ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្ហាញឥរិយាបថរឹងរូសក្នុងការគំរាមលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកាណាដា និងម៉ិកស៊ិកក៏ដោយ ក៏មានហេតុផលជាច្រើនដែលធ្វើឱ្យគេសង្ស័យថា លោកនឹងមិនអនុវត្តតាមការគំរាមកំហែងនេះឡើយ។

លោក Trump ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាណាដា-សហរដ្ឋអាមេរិក-ម៉ិកស៊ិក (CUSMA ឬ USMCA) នេះក្នុងអាណត្តិដំបូងរបស់លោក ដោយកាលនោះលោកបានអួតថាវាជា កិច្ចព្រមព្រៀងពាណិជ្ជកម្មទំនើប ទាន់សម័យ និងមានតុល្យភាពបំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ លោកបែរជាធ្វើមិនខ្វល់ចំពោះកិច្ចព្រមព្រៀងនេះទៅវិញ ដោយបណ្តោយឱ្យវាខិតជិតផុតកំណត់ និងថែមទាំងរអ៊ូរទាំប្រាប់ជំនួយការអំពីការចង់ដកខ្លួនទៀតផង។ កាលពីថ្ងៃពុធ លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក មិនចង់បន្តកិច្ចព្រមព្រៀងនេះទេ នៅពេលដែលវាត្រូវឈានដល់កាលបរិច្ឆេទត្រួតពិនិត្យឡើងវិញនៅថ្ងៃទី១ ខែកក្កដា។

ទោះជាយ៉ាងណា ការដែលលោក មិនស្វែងរកការបន្ត មិនមែនមានន័យថាជា ការបញ្ចប់ កិច្ចព្រមព្រៀងនោះទេ។ ទោះបីជាគ្មានការចុះហត្ថលេខាបន្តក៏ដោយ ក៏កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពរហូតដល់ឆ្នាំ២០៣៦ ដដែល លើកលែងតែមានប្រទេសណាមួយដាក់លិខិតជូនដំណឹងជាផ្លូវការមុនរយៈពេល ៦ខែ អំពីបំណងចង់ដកខ្លួន។ ក្រុមអ្នកចរចារបស់កាណាដា និងម៉ិកស៊ិក រំពឹងថា សហរដ្ឋអាមេរិកនឹងមិនលុបចោល CUSMA ទេ ប៉ុន្តែនឹងប្រើប្រាស់តុចរចាដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួន។ ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលជឿថាលោក Trump គ្រាន់តែគំរាមផ្អើល ប៉ុន្តែមិនដកខ្លួនពិតប្រាកដឡើយ។ ក្រុមអ្នករត់ការកាណូតដ៏មានឥទ្ធិពលតំណាងឱ្យវិស័យសេដ្ឋកិច្ចធំៗរបស់អាមេរិក កំពុងដាក់សម្ពាធឱ្យរដ្ឋបាលលោក Trump រក្សា CUSMA ទុក។ ក្នុងនោះរួមមានទាំងវិស័យផលិតកម្ម ដែលលោក Trump ធ្លាប់អះអាងថានឹងពង្រឹងតាមរយៈការដំឡើងពន្ធគយទូទាំងពិភពលោក។

ជាក់ស្តែង សមាគមអ្នកផលិតជាតិ បានចេញរបាយការណ៍កាលពីខែឧសភា ដោយកោតសរសើរថា CUSMA គឺជាសមិទ្ធិផលដ៏ធំធេងរបស់លោក Trump ក្នុងអាណត្តិទីមួយ ដែលបាននាំយកការងារ ការវិនិយោគ និងការនាំចេញកាន់តែច្រើនដល់រោងចក្រអាមេរិក ដោយហៅវាថាជា «សសរស្តម្ភនៃភាពអស្ចារ្យនៃវិស័យផលិតកម្មអាមេរិក»។ ស្របពេលដែលលោក Trump គំរាមមិនបន្តកិច្ច ព្រមព្រៀង មេដឹកនាំវិស័យកសិកម្មដែលមានឥទ្ធិពលនយោបាយខ្លាំង ក៏បានទៅជួបជុំគ្នានៅវិមានកាពីតូលដើម្បីគាំទ្រកិច្ចព្រមព្រៀងនេះដែរ។ សូម្បីតែសមាគមតំណាងឱ្យក្រុមហ៊ុនផលិតរថយន្តយក្សដូចជា General Motors, Ford និង Stellantis ក៏បានហៅ CUSMA ថាជា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតសម្រាប់ក្រុមហ៊ុនរថយន្តអាមេរិក។ ទោះបីជាវិស័យទាំងនេះចង់ឱ្យមានការកែសម្រួលលក្ខខណ្ឌខ្លះ ប៉ុន្តែគ្មានក្រុមឧស្សាហកម្មធំៗណាមួយចង់ឱ្យលុបចោលនោះឡើយ។

ថ្ងៃទី១ ខែកក្កដា គឺជាខួប ៦ឆ្នាំនៃការអនុវត្ត CUSMA ហើយក៏ជាកាលបរិច្ឆេទដែលប្រទេសទាំងបីត្រូវត្រួតពិនិត្យកិច្ចព្រមព្រៀងឡើងវិញ។ ជម្រើសនៅក្នុងការពិនិត្យនេះមានពីរគឺ យល់ព្រមបន្តសុពលភាព ១៦ឆ្នាំបន្ថែមទៀត និងធ្វើការពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ រហូតដល់ផុតកំណត់ ឬរហូតដល់មានការព្រមព្រៀងគ្នាបន្ត។ កាណាដា និងម៉ិកស៊ិក សុទ្ធតែចង់បានជម្រើស យល់ព្រមបន្តសុពលភាព ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាកែសម្រួលលក្ខខណ្ឌ។ បើទោះបីជាសេតវិមានមិនទាន់ប្រកាសជំហរជាសាធារណៈ ប៉ុន្តែសហរដ្ឋអាមេរិកបានចាប់ផ្តើមចរចាផ្លូវការជាមួយម៉ិកស៊ិករួចទៅហើយ ដោយបានបញ្ចប់ការចរចាជុំទីមួយកាលពីចុងខែឧសភា និងគ្រោងធ្វើពីរជុំទៀតនៅខែកក្កដា។ នេះជាសញ្ញាបង្ហាញថា រដ្ឋបាលលោក Trump ចង់កែសម្រួលលក្ខខណ្ឌដើម្បីចំណេញជាងចង់ដកខ្លួនចេញ។

CUSMA មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចកាណាដា ព្រោះវាគ្របដណ្តប់លើទំហំពាណិជ្ជកម្មឆ្លងដែនរហូតដល់ ១,៣ ទ្រីលានដុល្លារជាមួយអាមេរិក និងជួយការពារទំនិញនាំចេញរបស់កាណាដារហូតដល់ ៩០% ពីការដំឡើងពន្ធរបស់លោក Trump។ ទោះបីជាអាមេរិកមិនទាន់មានការចរចាផ្លូវការលំដាប់ធំជាមួយកាណាដាដូចម៉ិកស៊ិក ប៉ុន្តែមន្ត្រីពាណិជ្ជកម្មកំពូលនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នាយ៉ាងសកម្ម ទាំងតាមអនឡាញ និងផ្ទាល់មុខ។ លោក Flavio Volpe ប្រធានសមាគមផលិតគ្រឿងបន្លាស់រថយន្តកាណាដា បានបង្ហើបថា ទឹកដមសំឡេងនៃការពិភាក្សាជាមួយសេតវិមានពេលនេះ មានលក្ខណៈវិជ្ជមានខុសពីការគំរាមកំហែងកាលពីឆ្នាំមុន ដោយវាស្តាប់ទៅដូចជាដៃគូដែលចង់សហការគ្នាបន្ត ជាងការត្រៀមខ្លួនលែងលះគ្នា។ កាណាដាក៏បានដាក់សំណើមួយចំនួននៅលើតុ ដើម្បីដោះស្រាយក្តីបារម្ភនានារបស់អាមេរិកផងដែរ។

បច្ចុប្បន្ន លោក Trump និងគណបក្សសាធារណរដ្ឋកំពុងជួបបញ្ហាផ្ទៃក្នុងវក់វីវ៉ាកខ្លាំងណាស់ទៅហើយ។ តួលេខចុងក្រោយបង្ហាញថា អត្រាអតិផរណារបស់អាមេរិកបានហក់ឡើងដល់ ៤,២% ក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ឆ្នាំ ខណៈដែលប្រជាប្រិយភាពរបស់លោក Trump បានធ្លាក់ចុះមកក្រោម ៤០%។ ស្ថានភាពបែបនេះកំពុងគំរាមកំហែងដល់ឱកាសរបស់គណបក្សសាធារណរដ្ឋក្នុងការរក្សាអាសនៈនៅរដ្ឋសភា និងព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខ។ សមាជិកបក្សសាធារណរដ្ឋជាច្រើនក្នុងសភា ចាប់ផ្តើមបង្ហាញជំហរប្រឆាំងនឹងលោក Trump ប្រសិនបើលោកនៅតែរុញច្រានគោលនយោបាយណាដែលធ្វើឱ្យពួកគេបាត់បង់សម្លេងឆ្នោត។ ការលុបចោល CUSMA មិនត្រឹមតែមិនផ្តល់ចំណុចវិជ្ជមានណាមួយដល់លោក Trump នោះទេ ប៉ុន្តែវានឹងធ្វើឱ្យទំនិញកាន់តែឡើងថ្លៃ និងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកដែលកំពុងចំណេញពីពាណិជ្ជកម្មសេរីនេះ។

ទោះបីជាលោក Trump មានសិទ្ធិដាក់លិខិតដកខ្លួនក្នុងរយៈពេល ៦ខែក៏ដោយ ក៏លោកមិនដែលនិយាយពាក្យថា បញ្ចប់ វានោះទេ។ មេធាវីពាណិជ្ជកម្មអន្តរជាតិ បានលើកឡើងថា នេះគ្រាន់តែជាស្ទីលដដែលៗរបស់លោក Trump ក្នុងការប្រើធម៌ក្តៅ ឬការគំរាមកំហែង ដើម្បីបង្ខំឱ្យដៃគូម្ខាងទៀតភ័យខ្លាច និងព្រមផ្តល់សម្បទានឱ្យខ្លួនក្នុងការចរចាប៉ុណ្ណោះ។  ម្យ៉ាងវិញទៀត តាមផ្លូវច្បាប់ លោក Trump មិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានអនុម័តដោយសភា ដោយគ្រាន់តែប្រើអំណាចប្រធានាធិបតីនោះឡើយ។ យោងតាមរបាយការណ៍ឆ្នាំ២០២០ របស់គណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភា បានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលអនុម័តដោយសភា ដោយគ្មានការយល់ព្រមពីសភានោះឡើយ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CBC