ញូវយ៉ក៖ លោក Luigi Mangione បុរសដែលត្រូវបានចោទប្រកាន់ថាបានបាញ់សម្លាប់លោក Brian Thompson អតីតនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងសុខភាព UnitedHealthcare នៅកណ្តាលទីក្រុង Manhattan ត្រូវបានគេរំពឹងថានឹងសារភាពកំហុសក្នុងសំណុំរឿងសហព័ន្ធរបស់លោក។ នេះបើយោងតាមការរាយការណ៍របស់កាសែត The New York Times កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីររូបដែលដឹងអំពីសំណុំរឿងនេះ។

ការសារភាពកំហុសដែលអាចកើតឡើង នឹងអាចបញ្ចៀសការជំនុំជម្រះក្នុងសំណុំរឿងសហព័ន្ធ ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីការសម្លាប់លោក Thompson។ ករណីនេះត្រូវបានមន្ត្រីសាធារណៈថ្កោលទោសយ៉ាងខ្លាំង ប៉ុន្តែក៏បានក្លាយជានិមិត្តរូបនៃការខកចិត្តរបស់ប្រជាជនអាមេរិកមួយចំនួន ចំពោះការអនុវត្ត និងប្រព័ន្ធធានារ៉ាប់រងសុខភាពនៅសហរដ្ឋអាមេរិក។ លោក Mangione គ្រោងនឹងបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅថ្ងៃសុក្រ សម្រាប់សវនាការមួយដែលត្រូវបានស្នើសុំរួមគ្នាដោយមេធាវីការពារក្តី និងព្រះរាជអាជ្ញា។ ទោះជាយ៉ាងណា ការសារភាពកំហុសមិនទាន់ត្រូវបានធានាថានឹងកើតឡើងនោះទេ ហើយលោក Mangione នៅតែអាចផ្លាស់ប្តូរចិត្ត ឬសម្រេចចិត្តផ្សេងទៀតនៅពេលចូលសវនាការ។

The New York Times បានរាយការណ៍ថា មិនទាន់មានភាពច្បាស់លាស់ថា លោក Mangione នឹងសារភាពកំហុសចំពោះការចោទប្រកាន់ណាខ្លះឡើយ ខណៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងអាចនៅតែមានការផ្លាស់ប្តូរ ដោយសារការចរចារវាងភាគីពាក់ព័ន្ធកំពុងបន្ត។ លោកធ្លាប់បានសារភាពថា «មិនមានកំហុស» កាលពីខែមេសា ឆ្នាំ២០២៥ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងឃាតកម្ម អាវុធ និងការតាមដាន ដែលត្រូវបានដាក់ដោយព្រះរាជអាជ្ញាសហព័ន្ធនៅ Manhattan។

ក្នុងការអភិវឌ្ឍសំណុំរឿងសហព័ន្ធ ចៅក្រមសហរដ្ឋអាមេរិក Margaret Garnett បានច្រានចោលការចោទប្រកាន់មួយចំនួនពាក់ព័ន្ធនឹងឃាតកម្ម និងអាវុធ ដោយផ្អែកលើហេតុផលផ្នែកច្បាប់ ក្នុងសេចក្តីសម្រេចដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីខែមករា។ សេចក្តីសម្រេចនេះបានកាត់បន្ថយលទ្ធភាពដែលលោក Mangione អាចប្រឈមនឹងទោសប្រហារជីវិត ប៉ុន្តែប្រសិនបើត្រូវបានផ្តន្ទាទោសលើបទចោទប្រកាន់សហព័ន្ធដែលនៅសេសសល់ លោកនៅតែអាចប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានលទ្ធភាពលើកលែងទោស។ ការជំនុំជម្រះសំណុំរឿងសហព័ន្ធរបស់លោកត្រូវបានកំណត់សម្រាប់ខែមករា ឆ្នាំក្រោយ។

ជាមួយគ្នានេះ លោក Mangione ក៏កំពុងប្រឈមនឹងសំណុំរឿងដាច់ដោយឡែកមួយនៅកម្រិតរដ្ឋញូវយ៉ក។ កាលពីខែធ្នូ ឆ្នាំ២០២៤ លោកបានសារភាពថា «មិនមានកំហុស» ចំពោះបទចោទប្រកាន់ពាក់ព័ន្ធនឹងភេរវកម្ម ឃាតកម្ម អាវុធ និងការក្លែងបន្លំ ដែលដាក់ដោយការិយាល័យព្រះរាជអាជ្ញាស្រុក Manhattan លោក Alvin Bragg។ ការចោទប្រកាន់ពីបទភេរវកម្មក្នុងសំណុំរឿងរដ្ឋ ត្រូវបានចៅក្រមទម្លាក់ចោលកាលពីខែកញ្ញា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា សំណុំរឿងឃាតកម្ម និងបទចោទប្រកាន់ពាក់ព័ន្ធផ្សេងទៀតនៅតែបន្ត ហើយការជំនុំជម្រះត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា នៅតុលាការ Manhattan ក្រោមការដឹកនាំរបស់ចៅក្រម Gregory Carro។

ប្រសិនបើលោក Mangione សារភាពកំហុសក្នុងសំណុំរឿងសហព័ន្ធ លោកទំនងជានឹងព្យាយាមស្នើឱ្យតុលាការរដ្ឋទម្លាក់ការចោទប្រកាន់ឃាតកម្ម ដោយផ្អែកលើគោលការណ៍ «Double Jeopardy» ដែលជាគោលការណ៍ច្បាប់ការពារបុគ្គលមិនឱ្យត្រូវបានកាត់ទោសពីរដងចំពោះសកម្មភាពដូចគ្នា។ ប៉ុន្តែការិយាល័យរបស់លោក Bragg ត្រូវបានគេរំពឹងថានឹងប្រឆាំងនឹងការស្នើសុំនេះ ដោយអះអាងថា ការចោទប្រកាន់ឃាតកម្មនៅកម្រិតរដ្ឋមានធាតុផ្សំ និងមូលដ្ឋានច្បាប់ខុសពីការចោទប្រកាន់ក្នុងសំណុំរឿងសហព័ន្ធ។ ប្រសិនបើភាគីណាមួយមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ ក៏អាចមានការប្តឹងឧទ្ធរណ៍ជាបន្ទាន់ផងដែរ។

លោក Brian Thompson បានដឹកនាំផ្នែកធានារ៉ាប់រងរបស់ UnitedHealth Group មុនពេលត្រូវបានបាញ់សម្លាប់នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង Manhattan ដែលកំពុងរៀបចំសន្និសីទសម្រាប់វិនិយោគិនរបស់ក្រុមហ៊ុន។ ការសម្លាប់នេះ រួមទាំងការស្វែងរកជនសង្ស័យអស់រយៈពេល៥ថ្ងៃ បានក្លាយជាព័ត៌មានដ៏ធំមួយនៅទូទាំងសហរដ្ឋអាមេរិក និងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម។ ទីបំផុត លោក Mangione ត្រូវបានចាប់ខ្លួននៅរដ្ឋ Pennsylvania។ 

រហូតមកដល់ពេលនេះ តំណាងមេធាវីរបស់លោក Mangione និងការិយាល័យព្រះរាជអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Manhattan មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរបាយការណ៍អំពីការសារភាពកំហុសរបស់លោកឡើយ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters