
ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន មិនថាតូចក៏ដោយ ធំក៏ដោយ គឺជាការធ្វើដំណើរដែលមិនងាយស្រួលទេ។ វាត្រូវការអំណត់ ការទទួលខុសត្រូវខ្ពស់ និងការសម្រេចចិត្តដែលត្រឹមត្រូវជានិច្ច។ អ្នកចាប់ផ្តើមអាជីវកម្មតែងតែប្រឈមមុខនឹងការសិក្សាពីបរាជ័យ ការគិតគូរខុស និងគ្រោះថ្នាក់លើហិរញ្ញវត្ថុរបស់ខ្លួន។ ប៉ុន្តែបើអ្នកសម្រេចចិត្តបានត្រឹមត្រូវ វានឹងក្លាយជាគន្លងដ៏ល្អសម្រាប់អនាគត។ ដូច្នេះ ការប្រុងប្រយ័ត្ន និងការរៀបចំផែនការជាជំហានដ៏ចាំបាច់។ ចំណុចខាងក្រោមជា ៥ គន្លឹះសំខាន់ដែលអាចជាចង្ក្រៀងបំភ្លឺផ្លូវមុនពេលអ្នកចូលទៅក្នុងពិភពអាជីវកម្ម។
១/ មានចក្ខុវិស័យច្បាស់លាស់ (Clear Vision)
ចក្ខុវិស័យគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ មុនចាប់ផ្ដើមអាជីវកម្មមួយ អ្នកត្រូវសួរកន្លែងខ្លួនឯង៖ តើអ្នកចង់ឃើញអាជីវកម្មរបស់អ្នកនៅរយៈពេល ១ ឆ្នាំ? ៣ ឆ្នាំ? ៥ ឆ្នាំ? តើផលិតផល ឬសេវាកម្មរបស់អ្នកចង់ដោះស្រាយបញ្ហាអ្វី?តើយើងចង់បម្រើអតិថិជនប្រភេទណា?ចក្ខុវិស័យដែលច្បាស់នឹងជួយអ្នកកំណត់គោលដៅ បង្កើតផែនការយុទ្ធសាស្ត្រ និងបង្កើតភាពជឿជាក់ចំពោះអ្នកផ្ទាល់ ក្រុមការងារ និងអតិថិជន។
២/ សិក្សាទីផ្សារ និងគូប្រកួតប្រជែង
មុនពេលចាប់ផ្តើមអាជីកម្ម យើងត្រូវដឹងថា តើទីផ្សារដែលយើងចង់ចូលនោះមានសក្តានុពលយ៉ាងដូចម្តេច?ការដែលសិក្សាពីទីផ្សារជួយឲ្យអ្នករកឃើញចម្លើយជាច្រើនដូចជា៖ តម្រូវការពិតប្រាកដរបស់អតិថិជន តម្លៃទីផ្សារ អ្នកប្រកួតវាយតម្លៃ ជាពិសេសដឹងពីភាពខ្សោយនិងភាពខ្លាំងរបស់អ្នក។
៣/ គ្រប់គ្រងហិរញ្ញវត្ថុយ៉ាងមានវិន័យ
ហិរញ្ញវត្ថុគឺជាចំណុចដែលធ្វើឲ្យអាជីវកម្មរស់ ឬស្លាប់។អ្នកត្រូវចេះ កំណត់ថវិកាផ្ទាល់ខ្លួន គ្រប់គ្រងប្រាក់ចំណូលនិងចំណាយ កំណត់ថវិកាសម្រាប់បរិវត្តការ និងមើលឱកាសវិនិយោគដែលមានហានិភ័យទាប។ការចំណាយមិនត្រឹមត្រូវអាចនាំឲ្យខូចខាតយ៉ាងឆាប់រហ័ស តែការគ្រប់គ្រងល្អអាចនាំមកនូវការរីកចម្រើនរយៈពេលវែង។
៤/ សាកល្បងផលិតផល ឬសេវាកម្មរបស់អ្នក
ដើម្បីដឹងថាផលិតផល ឬសេវាកម្មរបស់អ្នកអាចលក់ចេញបានច្រើនឬអត់ ក្រៅពីការកំណត់គុណតម្លៃឲ្យសមស្របនឹងអតិថិជនដែលជាគោលដៅសម្រាប់អាជីវកម្មរបស់អ្នកហើយនោះគឺការសាកល្បងផលិតផល ឬសេវាកម្មនៃអាជីវកម្ម អ្នកអាចធ្វើជាផលិតផលបែបគំរូ (sample) ដែលមានទំហំតូច និងបរិមាណតិច ហើយឲ្យពួកគាត់សាកល្បងប្រើជាមុនសិន មុននឹងបញ្ចេញលក់ជាផ្លូវការ ដើម្បីវិភាគមើលថាមានមនុស្សច្រើនឬអត់ដែលចូលចិត្តប្រើផលិតផលទាំងនោះ។
៥/ ដោះស្រាយបញ្ហាបានល្អ និងសម្រេចចិត្តបានលឿន
ក្នុងអាជីវកម្ម គ្មានអ្វីដើរតាមផែនការដែលយើងបានរៀបចំទុកទាំងអស់នោះឡើយ។
ដូច្នេះអ្នកត្រូវមានបច្ចេកទេសដោះស្រាយបញ្ហា ការសម្រេចចិត្តលឿនពេលប្រឈមជាមួយស្ថានការណ៍បន្ទាន់ និងមិនខ្លាចបរាជ័យ តែសិក្សាពីវា។ អ្នកជោគជ័យគឺអ្នកដែលអាចពិចារណារហ័ស កែសម្រួលយុទ្ធសាស្ត្របានត្រឹមពេល និងឆ្លើយតបជាមួយឱកាស។
ដូច្នេះការចូលទៅក្នុងទីផ្សារអាជីវកម្មគឺដូចជាការឡើងភ្នំ។ ត្រូវមានផែនការ កម្លាំង ចិត្តធ្ងន់ធ្ងរ និងជឿជាក់លើខ្លួនឯង។ ប្រសិនបើអ្នកមានចក្ខុវិស័យច្បាស់ សិក្សាទីផ្សារល្អ គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ និងកសាងបណ្តាញការងារដែលមានគុណភាព អ្នកនឹងមានឱកាសធំក្នុងការឆ្លងកាត់គ្រប់ឧបសគ្គ និងទៅដល់ការជោគជ័យដែលអ្នកសង្ឃឹម។
អត្ថបទ៖ កណ្ណិការ