តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន នំបញ្ចុកគឺជាម្ហូបប្រពៃណីខ្មែរដ៏សំខាន់មួយ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ដោយសារ​ប្រជាប្រិយភាព​នៃ​អាហារ​ប្រពៃណី​ខ្មែរ​នេះ គេ​ក៏​តែង​តែ​ឃើញ​គេ​យក​នំបញ្ចុក​មក​ដាក់ក្នុងមុខបញ្ជីម្ហូប​ ភោជនាហារ​សម្រាប់ទទួលភ្ញៀវ​នៅ​ក្នុង​កម្មពិធី​ និង បុណ្យ​ផ្សេងៗ ដូចជាឡើងគេហដ្ឋាន, បុណ្យ​ភូមិ, បុណ្យ​ឡើង​អ្នកតា​ជាដើម។ ប្រវត្តិរបស់នំបញ្ចុកខ្មែរក៏បានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរគឺរឿង "ធ្មេញជ័យ" ឬ “ធនញ្ជ័យ”។

នំបញ្ចុក មានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរហើយបុកលាយទឹក រួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេសង្កត់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក ក្រោយមកគេហៅកាត់ៗថា នំបញ្ចុក ។

បើតាមរឿងព្រេងនិទានខ្មែរ នំបញ្ចុកមានប្រវត្តិ ទាក់ទងនឹងគូស្វាមីភរិយាអ្នកស្រែពីរនាក់ដែលរស់នៅក្នុងនគរធារាធិបតី (បច្ចុប្បន្នតំបន់ទន្លេសាប)។ ដោយសារតែរស់នៅក្នុងតំបន់ទឹកលិច ពួកគេបានដាំដុះស្រូវវារ ដែលជាប្រភេទស្រូវផ្ដល់អង្កររឹង ពណ៌ក្រហមផ្កាឈូកបន្តិច។ ដើម្បីងាយស្រួលបរិភោគ ពួកគេក៏បានបែកគំនិតយកអង្ករនេះមកធ្វើជានំសរសៃ ហើយទទួលទានជាមួយទឹកសម្លប្រហើរត្រីឆ្អើរ ដែលធ្វើពីត្រីដែលពួកគាត់រកបាននៅតំបន់នោះ។ នៅថ្ងៃមួយ អ្នកស្រែជាប្តីមានជំងឺរាគរូសបន្ទាប់ពីបរិភោគនំនេះ ព្រោះតែអង្ករត្រាំទឹកយូរ និងបន្លែស្រស់ដែលមានជាតិត្រជាក់។ ក្រោយមក អ្នកស្រែជាប្រពន្ធក៏បានបន្ថែមត្រយូងចេកជាល្បោយដើម្បីបន្សាប ហើយជំងឺក៏បានជាសះស្បើយ។ ពួកគេបានដាក់ឈ្មោះនំនោះថា «នំសរសៃស្រូវវារ»។ អ្នកស្រែទាំងពីរតែងតែប្រើម្រាមដៃចាប់នំបញ្ចុកចូលមាត់ជាទម្លាប់។
ដោយសារនំនេះមានរសជាតិឆ្ងាញ់ អ្នកភូមិក្នុងតំបន់ក៏បានមកសុំរៀនធ្វើ ហើយយូរៗទៅ ពួកគេក៏បានប្រកបរបរលក់នំនេះដើម្បីចិញ្ចឹមជីវិតនៅពេលដែលគាត់ទាំងពីរចាស់ជរា។
ថ្ងៃមួយ មានរាជកុមារមួយអង្គបានយាងកាត់តាមភូមិ ហើយបានឃើញអ្នកស្រុកចោមរោមទិញនំនេះ។ ដោយសារខ្លាចប្រឡាក់ព្រះហស្ត ព្រះអង្គមិនហ៊ានបរិភោគ។ ពេលនោះ អ្នកស្រែទាំងពីរនាក់បានទូលសុំឲ្យស្នំឯកដែលជាមេដោះរបស់រាជកុមារ ជួយបញ្ចុក។ ដោយសារតែនំនោះមានរសជាតិឆ្ងាញ់ខ្លាំងពេក រាជកុមារក៏បានបញ្ជាឲ្យសេនាទៅហៅអ្នកស្រែទាំងពីរនាក់មកធ្វើនំជូនព្រះអង្គសោយជាប្រចាំនៅក្នុងវាំង។
ចាប់តាំងពីពេលនោះមក ឈ្មោះ «នំសរសៃស្រូវវារ» ក៏ត្រូវបានគេប្ដូរមកហៅថា «នំដែលស្នំបញ្ចុក» វិញ ហើយយូរៗក្រោយមកទៀត ក៏ត្រូវបានគេហៅកាត់ៗខ្លីៗថា «នំបញ្ចុក» រហូតមកដល់សព្វថ្ងៃនេះ។

ជាទូទៅ គេបរិភោគនំបញ្ចុកជាមួយទឹកសម្លផ្សេងៗ និងមានបន្លែស្រស់ៗរោយពីលើទៅតាមចំណង់ចំណូលចិត្ត។ ទឹកសម្លដែលគេពេញនិយមរួមមាន:
-សម្លរខ្មែរ (សម្លរប្រហើរ): ធ្វើពីគ្រឿងការី និងប្រហុក ដែលមានរសជាតិប្រៃ ហិរ និងជូរតិចៗ។
-សម្លការី: ធ្វើពីខ្ទិះដូង និងគ្រឿងការី ដែលមានរសជាតិឈ្ងុយឆ្ងាញ់។
-សម្លរណាំយ៉ា (សម្លរត្រី): ធ្វើពីសាច់ត្រីកិនល្អិត។


សម្រាប់បន្លែមានដូចជា ត្រកួន ត្រយូងចេក ស្ពៃក្ដោប ត្រសក់ សណ្ដែកកួរ និងជីរគ្រប់មុខ។
ជាពិសេសនោះនំបញ្ចុកត្រូវបានចាត់ទុកជាអាហារអត្តសញ្ញាណជាតិរបស់ខ្មែរយ៉ាងសំខាន់ ដោយ នំបញ្ចុកមិនត្រឹមតែជាអាហារទេ តែក៏ជាផ្នែកមួយនៃវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។

អត្តបទ៖ តុប ឡៃហៀង