ថ្មីៗនេះ បង្អែម Tiramisu ដែលមានន័យជាភាសាអ៊ីតាលីថា "លើកខ្ញុំឡើង" ឬ "ធ្វើឲ្យខ្ញុំស្រស់ស្រាយ"  បានក្លាយជាបង្អែមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសនិងទូទាំងពិភពលោក។ គេសង្កេតឃើញនៅកម្ពុជាមានលក់នៅតាមហាងនានា និង លក់នៅតាមបណ្តាស្តង់នៅ Walk Street ជាច្រើនផងដែរ។ ថ្វីត្បិតតែបង្អែមនេះមានការពេញនិយមខ្លាំងក៏ពិតមែន ប៉ុន្តែប្រវត្តិដើមរបស់វា នៅតែជាប្រធានបទដ៏ចម្រូងចម្រាសរវាងតំបន់ពីរនៅប្រទេសអ៊ីតាលី គឺតំបន់ Veneto និងតំបន់ Friuli-Venezia Giulia។

បើតាមរឿងព្រេងនិទានមួយចំនួន បានលើកឡើងថា Tiramisu ត្រូវបានបង្កើតឡើងនៅ Treviso ដែលជាទីក្រុងមួយក្នុងតំបន់ Veneto នៅចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។ គេបាននិយាយតៗគ្នាថា បង្អែមនេះត្រូវបានបង្កើតឡើងដោយចុងភៅដ៏ប៉ិនប្រសប់មួយរូបនៅភោជនីយដ្ឋាន "Le Beccherie"។ Tiramisu ដើមឡើយមានរាងមូល ហើយត្រូវបានធ្វើឡើងដោយប្រើគ្រឿងផ្សំសាមញ្ញៗដូចជា៖ នំ Savoiardi (Ladyfingers), ស៊ុតលឿង, ស្ករ, ម៉ាស្កាផុន (Mascarpone), កាហ្វេ និងម្សៅកាកាវ។ គោលបំណងនៃការបង្កើតបង្អែមនេះ គឺដើម្បីផ្ដល់ថាមពលនិងភាពស្រស់ស្រាយដល់អ្នកដែលទទួលទានវា មុនពេលពួកគេត្រឡប់ទៅផ្ទះវិញ។


ប៉ុន្តែមានការជំទាស់ពីតំបន់ Friuli-Venezia Giulia ដោយ តំបន់ Friuli-Venezia Giulia ក៏បានអះអាងថាពួកគេជាកន្លែងកំណើតនៃបង្អែម Tiramisu ផងដែរ។ ពួកគេបានលើកឡើងនូវឯកសារនិងភស្តុតាងមួយចំនួនដែលបង្ហាញថាបង្អែមនេះ ត្រូវបានបង្កើតឡើងនៅទីនោះមុនទសវត្សរ៍ឆ្នាំ១៩៦០។ ការជំទាស់នេះបានធ្វើឲ្យរដ្ឋាភិបាលក្នុងតំបន់ Veneto ចេញមុខការពារភាពជាម្ចាស់របស់ខ្លួន ហើយថែមទាំងបានព្យាយាមដាក់ពាក្យស្នើសុំការការពារកម្មសិទ្ធិបញ្ញាទៅសហភាពអឺរ៉ុប (EU) ដើម្បីធានាថាមានតែបង្អែមដែលប្រើគ្រឿងផ្សំដើមប៉ុណ្ណោះ ទើបអាចហៅថា Tiramisu បាន។
បើទោះជាមានការប្រកួតប្រជែងគ្នាក៏ដោយ ក៏ប្រវត្តិដ៏ចម្រូងចម្រាសនេះបានបន្ថែមភាពទាក់ទាញដល់ Tiramisu ។ បង្អែមនេះបានវិវត្តន៍ទៅជាបង្អែមដែលមានរូបមន្តចម្រុះជាច្រើនដូចជា៖ Tiramisu ជាមួយផ្លែស្ត្រប៊ឺរី, ជាមួយស្រផ្សេងៗទៀត។ ភាពល្បីល្បាញរបស់វាបានរាលដាលពាសពេញពិភពលោក ហើយវាបានក្លាយជានិមិត្តសញ្ញាមួយនៃម្ហូបអ៊ីតាលីដ៏ឆ្ងាញ់ពិសា។


ដូច្នេះ មិនថា Tiramisu មានដើមកំណើតមកពីតំបន់ណាទេ ភាពផ្អែមល្ហែម និងភាពទន់ល្មើយនៃក្រែម នៅតែជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះដែលធ្វើឲ្យមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកចង់សាកនិងទទួលទាន។

អត្តបទ៖ តុប ឡៃហៀង