[ម៉ានីល]៖ ប្រមុខការពារជាតិហ្វីលីពីនបានប្តេជ្ញាថា លោកនឹងបន្តបំពេញកាតព្វកិច្ចការពារជាតិ ទោះបីជាត្រូវប្រឈមមុខនឹង «អំពើអាក្រក់» របស់ចិនក៏ដោយ។ ការលើកឡើងនេះបានធ្វើឡើងកាលពីថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មលើរូបលោក ក្រោមហេតុផលថា លោកបានធ្វើ ការកត់សម្គាល់ខុសឆ្គង ម្តងហើយម្តងទៀត។

ទំនាក់ទំនងរវាងចិន និងហ្វីលីពីន (ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក) បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr ទីក្រុងម៉ានីលបានបដិសេធមិនព្រមទន់ជ្រាយចំពោះអ្វីដែលខ្លួនមើលឃើញថាជា ការឈ្លានពានរបស់ចិន ឡើយ។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបានចោទប្រកាន់ហ្វីលីពីនវិញថា បានរំលោភបំពានដែនទឹករបស់ខ្លួនម្តងហើយម្តងទៀត នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើទណ្ឌកម្មរបស់ចិនថា នោះហើយជាអ្វីដែលពួកគេតែងតែធ្វើចំពោះអ្នកដែលនិយាយការពិត ប្រឆាំងនឹងការបោកប្រាស់របស់ពួកគេ។ ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ច និងគាំទ្រជាតិមាតុភូមិរបស់យើង នៅចំពោះមុខអំពើអាក្រក់ដែលពួកគេកំពុងប្រព្រឹត្តនៅទីនេះ និងនៅក្នុងដែនសមុទ្ររបស់យើង។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានរិះគន់លោក Teodoro នៅក្នុងសន្និសីទសារព័ត៌មានថា កំពុងប្រើប្រាស់ ល្បិចកលដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងបំភ្លៃការពិត។ លោកបន្ថែមថា អាកប្បកិរិយាមិនទទួលខុសត្រូវរបស់មន្ត្រីមួយក្រុមតូចដូចជារូបលោកនេះហើយ ដែលនាំឱ្យជម្លោះរវាងចិន និងហ្វីលីពីនកាន់តែរីកធំឡើង។

កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើលោក Teodoro និងសាច់ញាតិជិតស្និទ្ធ ដោយចោទប្រកាន់ថា ការអត្ថាធិប្បាយរបស់លោកបានបំផ្លាញផលប្រយោជន៍ស្របច្បាប់របស់ចិន និងចំណងមិត្តភាពទ្វេភាគី។ ទោះជាយ៉ាងណា យោធាហ្វីលីពីនបានចេញមុខមកកាតព្វកិច្ចការពារលោក Teodoro ដោយសង្កត់ធ្ងន់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ គឺជារូបភាពឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវនៃច្បាប់អន្តរជាតិ។ ទណ្ឌកម្មរបស់ចិនគឺ «គ្មានមូលដ្ឋាន» និងជា «ការប៉ុនប៉ងបំភិតបំភ័យផ្នែកនយោបាយ»។ វិធានការនេះ នឹងមិនអាចរារាំងកងទ័ពហ្វីលីពីនក្នុងការល្បាតនៅសមុទ្រចិនខាងត្បូងឡើយ។

ក្រសួងការបរទេសហ្វីលីពីនបានចាត់ទុកទណ្ឌកម្មនេះថាជា ទង្វើមិនរាក់ទាក់ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញ និងមិនបានរួមចំណែកដល់ការកសាងទំនុកចិត្តឡើយ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានបញ្ជាក់ថា ទីក្រុងម៉ានីលនឹងស្វែងរកការពិភាក្សាជាមួយអាជ្ញាធរចិនជុំវិញបញ្ហានេះ ព្រោះហ្វីលីពីននៅតែផ្តល់អាទិភាពលើការទូត និងការសន្ទនាជាជាងការដាក់ទណ្ឌកម្ម។

 គួររំលឹកផងដែរថា លោក Teodoro មិនមែនជាមន្ត្រីបរទេសដំបូងឡើយដែលរងទណ្ឌកម្មពីចិន។ កន្លងមក ទីក្រុងប៉េកាំងធ្លាប់បានដាក់ទណ្ឌកម្មលើមន្ត្រីបរទេសល្បីៗ។ រដ្ឋមន្ត្រីការបរទេសអាមេរិក (កាលលោកនៅជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ ២០២០) ជុំវិញការរិះគន់រឿងសិទ្ធិមនុស្ស។ ប៉ុន្តែក្រោយមក ទីក្រុងប៉េកាំងបានរកដំណោះស្រាយការទូត ដើម្បីអនុញ្ញាតឱ្យលោកអាចចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Donald Trump កាលពីខែមុន។ សមាជិកសភាសហភាពអឺរ៉ុប ៥ រូប ត្រូវបានដាក់ទណ្ឌកម្មក្នុងឆ្នាំ ២០២១ ជុំវិញបញ្ហាជនជាតិមូស្លីមវីហ្គ័រ នៅស៊ីនជាំង ប៉ុន្តែទណ្ឌកម្មនេះត្រូវបានចិនដកចេញវិញកាលពីឆ្នាំមុន ដើម្បីស្តារទំនាក់ទំនងជាមួយអឺរ៉ុប។ រហូតមកដល់សប្តាហ៍នេះ ភាពតានតឹងនៅតែបន្តកើតមាន បន្ទាប់ពីហ្វីលីពីនបានចាត់វិធានការការទូតប្រឆាំងនឹងចិន ជុំវិញការរកឃើញវត្តមាន សំណង់អណ្តែតទឹកខុសច្បាប់ របស់ចិន នៅក្បែរកោះដែលមានជម្លោះ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters