ឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ ជាការធ្វើនៅបុណ្យកឋិនទានគឺការកសាងនៅកុសលមួយដ៏វិសេសបំផុតក្នុងព្រះពុទ្ធសាសនា ព្រោះពិធីបុណ្យកឋិនទាននេះបានក្រោលរំលឹកទៅដល់ភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ចីវរ សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“។បុណ្យកឋិនទាន គឺជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាថេរវាទ ដែលពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យចេញព្រះវស្សា ពុទ្ធបរិស័ទនៅតាមវត្តអារាមទាំងអស់នឹងមានការដង្កែអង្គកឋិនទានចូលវត្តរៀងៗខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក។ក្នុងការហែកឋិន គេមានប្រគំភ្លេងតូរ្យតន្ដ្រីយ៉ាងពិរោះ ហើយជាពិសេស គឺជាក្រុមភ្លេងឆៃយ៉ាំ ដែលធ្វើអោយបរិយាកាស រិតតែគគ្រឹកគគ្រេង រស់រវើកសប្បាយក្រៃលែង។អត្ថន័យនៃបុណ្យកឋិន តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវរូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅដោយអត្ថន័យពីរយ៉ាងគឺ៖
១. ការរស់បានប្រកបដោយភាពកម្រដូចវិគ្គហៈថា (កថតិ កិច្ឆេន ជីវតីតិ កឋិនោ)ប្រែថា សភាវៈឯណារស់បានដោយភាពកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀបប្រដូចជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណាឯកិច្ច ដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ។

២. ការប្រសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅគ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា (បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ)។ ប្រែថា ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិនឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន។

អត្ថបទដោយ៖ អៀង នីតា