Li Jiaying អវកាសយានិកស្ត្រីដំបូងមកពី Hong Kong ត្រូវបានបញ្ជូនទៅកាន់អវកាសជាលើកដំបូង តាមរយៈយានអវកាស Shenzhou-23 របស់ចិន។
Li Jiaying អាយុ ៤៣ឆ្នាំ ដែលជាមន្ត្រីប៉ូលិស និងជាម្តាយមានកូន៣នាក់ បំពេញតួនាទីជាអ្នកវិទ្យាសាស្ត្រផ្នែកសាកល្បង (payload scientist) ក្នុងក្រុមអវកាសយានិក៣នាក់ ដែលបានធ្វើដំណើរទៅកាន់ស្ថានីយអវកាស Tiangong Space Station កាលពីយប់ថ្ងៃអាទិត្យ។
បេសកកម្មនេះ មានគោលបំណងសិក្សាអំពីផលប៉ះពាល់នៃស្ថានភាពគ្មានទំនាញ (microgravity) លើរាងកាយមនុស្ស និងធ្វើការសាកល្បងវិទ្យាសាស្ត្រជាច្រើនផ្សេងទៀត។ អាជ្ញាធរចិនបានឱ្យដឹងថា សមាជិកម្នាក់ក្នុងចំណោមក្រុមនេះ នឹងស្នាក់នៅលើអវកាសរយៈពេលពេញ១ឆ្នាំ ដែលជាការសាកល្បងសំខាន់មួយ ប៉ុន្តែមិនទាន់កំណត់ថាជានរណានោះទេ។

ក្រៅពីលោកស្រី Li Jiaying ក្រុមបេសកកម្មនេះក៏មានលោក Zhu Yangzhu វិស្វករអវកាសវ័យ៣៩ឆ្នាំ និងលោក  Zhang Zhiyuan អតីតអ្នកបើកយន្តហោះយោធាវ័យ៣៩ឆ្នាំផងដែរ។
ការបាញ់បង្ហោះយានបានធ្វើឡើងពីតំបន់វាលខ្សាច់ Gobi Desert តាមរយៈរ៉ុក្កែត Long March 2F នៅម៉ោង ១១:០៨ យប់ម៉ោងក្នុងស្រុក។ ប៉ុន្មានម៉ោងបន្ទាប់ យានបានភ្ជាប់ដោយជោគជ័យទៅកាន់ស្ថានីយ Tiangong។
មេដឹកនាំហុងកុង John Lee បានហៅការចូលរួមរបស់ Li ក្នុងបេសកកម្មនេះថា ជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” សម្រាប់ហុងកុង។ លោកស្រី Li Jiaying បាននិយាយថា នាងទទួលបានការបំផុសគំនិតពី Yang Liwei ដែលជាជនជាតិចិនដំបូងគេបានឡើងទៅអវកាស។ នាងបាននិយាយថា៖ “នេះជាឱកាសដ៏កម្រ ហេតុអ្វីមិនសាកល្បង?”

ចាប់តាំងពីឆ្នាំ២០២១មក ចិនបានបញ្ជូនអវកាសយានិកទៅស្នាក់នៅលើស្ថានីយ Tiangong ក្នុងរយៈពេល៦ខែជាបន្តបន្ទាប់។ ការស្នាក់នៅរយៈពេល១ឆ្នាំលើកនេះ នឹងក្លាយជាកំណត់ត្រាវែងបំផុតមួយក្នុងប្រវត្តិសាស្ត្រ ជិតស្មើកំណត់ត្រា១៤ខែរបស់អវកាសយានិករុស្ស៊ី Valery Polyakov កាលពីឆ្នាំ១៩៩៥។
អ្នកវិទ្យាសាស្ត្រRichard de Grijs បានលើកឡើងថា ការស្នាក់នៅយូរនៅអវកាស បង្ហាញថា ចិនកំពុងពង្រឹងសមត្ថភាពរបស់ខ្លួន ទាំងក្នុងការរស់នៅរយៈពេលវែងលើអវកាស និងការស្រាវជ្រាវអវកាសជ្រៅ។
កាលពីឆ្នាំ២០២៤ យានChang’e-6 របស់ចិន បាននាំយកសំណាកថ្មពីផ្នែកឆ្ងាយនៃព្រះចន្ទមកកាន់ផែនដីជាលើកដំបូង។ ខណៈនៅចុងឆ្នាំនេះ ចិនគ្រោងធ្វើតេស្តហោះហើរយាន Mengzhou ដែលត្រូវបានរចនាឡើងសម្រាប់ដឹកអវកាសយានិកទៅកាន់ព្រះចន្ទ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ BBC