[ជូ បា]៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ខាងត្បូង (SSCAA) បានប្រកាសថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង បានធ្លាក់កាលពីព្រឹកថ្ងៃចន្ទ បណ្តាលឱ្យមនុស្សទាំង ១៥នាក់នៅលើយន្តហោះបាត់បង់ជីវិតទាំងអស់។ យោងតាមសេចក្តីថ្លែងការណ៍របស់ SSCAA យន្តហោះប្រភេទ Cessna 208 Caravan ប្រតិបត្តិការដោយក្រុមហ៊ុន CityLink Aviation Ltd បានធ្លាក់នៅចម្ងាយប្រហែល ២០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Juba។ យន្តហោះនេះបានចាកចេញពីទីក្រុង Yei នៅម៉ោង ៩:១៥ ព្រឹក (ម៉ោងក្នុងស្រុក) ហើយបានដាច់ការទាក់ទងជាមួយប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ប្រហែល ៣០នាទីក្រោយមក។
ក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ (អ្នកបើកបរ ១នាក់ និងអ្នកដំណើរ ១៤នាក់) រួមមានជនជាតិស៊ូដង់ខាងត្បូង ១៣នាក់ និងជនជាតិកេនយ៉ា ២នាក់។ ទោះបីជាក្រុមស៊ើបអង្កេតកំពុងចុះទៅកាន់ទីតាំងកើតហេតុក៏ដោយ របាយការណ៍បឋមបានបង្ហាញថា គ្រោះថ្នាក់នេះអាចបណ្តាលមកពី "លក្ខខណ្ឌអាកាសធាតុអាក្រក់ និងភាពមើលឃើញកម្រិតទាប"។

គួរកត់សម្គាល់ថា ស៊ូដង់ខាងត្បូងដែលជាប្រទេសក្មេងជាងគេក្នុងពិភពលោក កំពុងប្រឈមនឹងបញ្ហាប្រព័ន្ធដឹកជញ្ជូន និងកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍នៅមានកម្រិត។ ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ ២០១១ មានយន្តហោះជាង ៥៥គ្រឿងហើយបានធ្លាក់នៅក្នុងប្រទេសនេះ ដោយសារកត្តាមួយចំនួនដូចជា យន្តហោះមានសភាពចាស់ៗ និងការអនុវត្តច្បាប់ទម្លាប់នៅមានកម្រិត ហើយការដឹកលើសទម្ងន់ និងកំហុសបច្ចេកទេសរបស់អ្នកបើកបរ។
កាលពីខែមករា ឆ្នាំ២០២៥ កន្លងទៅ គ្រោះថ្នាក់ស្រដៀងគ្នានេះក៏បានកើតឡើងផងដែរ ដោយបានសម្លាប់កម្មករប្រេង ២០នាក់ នៅរដ្ឋ Unity។ ដោយឡែក គ្រោះថ្នាក់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍របស់ប្រទេសនេះ គឺការធ្លាក់យន្តហោះ Antonov កាលពីឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្សរហូតដល់ ៤១នាក់ នៅជិតអាកាសយានដ្ឋានក្រុង Juba៕
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC