[ប៉េកាំង]៖ កាលពីថ្ងៃចន្ទ ប្រទេសចិនបានសម្រេចដាក់បញ្ចូលអង្គភាព និងក្រុមហ៊ុនរបស់ជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញសម្រាប់ ទំនិញប្រើប្រាស់បានពីរផ្លូវ (Dual-use items ដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា)។ ចំណាត់ការនេះនឹងរារាំងក្រុមហ៊ុនចិនមិនឱ្យលក់ទំនិញទាំងនោះទៅឱ្យភាគីជប៉ុន ដោយគ្មានការអនុញ្ញាតជាមុនឡើយ ដោយទីក្រុងប៉េកាំងបានលើកឡើងពីក្តីបារម្ភចំពោះមហិច្ឆតា ស្តារវិស័យយោធាឡើងវិញ របស់ទីក្រុងតូក្យូ។ សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា វិធានការចុងក្រោយនេះមានគោលបំណងទប់ស្កាត់ការរីកចម្រើននៃ វិស័យយោធាទម្រង់ថ្មីរបស់ជប៉ុន ក៏ដូចជាមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ។ 

ភ្លាមៗនេះ ក្រសួងការពារជាតិជប៉ុនមិនទាន់បានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ ទំនាក់ទំនងរវាងចិន និងជប៉ុនបានធ្លាក់ចុះដុនដាបតាំងពីចុងឆ្នាំមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានធ្វើការកត់សម្គាល់ដ៏រសើបពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ រួមទាំងការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការបង្កើនកញ្ចប់ថវិកាការពារជាតិ។ កត្តាទាំងនេះបានជំរុញឱ្យទីក្រុងប៉េកាំងចាប់ផ្តើមរឹតបន្តឹងការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវតាំងពីខែមករាមកម្ល៉េះ។

ទោះជាយ៉ាងណា ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ចំណាត់ការស្របច្បាប់នេះផ្ដោតគោលដៅលើតែអង្គភាពជប៉ុនមួយចំនួនតូច និងអនុវត្តចំពោះតែមុខទំនិញប្រើប្រាស់បានពីរផ្លូវប៉ុណ្ណោះ ដូច្នេះវានឹងមិនប៉ះពាល់ដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសទាំងពីរឡើយ។ ស្ថាប័នជប៉ុនដែលប្រកបអាជីវកម្មដោយស្មោះត្រង់ និងគោរពច្បាប់ មិនចាំបាច់មានការព្រួយបារម្ភនោះទេ។

ដោយឡែក នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលរបស់យើងបានដាក់លិខិតតវ៉ាយ៉ាងតឹងរ៉ឹង និងទាមទារឱ្យចិនដកវិធានការនេះចេញវិញ ដោយលោកបានចាត់ទុកចំណាត់ការរបស់ចិនថាជាអ្វីដែល មិនអាចទទួលយកបានដាច់ខាត និងគួរឱ្យសោកស្តាយជាទីបំផុត។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចិន អង្គភាពទាំង ២០ ដែលរងទណ្ឌកម្មនោះ រួមមាន វិទ្យាស្ថានជាតិសម្រាប់ការសិក្សាផ្នែកការពារជាតិរបស់ជប៉ុន ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦ របស់ក្រុមហ៊ុន Mitsubishi Heavy Industries ដែលជាអ្នកម៉ៅការការពារជាតិធំបំផុតរបស់ជប៉ុន, ក្រុមហ៊ុនផលិតមីស៊ីល និងរ៉ាដាចំនួន ៤ របស់ក្រុមហ៊ុន Mitsubishi Electric និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ២ របស់ក្រុមហ៊ុនផលិតយន្តហោះ និងនាវាមុជទឹក Kawasaki Heavy Industries។

តំណាងអ្នកនាំពាក្យរបស់ក្រុមហ៊ុន MHI និង Mitsubishi Electric បានឱ្យដឹងថា ពួកគេកំពុងវាយតម្លៃលើសេចក្តីប្រកាសនេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើវាអាចប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនក្នុងកម្រិតណានោះទេ។ ទំនិញប្រើប្រាស់បានពីរផ្លូវ រួមមាន ផលិតផល សូហ្វវែរ ឬបច្ចេកវិទ្យា ដែលមានសក្តានុពលអាចយកទៅកែច្នៃប្រើប្រាស់ក្នុងកម្មវិធីអភិវឌ្ឍន៍យោធា ឬអាវុធ។ វិធានការនេះមានប្រសិទ្ធភាពភ្លាមៗ ដោយហាមឃាត់អ្នកនាំចេញចិនមិនឱ្យលក់ទំនិញទៅឱ្យអង្គភាពទាំងនោះ ខណៈស្ថាប័ន និងបុគ្គលបរទេសក៏ត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្គត់ផ្គង់ទំនិញដែលមានប្រភពដើមពីប្រទេសចិនទៅឱ្យពួកគេផងដែរ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មចិនក៏បានដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ ផ្សេងទៀតទៅក្នុង បញ្ជីតាមដាន ក្រោមហេតុផលមិនអាចផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ចុងក្រោយ ឬគោលបំណងពិតប្រាកដនៃការប្រើប្រាស់ទំនិញ។ បញ្ជីតាមដាននេះមិនបានរារាំងពាណិជ្ជកម្មទាំងស្រុងនោះទេ ប៉ុន្តែតម្រូវឱ្យអ្នកនាំចេញចិនត្រូវដាក់ពាក្យស្នើសុំ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍វាយតម្លៃហានិភ័យ និងការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថា នឹងមិនប្រើប្រាស់ទំនិញទាំងនោះក្នុងគោលបំណងពង្រឹងកម្លាំងយោធារបស់ជប៉ុនឡើយ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters