[តៃវ៉ាន់]៖ នៅក្នុងភាពងងឹតមុនពេលព្រះអាទិត្យរះ ទាហានតៃវ៉ាន់នៅលើកោះ Penghu បានរៀបចំគ្រាប់កាំភ្លើងធំទំហំ ១០៥មម ដោយត្រួតពិនិត្យ និងផ្ទុកគ្រាប់រំសេវចូលទៅក្នុងរថក្រោះចំនួន៤។ បន្ទាប់មក ពួកគេបានរង់ចាំសញ្ញាបញ្ជា ដើម្បីចាប់ផ្តើមការបាញ់ប្រហារ ក្នុងសមយុទ្ធដែលធ្វើឡើងដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូនៃការវាយប្រហារពីចិន។ ទាហានទាំងនេះស្ថិតក្នុងចំណោមកងកម្លាំងរាប់ពាន់នាក់ដែលឈរជើងនៅលើប្រជុំកោះ Penghu ដែលមានកោះតូចៗប្រមាណ៩០ ស្ថិតនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីរបស់តៃវ៉ាន់។ ទោះជាតំបន់នេះជាគោលដៅទេសចរណ៍ល្បីដោយសារឆ្នេរខ្សាច់ និងទេសភាពសមុទ្រ ក៏ទីតាំងភូមិសាស្ត្ររបស់វាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការពារតៃវ៉ាន់។

មន្ត្រីសន្តិសុខ និងអ្នកជំនាញយោធាតៃវ៉ាន់បានព្រមានថា ប្រសិនបើចិនបើកការវាយប្រហារលើតៃវ៉ាន់ Penghu អាចក្លាយជាតំបន់មួយក្នុងចំណោមគោលដៅដំបូងៗដែលត្រូវប្រឈមនឹងការវាយប្រហារ។ មូលហេតុគឺដោយសារកោះនេះស្ថិតនៅលើផ្លូវសំខាន់ដែលកងកម្លាំងចិនអាចប្រើប្រាស់ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់។ សម្រាប់តៃវ៉ាន់ ការរក្សាការគ្រប់គ្រងលើ Penghu អាចជួយឱ្យកងកម្លាំងរបស់ខ្លួនវាយប្រហារទប់ស្កាត់កងនាវា និងកងកម្លាំងឈ្លានពានរបស់ចិន មុនពេលពួកគេទៅដល់កោះធំ។ អ្នកជំនាញមួយចំនួនយល់ថា ទីក្រុងប៉េកាំងអាចត្រូវចាត់វិធានការប្រឆាំងនឹង Penghu ឬបំផ្លាញប្រព័ន្ធមីស៊ីលរបស់តៃវ៉ាន់នៅទីនោះជាមុនសិន ដើម្បីកាត់បន្ថយការគំរាមកំហែងចំពោះកងកម្លាំងរបស់ខ្លួន។

លោក Su Tzu-yun នៃវិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខតៃវ៉ាន់ បាននិយាយថា ប្រសិនបើនាវារបស់កងទ័ពរំដោះប្រជាជនចិន ឬ PLA ឆ្លងកាត់តំបន់ជិត Penghu ដើម្បីវាយប្រហារតៃវ៉ាន់ នាវាទាំងនោះអាចប្រឈមនឹងការវាយប្រហារដោយមីស៊ីលពីកោះនេះ។ ដូច្នេះ PLA អាចត្រូវវាយប្រហារ Penghu ជាមុន មុននឹងអាចបន្តប្រតិបត្តិការវាយប្រហារលើកោះតៃវ៉ាន់។

តៃវ៉ាន់ក៏បានដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ ដូចជា មីស៊ីល Hsiung Feng III នៅលើ Penghu។ មន្ត្រីតៃវ៉ាន់ម្នាក់បានប្រាប់រ៉យទ័រក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា អាវុធទាំងនេះអាចបង្កការលំបាកដល់ PLA ក្នុងការប្រមូលផ្តុំកងកម្លាំងនៅតាមឆ្នេរសមុទ្រចិន មុនពេលចាប់ផ្តើមប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ ក្នុងសប្តាហ៍នៃសមយុទ្ធ Han Kuang កងទ័ពជើងទឹកតៃវ៉ាន់ក៏បានដាក់ពង្រាយយានបាញ់មីស៊ីល Hsiung Feng ទៅកាន់ទីតាំងនៅតាមឆ្នេរសមុទ្រ Penghu ជាលើកដំបូង ដើម្បីអនុវត្តប្រតិបត្តិការប្រឆាំងនាវា និងប្រឆាំងការចុះចតរបស់កងកម្លាំងសត្រូវ។

ក្នុងការហ្វឹកហាត់បាញ់គ្រាប់ពិតកាលពីថ្ងៃទី១០ ខែសីហា រថក្រោះចំនួន៤គ្រឿង និងរថពាសដែកបានធ្វើចលនាទៅមុខ ខណៈកាំភ្លើងធំ និងកាំភ្លើងត្បាល់បាញ់ទៅកាន់គោលដៅដែលតំណាងឱ្យកងកម្លាំងឈ្លានពានដែលព្យាយាមចុះចតនៅលើកោះ។ សមយុទ្ធនេះគឺជាផ្នែកមួយនៃការហ្វឹកហាត់ទូទាំងតៃវ៉ាន់ ដើម្បីត្រៀមទប់ស្កាត់ការចុះចតតាមផ្លូវអាកាស និងតាមសមុទ្រ។ ក្រៅពីអាវុធធុនធ្ងន់ តៃវ៉ាន់ក៏កំពុងពង្រឹងសមត្ថភាពប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ UAVs នៅ Penghu ផងដែរ។ 

យោធាតៃវ៉ាន់បានបង្កើតកងកម្លាំងដ្រូនដំបូងនៅលើកោះនេះកាលពីខែកក្កដា ហើយបានប្រើប្រាស់ UAVs ក្នុងអំឡុងសមយុទ្ធ Han Kuang។ សហរដ្ឋអាមេរិក ដែលជាដៃគូសន្តិសុខដ៏សំខាន់របស់តៃវ៉ាន់ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់ដ្រូនក្នុងការការពារកោះនេះផងដែរ។ ទីក្រុងតៃប៉ិក៏កំពុងពង្រឹងភាពធន់របស់ប្រជាជននៅ Penghu ដែលមានប្រជាជនប្រមាណ១១០,០០០នាក់។ ប្រជាពលរដ្ឋប្រមាណ១,២០០នាក់នៅលើកោះនេះបានចូលរួមក្នុងកម្មវិធីភាពធន់នៃការការពារសង្គម ដើម្បីទទួលការបណ្តុះបណ្តាលជំនាញជួយសង្គ្រោះ និងផ្តល់ជំនួយក្នុងពេលមានគ្រោះអាសន្ន រួមទាំងស្ថានភាពសង្គ្រាម។ នៅចុងឆ្នាំនេះ អ្នកចូលរួមកម្មវិធីទូទាំងតៃវ៉ាន់ត្រូវបានរំពឹងថានឹងកើនដល់ប្រមាណ២០០,០០០នាក់។

អាជ្ញាធរមូលដ្ឋានក៏កំពុងរៀបចំសម្រាប់សេណារីយ៉ូដែលចិនអាចដាក់ការបិទខ្ទប់លើតៃវ៉ាន់ ដោយធ្វើឱ្យកោះនៅឯនាយសមុទ្រដូចជា Penghu ប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់។ ទីក្រុង Magong ដែលជាមជ្ឈមណ្ឌលទីក្រុងរបស់ Penghu បានធ្វើសមយុទ្ធក្លែងធ្វើការបិទខ្ទប់ និងស្ថានភាពប្រយុទ្ធ។ អាជ្ញាធរក៏បានចុះកិច្ចព្រមព្រៀងជាមួយហាងលក់គ្រឿងទេស ឱសថស្ថាន និងក្រុមហ៊ុនសំណង់ ដើម្បីរក្សាការផ្គត់ផ្គង់ និងសមត្ថភាពជួសជុលក្នុងពេលមានវិបត្តិ។

លោក Chen Chen-chung ប្រធានរដ្ឋបាលស្រុក Huxi ដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ចំណតដឹកទំនិញ អាកាសយានដ្ឋានដែលប្រើទាំងស៊ីវិល និងយោធា និងរោងចក្រថាមពល បាននិយាយថា Penghu ទំនងជានឹងក្លាយជាតំបន់មួយក្នុងចំណោមកន្លែងដំបូងៗដែលរងការវាយប្រហារ។ លោកបានជំរុញឱ្យប្រជាពលរដ្ឋរក្សាទុកសម្ភារៈ និងស្បៀងអាហារចាំបាច់សម្រាប់ពេលមានអាសន្ន។

វិស័យឯកជនក៏ត្រូវបានចូលរួមក្នុងការរៀបចំផែនការទប់ទល់ផងដែរ។ ម្ចាស់រោងជាងរថយន្តម្នាក់ឈ្មោះ Ho Chi-hua បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរ ដើម្បីជួយជួសជុលយានយន្តយោធាក្នុងករណីមានការខូចខាត។ ក្នុងសមយុទ្ធមួយកាលពីខែសីហា បុគ្គលិករបស់លោកបានធ្វើការជាមួយទាហាន ដើម្បីអនុវត្តការជួសជុលបន្ទាន់លើរថយន្តយោធា។

លោក Ho បានទទួលស្គាល់ថា ការចូលរួមក្នុងកិច្ចការបែបនេះអាចធ្វើឱ្យអាជីវកម្មរបស់លោកក្លាយជាគោលដៅក្នុងពេលមានសង្គ្រាម ប៉ុន្តែលោកយល់ថា នេះជាផ្នែកមួយនៃការទទួលខុសត្រូវក្នុងការការពារទឹកដី និងជីវិតរបស់ប្រជាជន។ ជម្លោះរវាងចិន និងតៃវ៉ាន់ក៏មានវិមាត្រធំជាងការប្រឈមមុខគ្នានៅតំបន់ច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន និងមិនបោះបង់ចោលជម្រើសប្រើកម្លាំងដើម្បីសម្រេចគោលដៅនោះឡើយ។ 

សហរដ្ឋអាមេរិកបាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យ PLA មានសមត្ថភាពត្រៀមខ្លួនសម្រាប់ការវាយប្រហារតៃវ៉ាន់នៅឆ្នាំ២០២៧ ខណៈតៃប៉ិអះអាងថា អនាគតរបស់កោះនេះគួរតែត្រូវបានសម្រេចដោយប្រជាជនតៃវ៉ាន់។

ក្រសួងការពារជាតិចិនមិនបានឆ្លើយតបចំពោះសំណួររបស់រ៉យទ័រអំពី Penghu ទេ។ កាលពីមុន អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បានរិះគន់ផែនការរបស់តៃវ៉ាន់ក្នុងការពង្រឹងការការពារកោះទាំងនេះ ដោយចាត់ទុកថាជារឿងមិនសមហេតុផល និងព្រមានថាតៃវ៉ាន់អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើបង្កឱ្យមានសង្គ្រាម។ Penghu មានប្រវត្តិសាស្ត្រយោធាយូរមកហើយ ដោយសារទីតាំងភូមិសាស្ត្រ និងកំពង់ផែធម្មជាតិជ្រៅរបស់វា។ ក្នុងសម័យតៃវ៉ាន់ស្ថិតក្រោមអាណានិគមជប៉ុន កោះនេះក៏ធ្លាប់ជាគោលដៅនៃការវាយប្រហារតាមអាកាសរបស់សម្ព័ន្ធមិត្តនៅចុងសង្គ្រាមលោកលើកទី២។

អ្នកវិភាគមួយចំនួនជឿថា ប្រសិនបើមានជម្លោះធ្ងន់ធ្ងររវាងចិន និងតៃវ៉ាន់ ការគ្រប់គ្រង Penghu នឹងមិនមែនជារឿងងាយស្រួលសម្រាប់ PLA ឡើយ។ លោក Ian Easton អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យសង្គ្រាមកងទ័ពជើងទឹកអាមេរិក ដែលសិក្សាយ៉ាងស៊ីជម្រៅអំពីផែនការវាយប្រហាររបស់ចិនលើតៃវ៉ាន់ បានវាយតម្លៃថា ប្រសិនបើវិបត្តិធ្ងន់ធ្ងរមួយកើតឡើង Penghu អាចក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់កងកម្លាំងចិន។ សម្រាប់ប្រជាជន និងកងទ័ពនៅលើកោះនេះ ការរៀបចំការពារខ្លួនមិនមែនមានន័យថាសង្គ្រាមនឹងកើតឡើងជាក់ជាមិនខាននោះទេ ប៉ុន្តែវាបង្ហាញថា តៃវ៉ាន់កំពុងព្យាយាមធ្វើឱ្យខ្លួនត្រៀមខ្លួនបានល្អបំផុត ប្រសិនបើការប្រឈមមុខគ្នានៅច្រកសមុទ្រតៃវ៉ាន់ឈានដល់ដំណាក់កាលយោធា។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters