
ទឹកឃ្មុំគឺជាអាហារធម្មជាតិមួយដែលមានតម្លៃខ្ពស់ ដែលវាផលិតដោយឃ្មុំពីលម្អងផ្កាផ្សេងៗ។ វាមានរសជាតិផ្អែម និងក្លិនឈ្ងុយប្លែក ដែលតែងតែប្រើសម្រាប់បន្ថែមរសជាតិអាហារ ឬជាថ្នាំបំប៉នធម្មជាតិ។ តាំងពីសម័យបុរាណមក មនុស្សបានប្រើទឹកឃ្មុំសម្រាប់ថែរក្សាសុខភាព និងសម្រស់។ ទឹកឃ្មុំមានសារធាតុចិញ្ចឹមជាច្រើន ដូចជា វីតាមីន សារធាតុរ៉ែ អង់ស៊ីម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យរាងកាយរឹងមាំ។ ទឹកឃ្មុំមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាពមនុស្សយើងដូចជា ៖
១- ទឹកឃ្មុំជួយរក្សាតុល្យភាពរាងកាយ និងរក្សាទម្ងន់: អ្នកដែលមានបញ្ហាឈឺសន្លាក់ដៃជើង ឈីឆ្អឹងឆ្អែង សរសៃទាញញឹកញាប់ ឬរោគធាត់ក៏អាចទទួលទានទឹកឃ្មុំ ដើម្បីជួយបន្ថយជំងឺផ្សេងៗបានដែរ ។
២- មុខស្ងួតបែកស្រកា: ស្ត្រីដែលមានស្បែកមុខក្រៀមស្ងួត សូមយកស៊ុត ១គ្រាប់ គោះយកផ្នែកក្រហមលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា កូរបញ្ចូលអោយសព្វហើយលាបបំពោកលើផ្ទៃមុខទុកចោល ប្រហែល១០នាទី បន្ទាប់មក សឹមលាងសម្អាតចេញវិញដោយទឹកស្អាត។
៣- ទឹកឃ្មុំផ្សះមុនខ្យាច់លើផ្ទៃមុខ: ត្រូវអនុវត្តក្រោយពីលុបលាងមុខដោយទឹកក្តៅអ៊ុនៗ រួចជូតអោយស្ងួតបន្ទាប់មក យកចេកអំបូង មួយកំណាត់ផ្លែ កិនលាយជាមួយទឹកឃ្មុំ ហើយលាបលើផ្ទៃមុខទុកចោល ពី១០-១៥ នាទី ទើបសិមលាងចេញវិញ។ ដោយសារ ទឹកឃ្មុំមានអង់ហ្ស៊ីមអាចធ្វើអោយស្បែកមុខរបស់អ្នកមានសំណើមត្រជាក់ និងជួយបំប៉នស្បែកអោយសខ្ចីក្មេងជាងវ័យ។
៤- សក់ជំពាក់ជំពិនពិបាកថែទាំសិត: ត្រូវ សាកល្បងរូបមន្តនេះមើលក្រោយ ពីកក់សក់រួចយកទឹកឃ្មុំលាយជាមួយប្រេងអូលីវដោយមួយមុខៗ ៣ស្លាបព្រាលាយអោយសព្វសរសៃសក់ ហើយទុកចោល ៣-៥នាទី ទើបសឹមលាងចេញវិញដោយទឹកស្អាតនោះសរសៃសក់នឹងទន់ល្មើយគួរអោយស្រឡាញ់។
៥- គេងមិនលក់ :សូមយកទឹកឃ្មុំលាយជាមួយទឹកក្តៅអ៊ុនៗ ឬទឹកដោះគោដាក់កម្តៅអោយក្តៅ ហើយពិសាមុនពេលចូលគេងនោះ វានឹងជួយអោយអ្នកគេងបានលង់លក់ស្រួល។
៦- ដុសខាត់ស្បែកដោយវិធីងាយៗ: គឺគ្រាន់តែយកទឹកឃ្មុំលាយផ្សំជាមួយផ្លែប៉ោមកិនក្រឡុកបញ្ចូលគ្នាលាបអោយសព្វលើផ្ទៃមុខដោយថ្នមៗភាពគ្រើមរបស់ផ្លែប៉ោមអាចជួយកម្ចាត់កោសិកាស្បែកចាស់ចេញ ផ្លាស់កោសិកាស្បែកថ្មីឡើងមកមានភាពភ្លីថ្លា។
៧- រូបមន្តបំបាត់ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក: យកការ៉ុត ១មើមបកសំបកចេញ ហើយកិនក្រឡុកអោយម៉ដ្ឋដោយលាយផ្សំជាមួយទឹកឃ្មុំ បន្ទាប់មកលាបបំពោកអោយសព្វលើផ្ទៃមុខទុកចោលពី ៥-១០នាទី រួចហើយសឹមលុបលាង ចេញវិញ នោះស្មាមជ្រីវជ្រួញនឹងបាត់ទៅបន្តិចម្តងៗពីលើផ្ទៃមុខរបស់អ្នក។
៨ - អាការឈីកស្ងួតបំពង់ក: ដើម្បីបំបាត់អាការនេះ គ្រាន់តែផ្សំទឹកក្រូចឆ្មារ មួយផ្លែ ជាមួយទឹកឃ្មុំ ២ ទៅ៣ស្លាបព្រាបាយ និងទឹកក្តៅ ២ស្លាបព្រាបាយ ពិសាដោយ ក្រេបបន្តិចម្តងៗ ដើម្បីបំបាត់អាការឈី ក្នុងបំពង់ក។ បើពិសាមិនអស់ទេអាចយកទៅលាបមុខក៏បាន ដោយលាបទុករយៈពេល ១០-១៥ នាទីទើបសឹមលុបលាងមុខចេញវិញដោយទឹកស្អាត នោះស្បែកមុខរបស់អ្នកនឹងសរលោងតឹងណែនជាមិនខាន។

ក្រៅពីអត្ថប្រយោជន៍សុខភាព ទឹកឃ្មុំនៅតែត្រូវប្រើសម្រាប់ថែរក្សាស្បែក និងសក់។ វាជួយឲ្យស្បែកភ្លឺរលោង បន្ថយមុន និងជួយឲ្យសក់ទន់រលោង។ ប៉ុន្តែអ្នកគួរប្រុងប្រយ័ត្ន មិនគួរផ្តល់ទឹកឃ្មុំដល់ក្មេងអាយុក្រោមមួយឆ្នាំ ព្រោះអាចបណ្តាលឲ្យមានជំងឺបាក់តេរី botulinum។
សរុបមកទឹកឃ្មុំគឺជាអំណោយធម្មជាតិដ៏មានតម្លៃ ដែលផ្តល់អត្ថប្រយោជន៍ទាំងសុខភាព និងសម្រស់។ ការប្រើទឹកឃ្មុំជាប្រចាំ អាចជួយឲ្យជីវិតរីករាយ មានសុខភាពល្អ និងស្បែកស្រស់ស្អាតជានិច្ច៕
អត្ថបទ៖ កណ្ណិការ