[តូក្យូ]៖ អគ្គបញ្ជាការដ្ឋានចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន បានឱ្យដឹងថា នាវាពិឃាតកងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនទឹកភាគនិរតី ក្បែរកោះដាច់ស្រយាល អូគីណូតូរី (Okinotori) របស់ជប៉ុន កាលពីព្រឹកថ្ងៃអាទិត្យ កន្លងទៅ ខណៈកំពុងធ្វើប្រតិបត្តិការរួមគ្នាជាមួយនាវាយោធារុស្ស៊ី។

តាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងចម្រុះ កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានប្រទះឃើញនាវាចម្បាំងសរុបចំនួន ៤ គ្រឿង បើកបរនៅចម្ងាយប្រហែល ៣៣០ គីឡូម៉ែត្រ ភាគនិរតីនៃកោះអូគីណូតូរី នៅវេលាម៉ោងប្រមាណ ២ ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា (ត្រូវនឹងម៉ោង ១៧:០០ GMT ថ្ងៃទី១៨ ខែកក្កដា)។ នាវាទាំងនោះ រួមមាន នាវាពិឃាតចិនថ្នាក់ Renhai, នាវាពិឃាតចិនថ្នាក់ Luyang III, នាវាផ្គត់ផ្គង់ចិនថ្នាក់ Fuchi និងនាវាចម្បាំងរុស្ស៊ីថ្នាក់ Steregushchiy។

ក្រោយមក យោធាជប៉ុនបានបញ្ជាក់បន្ថែមថា នាវាពិឃាតថ្នាក់ Luyang III របស់ចិន បានបើកការបាញ់គ្រាប់ពិតនៅចម្ងាយប្រមាណ ១៨០ គីឡូម៉ែត្រ ភាគនិរតីនៃកោះនេះ។ អ្នកនាំពាក្យកងកម្លាំងចម្រុះជប៉ុន បានគូសបញ្ជាក់ថា នេះជាលើកដំបូងហើយដែលជប៉ុនបានទម្លាយពីសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ទោះជាយ៉ាងណា លោកបានបន្ថែមថា សកម្មភាពនេះមិនបានល្មើសនឹងច្បាប់អន្តរជាតិនោះទេ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមនាវាទាំងនេះគឺជាក្រុមនាវាដដែលដែលបានបើកឆ្លងកាត់ច្រកសមុទ្ររវាងកោះកណ្តាលអូគីណាវ៉ា និងកោះមីយ៉ាកូ ទិសដៅទៅភាគត្បូង កាលពីថ្ងៃទី១៦ ខែកក្កដា។ ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា នាវាពិឃាតរបស់ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រមូលព័ត៌មានសម្ងាត់ជុំវិញសកម្មភាពទាំងនេះ។

គួរបញ្ជាក់ថា ប្រទេសចិនតែងតែទាស់ទែងនឹងការអះអាងរបស់ជប៉ុន ដែលថាដែនទឹកជុំវិញកោះអូគីណូតូរី ជាផ្នែកនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដោយចិនលើកឡើងថា ទីនោះគ្រាន់តែជា "ថ្មប៉ប្រះទឹក" ប៉ុណ្ណោះ មិនមែនជាកោះឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងរុស្ស៊ី បានបង្កើនប្រតិបត្តិការយោធារួមគ្នាក្រោមទម្រង់ផ្លូវទឹក និងផ្លូវអាកាសជុំវិញដែនដីជប៉ុន ដែលកត្តានេះបានជំរុញឱ្យទីក្រុងតូក្យូ បង្កើនការប្រុងប្រយ័ត្ន ព្រមទាំងពង្រឹងសមត្ថភាពការពារជាតិនៅតាមខ្សែសង្វាក់កោះភាគនិរតី ចំពេលស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែមានកម្តៅ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters