[សានហ្វ្រាន់ស៊ីស្កូ]៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae-myung) បានរៀបចំកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត (AI) នៅទីក្រុងសានហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃសុក្រ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំថ្នាក់ដឹកនាំក្រុមហ៊ុនអភិវឌ្ឍន៍ AI ឈានមុខគេលើពិភពលោក និងឥស្សរជនធុរកិច្ចកំពូលៗរបស់កូរ៉េខាងត្បូង ដើម្បីពន្លឿនផែនការរបស់ទីក្រុងសេអ៊ូលក្នុងការប្រែក្លាយប្រទេសនេះទៅជា "មហាអំណាច AI ពិភពលោក"។
លោក លី បានថ្លែងថា កូរ៉េខាងត្បូងនឹងដើរតួនាទីជាអ្នកដឹកនាំឈានមុខគេឆ្ពោះទៅកាន់យុគសម័យ AI ថ្មី ដោយចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាសកល និងពង្រឹងប្រព័ន្ធអេកូឡូស៊ី AI ដ៏មានសក្តានុពលរបស់ខ្លួន ដើម្បីពង្រីកទីផ្សារប្រើប្រាស់ AI ទាំងក្នុងវិស័យឧស្សាហកម្ម និងជីវភាពប្រចាំថ្ងៃ។

មុនពេលចាប់ផ្តើមកិច្ចប្រជុំ លោកប្រធានាធិបតី លី បានជួបពិភាក្សាដាច់ដោយឡែកជាមួយនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកជាច្រើន រួមមាន លោក Jensen Huang (CEO ក្រុមហ៊ុន Nvidia) លោក Sam Altman (CEO ក្រុមហ៊ុន OpenAI) លោក Dario Amodei (CEO ក្រុមហ៊ុន Anthropic) និង លោក Hock Tan (CEO ក្រុមហ៊ុន Broadcom)។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីមេដឹកនាំធុរកិច្ចកំពូលៗរបស់កូរ៉េខាងត្បូងផងដែរ ដូចជា លោក Jay Y. Lee (ប្រធានប្រតិបត្តិ Samsung Electronics), លោក Chey Tae-won (ប្រធាន SK Group), លោក Euisun Chung (ប្រធាន Hyundai Motor Group) និងលោក Lee Hae-jin (ស្ថាបនិក Naver)។ នៅក្នុងឱកាសនោះ លោកប្រធានាធិបតី លី បានប្រកាសដាក់ចេញនូវ សេចក្តីប្រកាស AI សានហ្វ្រាន់ស៊ីស្កូ (San Francisco AI Declaration) ដើម្បីបង្ហាញពីមហិច្ឆតារបស់កូរ៉េខាងត្បូងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា ខ្ញុំចង់បង្ហាញចក្ខុវិស័យសម្រាប់អនាគតនៃ AI និងស្នើឱ្យមានកិច្ចសហប្រតិបត្តិការសកលដើម្បីប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។
កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លី ក្នុងការធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាតួអង្គស្នូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ AI សកល កើតឡើងចំពេលដែលតម្រូវការបន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រកំពុងកើនឡើងខ្ពស់លើសពីសមត្ថភាពផ្គត់ផ្គង់។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកខិតជិតក្រុមហ៊ុនផលិត semiconductor និងអង្គចងចាំ (Memory Chips) កំពូលៗរបស់កូរ៉េខាងត្បូង។
តាមការបញ្ជាក់ពីមន្ត្រីកូរ៉េខាងត្បូង មាននាយកប្រតិបត្តិ វិនិយោគិន អ្នកស្រាវជ្រាវ និងស្ថាបនិកអាជីវកម្មប្រមាណ ១៥០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ក្រុមហ៊ុនទាំងពីរបានប្រកាសពីកិច្ចសហប្រតិបត្តិការទំហំ ៥០០ ពាន់លានដុល្លារ លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI ទ្រង់ទ្រាយធំ និងបច្ចេកវិទ្យាអង្គចងចាំជំនាន់ក្រោយ។ ក្រុមហ៊ុន SK Telecom គ្រោងនឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យទំហំ ២ ជីហ្គាវ៉ាត់ (2GW) ដែលដំណើរការដោយបន្ទះឈីប Vera Rubin របស់ Nvidia និងបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ HBM4 របស់ SK Hynix ដោយគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៧។ ក្រុមហ៊ុន Anthropic បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយ Samsung Electronics និង SK Hynix។ លើសពីនេះ ក្រុមហ៊ុននេះក៏កំពុងស្វែងរកលទ្ធភាពនៃការរចនាបន្ទះឈីបផ្ទាល់ខ្លួនផងដែរ ដើម្បីដោះស្រាយបញ្ហាកង្វះខាតថាមពលកុំព្យូទ័រសម្រាប់ម៉ូដែល Claude AI របស់ខ្លួន។
លោក Chey Tae-won ប្រធាន SK Group បានគូសបញ្ជាក់ថា អតិថិជន AI កំពុងត្រូវការសមត្ថភាពអង្គចងចាំច្រើនជាងការរំពឹងទុកនាពេលកន្លងមក។ លោកបានបន្ថែមថា ទាំង Nvidia, Broadcom, Anthropic និង OpenAI សុទ្ធតែបានស្នើឱ្យមានការផ្គត់ផ្គង់បន្ទះឈីប និងថាមពលកុំព្យូទ័របន្ថែមទៀតជាបន្ទាន់ ដើម្បីទ្រទ្រង់ការអភិវឌ្ឍប្រព័ន្ធ AI ជំនាន់ក្រោយ។
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី លី ក៏បានចូលរួមក្នុងជំនួបរវាងបេឡាសោធននិវត្តន៍ជាតិកូរ៉េខាងត្បូង (NPS) និងក្រុមហ៊ុនមូលធនវិនិយោគអាមេរិក ដើម្បីទាក់ទាញទុនវិនិយោគចូលមកកាន់ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍ទាំងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រឧស្សាហកម្មដ៏មានមហិច្ឆតារបស់កូរ៉េខាងត្បូង។ កាលពីខែមុន រដ្ឋាភិបាលបានប្រកាសគម្រោងធំៗចំនួនបី ដែលមានការចូលរួមពី Samsung Electronics និង SK Hynix ក្នុងការបង្កើតចង្កោមផលិតកម្ម semiconductor, ប្រព័ន្ធអេកូឡូស៊ី AI និងមជ្ឈមណ្ឌលទិន្នន័យ ដោយមានទំហំវិនិយោគសរុបលើសពី ៥៧៦ ពាន់លានដុល្លារ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters