទេសជាតិប៉ុន្តែ នៅពេលដែលគ្រឿងញៀននិងគ្រឿងស្រវឹងបានលុកលុយចូលក្នុងជីវិតរបស់ពួកគេវាមិនត្រឹមតែបំផ្លាញបុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជាការគំរាមកំហែងដល់ស្ថិរភាពនិងការអភិវឌ្ឍជាតិទាំងមូល។គ្រឿងញៀនអាចបំផ្លាញកោសិកាខួរក្បាលធ្វើឱ្យបាត់បង់ការចងចាំនិងបង្កជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
រីឯគ្រឿងស្រវឹង បង្កជាជំងឺថ្លើម ក្រពះ និងប្រព័ន្ធប្រសាទ មិនតែប៉ុណ្ណោះយុវជនដែលជក់ចិត្តនឹងគ្រឿងស្រវឹង ឬគ្រឿងញៀនតែងតែបោះបង់ការសិក្សាបាត់បង់ការផ្តោតអារម្មណ៍និងមិនអាចបំពេញការងារបានល្អដែលនាំឱ្យបាត់បង់អាជីពនិងអនាគតដ៏ភ្លឺស្វាង ហើយការធ្លាក់ខ្លួនក្នុងអបាយមុខទាំងនេះធ្វើឱ្យយុវជនបាត់បង់តម្លៃក្នុងសង្គមត្រូវបានគេរើសអើងនិងបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួនទៀតផង។ គ្រួសារដែលមានសមាជិកប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹងហួសហេតុតែងតែជួបប្រទះនូវការចំណាយប្រាក់កាសលើការទិញគ្រឿងញៀន ឬស្រា និងការព្យាបាលជំងឺហើយគ្រឿងស្រវឹងនេះហើយគឺជាមូលហេតុចម្បងនៃជម្លោះនិងការបែកបាក់គ្រួសារ។

គ្រឿងញៀនគឺជាប្រភពនៃអំពើចោរកម្ម អំពើហិង្សា និងឃាតកម្មដែលធ្វើឱ្យសន្តិសុខសង្គមមានភាពរង្គោះរង្គើ នៅពេលយុវជនដែលជា "សសរទ្រូង" ក្លាយជា "សសរពុក" រដ្ឋត្រូវបាត់បង់កម្លាំងពលកម្មសកម្មនិងត្រូវចំណាយថវិកាជាតិរាប់លានដុល្លារក្នុងការបង្ក្រាបនិងព្យាបាលអ្នកញៀនជំនួសឱ្យការយកថវិកានោះទៅអភិវឌ្ឍវិស័យអប់រំ ឬហេដ្ឋារចនាសម្ព័ន្ធ។ ឥទ្ធិពលគ្រឿងស្រវឹងនេះគឺជាឃាតករឈានមុខគេនៅលើដងផ្លូវ ដែលបណ្តាលឱ្យបាត់បង់ជីវិតយុវជននិងពលរដ្ឋជាច្រើនរៀងរាល់ថ្ងៃ។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ត្រូវផ្តល់ភាពកក់ក្តៅនិងតាមដានការរស់នៅរបស់កូនចៅ។ បញ្ជ្រាបការអប់រំពីផលវិបាកនៃគ្រឿងញៀនក្នុងកម្មវិធីសិក្សានិង រាជរដ្ឋាភិបាលត្រូវតែរឹតបន្តឹងច្បាប់គ្រឿងញៀននិងគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាព។

អត្ថបទ៖ សុធា