បុណ្យវិសាខបូជា គឺជាបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិព្រោះថាបុណ្យនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ ដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតចាកឧទរមាតា, ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ, នឹងជាថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន ពិធីបុណ្យវិសាខបូជាប្រារព្ធធ្វើឡើងនៅថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ និងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរបំផុត។អាស្រ័យហេតុនេះហើយទើបលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលសម្រាប់ពុទ្ធសាសនិកក្នុងការរំលឹកគុណទៅដល់សមណគោត្តមបរមគ្រូ ក៏ជាការកសាងនូវកុសលរបស់ពុទ្ធសាសនិកផងដែរ។ទាំងថ្ងៃដែលព្រះពុទ្ធទ្រង់ ប្រសូត ត្រាស់ដឹង និងថ្ងៃចូលកាន់ព្រះនិព្វាន សុទ្ធតែនៅថ្ងៃពេញបូណ៍មីទាំងអស់ខុសតែឆ្នាំប៉ុណ្ណោះ។
ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ មុនពុទ្ធសករាជ ៨០ឆ្នាំ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរគឺ នគរកបិលពស្តុ និងទេវទហៈ។
ព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។
ព្រះអង្គទ្រង់បរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ១ថ្ងៃក្នុងព្រះជន្ម៨០ឆ្នាំ គត់ ត្រង់ចន្លោះដើមសាលព្រឹក្សទាំងគូក្នុងក្រុងកុសិនារា

អត្ថបទដោយ៖ អៀង នីតា