ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលនេះ ក្រុមគ្រួសារនីមួយៗតែងតែជួបជុំគ្នាដើម្បីរៀបចំម្ហូបអាហារយកទៅប្រគេនព្រះសង្ឃនៅឯវត្តអារាម និងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជីដូនជីដូនតាដែលបានចែកឋានទៅ។

សម្រាប់ម្ហូបអាហារ ភាគច្រើនដែលត្រូវបានរៀបចំសម្រាប់យកទៅវត្តគឺមានលក្ខណៈងាយស្រួលធ្វើ ទុកបានយូរ និងមានរសជាតិឆ្ងាញ់។ ជាក់ស្តែងម្ហូបអាហារ និងចង្ហាន់ដែលគេនិយមធ្វើសម្រាប់ពិធីបុណ្យនេះមានដូចជា៖

  • ឆាមីសួ៖ គេជឿថា ការធ្វើឆាមីសួដែលមានសរសៃវែងៗ និងល្អិត អាចជួយឱ្យដូនតាដែលកើតជាប្រេតដែលមានមាត់តូចដូចម្ជុល អាចទទួលទានបានដោយងាយស្រួល។ ឆាមីសួជាម្ហូបដ៏ពេញនិយមមួយដែលមិនអាចអវត្តមានបានឡើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
  • សម្លការី៖ សម្លការីសាច់មាន់គឺជាមុខម្ហូបមួយទៀតដែលគេនិយមធ្វើសម្រាប់ភ្ជុំបិណ្ឌ។ វាមានរសជាតិឈ្ងុយឆ្ងាញ់ ធ្វើពីគ្រឿងការី និងខ្ទិះដូង ហើយអាចទទួលទានជាមួយនឹងបាយ ឬនំប៉័ងក៏បាន។
  • ខជើងជ្រូក៖ ជាមុខម្ហូបដែលងាយស្រួលធ្វើ និងអាចទុកបានយូរ។ ម្ហូបនេះមានរសជាតិផ្អែមប្រៃឆ្ងាញ់ ហើយច្រើនតែបន្ថែមពងទាដើម្បីបង្កើនរសជាតិ។
  • ឆាគ្រឿង៖ ម្ហូបមួយនេះមានរសជាតិហឹរប្រៃផ្អែមឆ្ងាញ់ ធ្វើពីសាច់ និងបន្លែ ហើយមានក្លិនឈ្ងុយនៃគ្រឿងផ្សំខ្មែរដូចជា គល់ស្លឹកគ្រៃ រំដេង និងខ្ទឹមស។
  • ឆាផ្អែម៖ ជាម្ហូបបន្លែចម្រុះដែលត្រូវបានយកទៅធ្វើបុណ្យជាប្រចាំ។ វាមានទាំងស្ពៃក្ដោប សាច់ ស្លឹកខាត់ណា និងបន្លែជាច្រើនមុខទៀត។

ក្រៅពីម្ហូបអាហារ នំខ្មែរបុរាណក៏ជាចំណែកមួយដ៏សំខាន់ដែលត្រូវបានរៀបចំសម្រាប់ពិធីភ្ជុំបិណ្ឌផងដែរ ជាក់ស្តែងមានដូចជា៖

  • នំអន្សម (អន្សមចេក និងអន្សមជ្រូក)៖ នំអន្សម គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។ ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សម ជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ នៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។
  • នំអាកោត្នោត៖ នំនេះមានប្រភពកំណើតមកពីប្រទេសកម្ពុជា ដោយគេយកម្សៅអង្ករខ្សាយចាក់ក្នុងកន្ទោងស្លឹកចារឬស្លឹកចេក រួចចំហុយជាការស្រេច។ នំអាកោត្នោត ពិតជាពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ នាសម័យមុនរហូតមកដល់បច្ចុប្បន្ន។
  • សង់ខ្យាល្ពៅ៖ សង់ខ្យាល្ពៅ គឺជាបង្អែមដែលមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ដែលទទួលឥទ្ធិពលពីប្រទេសឥណ្ឌាបុរាណ និងកាលពីសម័យអាណាចក្រខ្មែរ។
  • នំគម៖ ជានំដែលមានរសជាតិផ្អែម ធ្វើពីម្សៅបាយដំណើប និងមានស្នូលដូងឬសណ្ដែក ហើយត្រូវបានចំហុយ។
  • នំកង៖ នំកង ជានំបុរាណខ្មែរដែលមានលក់ស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា។ នំនេះ ធ្វើឡើងដោយម្សៅអង្ករដំណើបធ្វើឱ្យទៅជារាងកងដៃ និងយកទៅបំពង នៅពេលវាឆ្អិន គេយកវាទៅប្រឡាក់ស្ករតាំងម៉ែពីក្រៅជាការស្រេច ។
  • អត្តបទ៖ តុប ឡៃហៀង