[បេរូត]៖ ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលលើប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានសម្លាប់មនុស្ស ១៤ នាក់ និងរបួស ៣៧ នាក់ ក្នុងនោះរួមមានកុមារ និងស្ត្រីផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសុខាភិបាលលីបង់ ខណៈដែលភាពតានតឹងបានកើនឡើងកម្ដៅ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
យោធាអុីស្រាអែល បានចេញបញ្ជាបន្ទាន់ឱ្យអ្នកស្រុកនៅក្នុងទីក្រុងចំនួន ៧ បន្ថែមទៀត ចាកចេញពីលំនៅឋានជាបន្ទាន់ ដោយឱ្យពួកគេធ្វើដំណើរទៅកាន់ភាគខាងជើង និងខាងលិចឱ្យឆ្ងាយពីតំបន់ប្រតិបត្តិការ។ តំបន់ទាំងនោះរួមមានផ្នែកខ្លះនៅភាគខាងជើងទន្លេលីតានី និងតំបន់ភាគខាងត្បូងដែលកងទ័ពអុីស្រាអែល កំពុងគ្រប់គ្រង។ អ្នកនាំពាក្យយោធាអុីស្រាអែលបានលើកឡើងតាមរយៈបណ្តាញសង្គម X ថា ក្រុមហេសបូឡា បានរំលោភលើបទឈប់បាញ់ ជាហេតុធ្វើឱ្យអុីស្រាអែលត្រូវចាត់វិធានការឆ្លើយតប ដោយបានវាយប្រហារលើក្រុមខ្មាន់កាំភ្លើង បង្គោលបាញ់រ៉ុក្កែត និងឃ្លាំងអាវុធរបស់ក្រុមនេះ។

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងហ្សេរុយសាឡឹមថា អាទិភាពចម្បងរបស់យើង គឺសន្តិសុខរបស់អុីស្រាអែល សុវត្ថិភាពទាហាន និងសហគមន៍របស់យើង។ យើងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក និងលីបង់។
ចំណែកឯក្រុមហេសបូឡាវិញ បានប្រកាសថានឹងមិនបញ្ឈប់ការវាយប្រហារលើកងទ័ព អុីស្រាអែលឡើយ ដរាបណាអុីស្រាអែលនៅតែបន្តការរំលោភបំពាន។ ក្រុមដែលគាំទ្រដោយអុីរ៉ង់មួយនេះបានបន្ថែមថា ខ្លួនលែងរំពឹងលើកិច្ចខិតខំប្រឹងប្រែងផ្នែកឌីប្លូម៉ាត ដែលពួកគេចាត់ទុកថាគ្មានប្រសិទ្ធភាព ឬពឹងផ្អែកលើអាជ្ញាធរលីបង់ដែល «ខកខានក្នុងការការពារប្រទេស» នោះទេ។ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុមហេសបូឡាបានអះអាងថា បានវាយប្រហារលើកងទ័ពអុីស្រាអែល និងកងកម្លាំងសង្គ្រោះដែលព្យាយាមជម្លៀសទាហាន។ ភាគីអុីស្រាអែលបានទទួលស្គាល់ថា ទាហានខ្លួនម្នាក់បានស្លាប់ និង ៦ នាក់ទៀតរងរបួស ព្រមទាំងបានស្ទាក់ចាប់ដ្រូនចំនួន ៣ គ្រឿងដែលព្យាយាមហោះចូលទឹកដីខ្លួន។
គួរបញ្ជាក់ថា បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី១៦ ខែមេសា មកនោះ ហាក់មិនទាន់អាចបញ្ចប់អរិភាពទាំងស្រុងបានឡើយ។ យោងតាមទិន្នន័យ មនុស្សជាង ២.៥០០ នាក់ បានស្លាប់ក្នុងលីបង់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី២ ខែមីនា ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី ២៧៧ នាក់ កុមារ ១៧៧ នាក់ និងបុគ្គលិកពេទ្យ ១០០ នាក់។ ភាគីអុីស្រាអែល មានជនស៊ីវិល ២ នាក់ និងទាហាន ១៦ នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈបទឈប់បាញ់ដែលត្រូវបានពង្រីករហូតដល់ពាក់កណ្តាលខែឧសភានេះ កំពុងស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយបំផុត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters