[កូឡុំប៊ី]៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសកូឡុំប៊ីកំពុងប្រតិបត្តិការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នកដែលអាចនៅរស់រានមានជីវិត និងកំពុងជាប់នៅក្នុងអគារ ឬក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារប្រទេសនេះកាលពីថ្ងៃចន្ទ។ តាមការបញ្ជាក់ជាផ្លូវការ មនុស្សយ៉ាងហោចណាស់ ១៨១នាក់បានស្លាប់ និងជិត ២,៦០០នាក់រងរបួស ខណៈមនុស្សប្រមាណ ២០០នាក់នៅតែបាត់ខ្លួន។ ទោះជាយ៉ាងណា តួលេខដែលប្រមូលបានពីមន្ត្រីនៅតាមតំបន់រងគ្រោះបង្ហាញថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ជាង ២៤០នាក់ នៅពេលក្រុមសង្គ្រោះបន្តរុករកតាមអគារដែលបានបាក់រលំ។
ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៧:៣៤នាទីព្រឹក ម៉ោងក្នុងតំបន់កាលពីថ្ងៃចន្ទ ហើយកម្លាំងរញ្ជួយត្រូវបានមានអារម្មណ៍យ៉ាងខ្លាំងនៅទូទាំងតំបន់ធំមួយ លាតសន្ធឹងរាប់រយម៉ាយល៍នៅភាគខាងលិចប្រទេសកូឡុំប៊ី។ ការរញ្ជួយបន្តបន្ទាប់ក៏នៅតែកើតមាននៅថ្ងៃអង្គារ ដែលបង្កការព្រួយបារម្ភថា អគារដែលរងការខូចខាតអាចប្រឈមនឹងការដួលរលំបន្ថែមទៀត។ ប្រធានាធិបតី Abelardo de la Espriella បានប្រកាសស្ថានភាពអាសន្ន ដើម្បីបើកផ្លូវឱ្យអាជ្ញាធរអាចប្រើប្រាស់ធនធាន និងកម្លាំងចាំបាច់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ និងស្តារស្ថានភាពឡើងវិញ។

ក្នុងសេចក្តីរាយការណ៍ពីទីក្រុង Pereira ដែលជាតំបន់មួយក្នុងចំណោមតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ប្រធានាធិបតី Espriella បានឱ្យដឹងថា ផ្ទះជាង ១,១០០ខ្នងត្រូវបានបំផ្លាញ ខណៈអគារជាង ៨,០០០ខ្នងទៀតរងការខូចខាត។ ប្រជាពលរដ្ឋជាច្រើនត្រូវចំណាយពេលមួយយប់នៅខាងក្រៅផ្ទះ ដោយសារផ្ទះរបស់ពួកគេបានរងការខូចខាត ឬដោយសារភ័យខ្លាចថា ការរញ្ជួយបន្តអាចបង្កឱ្យអគារដែលមានសភាពមិនរឹងមាំដួលរលំ។ នៅទូទាំងប្រទេស អគារធំៗរាប់សិបខ្នងបានដួលរលំ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នៅទីក្រុង Cali ដែលមានប្រជាជនប្រមាណ ២.២លាននាក់ មានមនុស្សយ៉ាងហោចណាស់ ៩៥នាក់បានស្លាប់។
អាជ្ញាធរបានបង្កើតទីបញ្ជាការរួមមួយ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះ។ អភិបាលក្រុង Cali លោក Alejandro Eder បាននិយាយថា មនុស្សប្រមាណ ២៣៩នាក់នៅតែជាប់នៅក្នុងអគារ ខណៈអ្នករងរបួសមានប្រមាណ ៩៤៩នាក់។ អគារចំនួន ៤៥ខ្នង ត្រូវបានរាយការណ៍ថាបានដួលរលំទាំងស្រុង ឬមួយផ្នែក។ ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភនៅមន្ទីរពេទ្យមួយក្នុងទីក្រុង ដែលជាន់ខាងលើជាច្រើនបានដួលរលំ ក្នុងនោះមានផ្នែកមួយដែលប្រើសម្រាប់ព្យាបាលកុមារ។ អ្នកជំងឺមួយចំនួនត្រូវបានជាប់នៅក្នុងអគារ ខណៈក្រុមសង្គ្រោះព្យាយាមចូលទៅកាន់តំបន់រងគ្រោះ។
នៅទីក្រុង Calima ភាគខាងជើងនៃ Cali កុមារ ៤នាក់បានស្លាប់ បន្ទាប់ពីផ្នែកមួយនៃសាលា Gimnasio Calima បានដួលរលំ។ អភិបាលក្រុង លោក Antonio Cadavid បានឱ្យដឹងថា កុមារមួយចំនួនទៀតរងរបួសធ្ងន់ ហើយកុមារសរុបប្រមាណ ៣០នាក់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព។ ដើម្បីទប់ស្កាត់ការលួចប្លន់ និងរក្សាសន្តិសុខនៅពេលមានភាពចលាចល អាជ្ញាធរបានដាក់បម្រាមគោចរចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ៦ព្រឹកថ្ងៃពុធ។
ការរញ្ជួយបន្ថែមត្រូវបានមានអារម្មណ៍នៅទីក្រុង Cali កាលពីថ្ងៃអង្គារ ហើយវាជាផ្នែកមួយនៃសកម្មភាពរញ្ជួយបន្តដែលកំពុងកើតឡើងនៅទូទាំងប្រទេស។ យោងតាមសេវាភូគព្ភសាស្ត្ររបស់កូឡុំប៊ី ការរញ្ជួយបន្តបន្ទាប់ជាង ៧០លើក បានកើតឡើងចាប់តាំងពីការរញ្ជួយដីដ៏ធំកាលពីថ្ងៃចន្ទ។ ក្នុងនោះ ការរញ្ជួយពីរលើកដែលមានកម្រិត ៣.៦ រ៉ិចទ័រ ត្រូវបានកត់ត្រានៅព្រឹកថ្ងៃអង្គារ ដោយកើតឡើងនៅ San José del Palmar និង Santander។ នៅទីក្រុង Pereira អាជ្ញាធរបានរាយការណ៍ថា មនុស្ស ៧៩នាក់បានស្លាប់។ ដើម្បីសម្រួលដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ទីក្រុងបានអនុវត្តថ្ងៃគ្មានរថយន្ត ដោយអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងទុកផ្លូវសម្រាប់រថយន្តសង្គ្រោះបន្ទាន់។
រូបភាពពីតំបន់រងគ្រោះបានបង្ហាញពីទំហំដ៏ធំនៃប្រតិបត្តិការសង្គ្រោះ ដោយមានអ្នកស្ម័គ្រចិត្តរាប់រយនាក់ចូលរួមជាមួយក្រុមជំនាញ ដើម្បីយកកម្ទេចកម្ទីចេញ និងស្វែងរកអ្នកដែលអាចនៅរស់នៅក្រោមគំនរបាក់បែក។ អ្នករស់នៅក្នុងតំបន់ឧស្សាហកម្ម Parque ក្បែរអាកាសយានដ្ឋាន Pereira បានប្រាប់ BBC Mundo ថា ការធ្វើដំណើរជុំវិញកណ្តាលទីក្រុងស្ទើរតែមិនអាចទៅរួច ដោយសារអគារមួយចំនួនបានដួលរលំ និងសំណង់មួយចំនួនផ្សេងទៀតមានសភាពមិនស្ថិតស្ថេរ។ លោកបានពិពណ៌នាថា ប្រជាជនក្នុងតំបន់មានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ខណៈពួកគេនៅតែបារម្ភពីការរញ្ជួយបន្ត និងការដួលរលំរបស់អគារដែលរងការខូចខាត។
នៅទីក្រុង Manizales អភិបាលក្រុង លោក Jorge Eduardo Rojas បានឱ្យដឹងថា មនុស្ស ៥នាក់បានស្លាប់ ហើយអគារប្រមាណ ៦០ខ្នងបានដួលរលំមួយផ្នែក ឬទាំងស្រុង។ ដោយសារការរញ្ជួយបន្តនៅតែអាចកើតមាន លោក Rojas បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងជៀសវាងការចែករំលែកសារខ្សែសង្វាក់ ឬព័ត៌មាននៅលើបណ្តាញសង្គមដែលមកពីប្រភពមិនច្បាស់លាស់។ លោកបានព្រមានថា ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់អាចបង្កឱ្យមានការភ័យស្លន់ស្លោ និងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ខណៈអាជ្ញាធរកំពុងផ្តោតលើការជួយសង្គ្រោះ និងផ្តល់ព័ត៌មានត្រឹមត្រូវដល់សាធារណជន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងស្រុក ការគាំទ្រពីសហគមន៍អន្តរជាតិក៏បានចាប់ផ្តើមហូរចូលប្រទេសកូឡុំប៊ីផងដែរ។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស បានបញ្ជាក់ពីការបង្ហាញសាមគ្គីភាពជាមួយប្រជាជន និងរដ្ឋាភិបាលកូឡុំប៊ី ហើយបានឱ្យដឹងថា អង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីគាំទ្រដល់ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនេះ។ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក José Manuel Albares បានរាយការណ៍ថា ជនជាតិអេស្ប៉ាញប្រមាណ ១៦៤នាក់នៅតែបាត់ខ្លួន នៅក្នុងប្រទេសកូឡុំប៊ី។ ទោះជាយ៉ាងណា នៅពេលនោះ មិនទាន់មានរបាយការណ៍អំពីពលរដ្ឋអេស្ប៉ាញដែលស្លាប់ ឬរងរបួសឡើយ។
ជាមួយគ្នានេះ រដ្ឋបាលរបស់លោក Donald Trump បានប្រកាសផ្តល់ជំនួយជាទឹកប្រាក់ប្រមាណ ១៥.៥លានដុល្លារ ដល់ប្រទេសកូឡុំប៊ី ដើម្បីគាំទ្រដល់ការឆ្លើយតបចំពោះគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ប្រទេស អេក្វាឌ័រ ប្រេស៊ីល អែលសាល់វ៉ាឌ័រ និងវេណេស៊ុយអេឡា ក៏បានបង្ហាញការត្រៀមខ្លួនផ្តល់ជំនួយ និងការគាំទ្រដល់កូឡុំប៊ីផងដែរ។
ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តប្រតិបត្តិការទាំងយប់ទាំងថ្ងៃ អាជ្ញាធរកូឡុំប៊ីកំពុងប្រឈមនឹងការងារដ៏ធ្ងន់ធ្ងរ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត ផ្តល់ការព្យាបាលដល់អ្នករងរបួស និងវាយតម្លៃទំហំនៃការខូចខាត។ ក្រុមសង្គ្រោះក៏ត្រូវប្រឈមនឹងហានិភ័យពីការរញ្ជួយបន្ត និងអគារដែលអាចដួលរលំគ្រប់ពេល ខណៈចំនួនអ្នកស្លាប់អាចបន្តកើនឡើង នៅពេលប្រតិបត្តិការស្វែងរកត្រូវបានពង្រីកទៅកាន់តំបន់រងគ្រោះដែលមិនទាន់អាចចូលទៅដល់បាន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC