ប៊ែរឡាំង៖ អាជ្ញាធរអាល្លឺម៉ង់បានបង្កើនការប្រុងប្រយ័ត្នផ្នែកសន្តិសុខ បន្ទាប់ពីប៉ូលិសរកឃើញយន្តហោះដ្រូនមួយគ្រឿងផ្ទុកឧបករណ៍ផ្ទុះនៅអាកាសយានដ្ឋាន Leipzig/Halle ខណៈមន្ត្រីជាន់ខ្ពស់ព្រមានថា ឧប្បត្តិហេតុនេះអាចបង្ហាញពី កម្រិតថ្មីនៃការគំរាមកំហែង ដែលប្រទេសកំពុងប្រឈម។ បើតាមប៉ូលិសរដ្ឋ Saxony បុគ្គលិកម្នាក់បានប្រទះឃើញដ្រូនផ្ទុកគ្រឿងផ្ទុះនៅក្បែរយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Antonov របស់អ៊ុយក្រែន ក្នុងអំឡុងពេលយប់។ ភ្លាមៗនោះ ក្រុមជំនាញបំផ្ទុះគ្រាប់បែក និងមនុស្សយន្ត ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយស្ថានការណ៍ដោយសុវត្ថិភាព។

នៅពេលជាមួយគ្នានោះ វត្ថុមិនស្គាល់អត្តសញ្ញាណមួយទៀតក៏បានប៉ះទង្គិចជាមួយយន្តហោះដឹកទំនិញនៅក្បែរអាកាសយានដ្ឋានដដែល ប៉ុន្តែយន្តហោះអាចបន្តហោះហើរ និងចុះចតនៅទីក្រុង Hanover ដោយទទួលរងការខូចខាតតិចតួចប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បានចាត់ទុកហេតុការណ៍នេះថា ជាសញ្ញានៃ កម្រិតថ្មីនៃការគំរាមកំហែង ដោយបញ្ជាក់ថា វាមិនមែនជាសកម្មភាពរបស់ជនអាជីពទាប ឬអ្នកស្ម័គ្រចិត្តនោះទេ ប៉ុន្តែជាសេណារីយោនៃការគំរាមកំហែងបែប Hybrid Threat ដែលមានលក្ខណៈរៀបចំយ៉ាងមានវិជ្ជាជីវៈ។

លោកបានបន្ថែមថា ការស៊ើបអង្កេតនៅមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយ ប៉ុន្តែមិនបដិសេធលទ្ធភាពដែលអាចមានការពាក់ព័ន្ធពីមហាអំណាចបរទេស។ ចំណែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសអាល្លឺម៉ង់ លោក Oleksii Makeiev បានប្រាប់ទូរទស្សន៍ Welt TV ថា «តើវាអាចជានរណាទៀត បើមិនមែនជារុស្ស៊ី?» ខណៈរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតបនឹងការលើកឡើងនេះទេ។ អាកាសយានដ្ឋាន Leipzig/Halle ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ មានសារៈសំខាន់ខ្លាំងផ្នែកយុទ្ធសាស្ត្រ ដោយត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារយោធារបស់កងទ័ពអាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត NATO។ ទីនេះក៏ជាមូលដ្ឋានប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ Antonov របស់អ៊ុយក្រែន ដែលទទួលបន្ទុកដឹកជញ្ជូនទំនិញតាមផ្លូវអាកាសភាគច្រើនរបស់ប្រទេស ព្រមទាំងជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់របស់ក្រុមហ៊ុន DHL ផងដែរ។

អ្នកនាំពាក្យប៉ូលិសបានប្រាប់ BBC ថា ដ្រូនផ្ទុកគ្រឿងផ្ទុះត្រូវបានរកឃើញនៅជិតយន្តហោះ Antonov ដែលកំពុងចត។ ក្រុមជំនាញបានដកឧបករណ៍បំផ្ទុះចេញដោយសុវត្ថិភាព មុននឹងអនុវត្តការបំផ្ទុះគ្រប់គ្រងលើសារធាតុផ្ទុះ។ បន្ទាប់មក ផ្លូវរត់ភាគខាងជើងនៃអាកាសយានដ្ឋានត្រូវបានបើកឱ្យដំណើរការឡើងវិញ ខណៈផ្លូវរត់ភាគខាងត្បូងនៅតែបន្តបិទ។

បច្ចុប្បន្ន អាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអាល្លឺម៉ង់ កំពុងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការហោះហើររបស់យន្តហោះដ្រូនគ្មានការអនុញ្ញាតជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅជុំវិញមូលដ្ឋានយោធា អាកាសយានដ្ឋាន ស្ថានីយថាមពល កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារ។ ប៉ូលិសអាល្លឺម៉ង់ធ្លាប់ព្រមានពីលទ្ធភាពដែលសកម្មភាពទាំងនេះអាចមានការពាក់ព័ន្ធនឹងរុស្ស៊ី ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់ទាំងអស់។

លោក Peter R. Neumann សាស្ត្រាចារ្យផ្នែកសិក្សាសន្តិសុខនៃសាកលវិទ្យាល័យ King’s College London បានលើកឡើងថា ឧប្បត្តិហេតុស្រដៀងគ្នាជាមួយដ្រូនគួរឱ្យសង្ស័យនៅអាល្លឺម៉ង់ បានកើតមានជាបន្តបន្ទាប់ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែននៅឆ្នាំ២០២២។ លោកបានសរសេរនៅលើបណ្ដាញសង្គម X ថា ចាប់តាំងពីយប់មិញ សង្គ្រាមដ្រូនបានឈានដល់ទឹកដីអាល្លឺម៉ង់ ហើយវាបង្ហាញពីចំណុចខ្សោយដែលយើងបានដឹងអស់ជាច្រើនឆ្នាំមកហើយ។ ឧប្បត្តិហេតុនេះក៏បានធ្វើឱ្យគេនឹកឃើញដល់ករណីកាលពីខែកក្កដា ឆ្នាំ២០២៤ នៅពេលកញ្ចប់ទំនិញមួយបានឆាបឆេះនៅអាកាសយានដ្ឋាន Leipzig/Halle មុនពេលផ្ទុកឡើងលើយន្តហោះដឹកទំនិញរបស់ DHL។ 

អាជ្ញាធរបានសង្ស័យថា ករណីនោះអាចជាសកម្មភាពបំផ្លិចបំផ្លាញដែលពាក់ព័ន្ធនឹងរុស្ស៊ី ដោយគ្រឿងផ្ទុះត្រូវបានលាក់នៅក្នុងខ្នើយម៉ាស្សារំញ័រ និងកំណត់ពេលបំផ្ទុះដោយប្រព័ន្ធអេឡិចត្រូនិក។ ទោះជាយ៉ាងណា រុស្ស៊ីបានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធឡើយ។ កាលពីឆ្នាំមុនផងដែរ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានតុលាការអាល្លឺម៉ង់ផ្តន្ទាទោស បន្ទាប់ពីរកឃើញថាបានបញ្ជូនព័ត៌មានអំពីកាលវិភាគជើងហោះហើរ និងចលនាដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋាន Leipzig/Halle ទៅឱ្យបុគ្គលម្នាក់ដែលត្រូវបានចោទថា ធ្វើចារកម្មឱ្យទីក្រុងប៉េកាំង

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC