[ស៊ីដនី]៖ សកម្មជនជនជាតិអូស្ត្រាលីដែលត្រូវបានអុីស្រាអែលឃុំខ្លួន អំឡុងពេលព្យាយាមដឹកនាំក្បួនទូកជំនួយ ទៅកាន់តំបន់ហ្គាហ្សា បានធ្វើដំណើរត្រឡប់មកដល់ស្រុកកំណើតវិញហើយ។ ភ្លាមៗពេលមកដល់ ក្រុមអ្នករៀបចំកម្មវិធី និងសកម្មជនបានចេញមុខចោទប្រកាន់កងកម្លាំងអុីស្រាអែលពីបទធ្វើបាប រំលោភបំពានផ្លូវភេទ និងវាយដំយ៉ាងឃោរឃៅ ដែលបានបណ្តាលឱ្យអ្នកជាប់ឃុំមួយចំនួនត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាមិញ ខាងសេវាពន្ធនាគាររបស់អុីស្រាអែលបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Reuters ក៏មិនទាន់អាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបាននៅឡើយទេ។ កាលពីសប្តាហ៍មុន កងកម្លាំងអុីស្រាអែលបានស្ទាក់ចាប់ក្បួនទូកសរុបចំនួន ៥០គ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ដើម្បីរារាំងមិនឱ្យនាំយកសម្ភារៈជំនួយទៅកាន់តំបន់ហ្គាហ្សា។ ក្នុងចំណោមអ្នកស្ម័គ្រចិត្តប្រមាណ ៤៣០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នា មានជនជាតិអូស្ត្រាលីចំនួន ១១នាក់ស្ថិតនៅលើទូកទាំងនោះដែរ។ សកម្មជនម្នាក់បានធ្វើដំណើរមកដល់ទីក្រុងមែលប៊ន កាលពីល្ងាចថ្ងៃអាទិត្យ ចំណែកឯសកម្មជនផ្សេងទៀតបានមកដល់ទីក្រុងស៊ីដនី មែលប៊ន និងប្រ៊ីសបេន ជាបន្តបន្ទាប់កាលពីថ្ងៃចន្ទ។

លោកស្រី Juliet Lamont សកម្មជន និងជាអ្នកផលិតខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលី បានរៀបរាប់ប្រាប់ Reuters ទាំងក្តុកក្តួលកាលពីថ្ងៃចន្ទថា លោកស្រីត្រូវបានគេអូសទាញ រំលោភបំពានផ្លូវភេទ និងវាយដំរាងកាយអំឡុងពេលឃុំខ្លួន។ លោកស្រីបានបន្តថា នោះគ្រាន់តែជាការចាប់ផ្តើមនៃឋាននរកដ៏ខ្មៅងងឹតរយៈពេល ៤ថ្ងៃប៉ុណ្ណោះ។ ខ្ញុំបានសម្លឹងមើលចំកែវភ្នែករបស់មនុស្សដែលគ្មានព្រលឹងវិញ្ញាណបំផុតនៅក្នុងលោក ហើយគ្មានឃើញអ្វីបន្តិចសោះក្រៅពីភាពសាហាវឃោរឃៅ។ មនុស្សទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់។

ស្របពេលជាមួយគ្នានេះ សកម្មជនអូស្ត្រាលីម្នាក់ទៀតគឺលោក Sam Woripa Watson បានឱ្យដឹងថា លោកបានរងរបួសបាក់ឆ្អឹងជំនីរ ព្រមទាំងមានស្នាមជាំ និងដាច់រលាត់ពេញដងខ្លួន។ លោក Watson បានបន្ថែមថា លោកបានឃើញផ្ទាល់ភ្នែកនូវសកម្មជនជាច្រើននាក់ត្រូវបានគេវាយដំ បាញ់ដោយគ្រាប់កៅស៊ូ និងគប់គ្រាប់បែកផ្សែង/គ្រាប់បែកចាំង ដាក់ថែមទៀតផង។

អង្គការ Global Sumud Flotilla ដែលជាអ្នករៀបចំការដឹកជញ្ជូនជំនួយនេះ បានអះអាងថា ខ្លួនបានកត់ត្រាករណីរំលោភបំពានផ្លូវភេទយ៉ាងហោចណាស់ ១៥ករណី។ ករណីដែលធ្ងន់ធ្ងរបំផុតបានកើតឡើងនៅលើនាវាដឹកជញ្ជូនយោធារបស់អុីស្រាអែល ដែលត្រូវបានកែច្នៃធ្វើជាពន្ធនាគារបណ្តោះអាសន្ន ដោយរុំព័ទ្ធទៅដោយលួសបន្លានិងកុងតឺន័រ។

ការចោទប្រកាន់ពីបទធ្វើបាប និងរំលោភបំពានទាំងនេះ បានបង្កើនសម្ពាធអន្តរជាតិយ៉ាងខ្លាំងលើរដ្ឋាភិបាលអុីស្រាអែល។ ស្ថានភាពកាន់តែក្តៅគគុក បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិស្តាំនិយមជ្រុលរបស់អុីស្រាអែល លោក Itamar Ben-Gvir បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដែលលោកបានជេរប្រមាថ និងគំរាមកំហែងទៅលើសកម្មជនដែលកំពុងជាប់ឃុំ ដែលទង្វើនេះបានរងការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានហៅវីដេអូនោះថាជាទង្វើគួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានជាដាច់ខាត។ កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីបានដាក់បម្រាមធ្វើដំណើរ និងទណ្ឌកម្មហិរញ្ញវត្ថុលើលោក Ben-Gvir រួចទៅហើយ ចំពោះបទញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters