
នំអន្សម ជានំខ្មែរមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបនិយមវេចជារៀងរាល់ឆ្នាំមិនដែលខកខានក្នុងឱកាសរដូវបុណ្យចូលឆ្នាំខ្មែរ ក៏មានក្នុងពិធីបុណ្យសាសនាមួយចំនួន ជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌ មិនតែប៉ុណ្ណោះទេនៅក្នុងពិធីមង្គលការក៏គេតែងសង្កេតឃើញមានវេចនំអន្សមផងដែរ។
តាមវចនុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា អន្សមជានំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្កឹកស្រស់(ធម្មតាប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។

នំអន្សម គឺជានំប្រពៃណី របស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនិងមានប្រវត្តិ កើតមានក្នុងរាជព្រះបាទ ជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ ព្រះឥសូរ ឬ ព្រះសិវៈ ដែលតំណាងឱ្យ សសរភ្លើងឥស្វរៈ នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ ប៉ុន្តែក្រោយមកការគោរពនូវ សិវៈលិង្គ នៃផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានបោះបង់ចោល និង សាបរលាបទាំងស្រុង ដោយការយល់ឃើញថា ការមានជំនឿទៅលើរឿងប្រដាប់ភេទចំអេសចំអាស វាជារឿងមិនសមហេតុផល និង ជារឿងខ្វះសីលធម៌ផងដែរ ដូចនេះហើយ នំអន្សម នៅក្នុងប្រពៃណីរបស់កម្ពុជាត្រូវបានចាត់ទុកជានំតំណាង ឱ្យការដឹងគុណឪពុក ដែលលោកខំបីបាច់រក្សាកូនៗឱ្យធំដឹងក្ដីក្នុងលោកយើងនេះ ។

នំអន្សម មិនត្រឹមតែជានំសម្រាប់ហូបនោះទេ វាក៏ជានំមួយតំណាងឱ្យអត្តសញ្ញាណវប្បធម៌ជាតិរបស់កម្ពុជាផងដែរ ផ្សារភ្ជាប់ទៅនិង ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងការចែករំលែកអាហារទាំងអស់នេះ ជូនទៅលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ ឪពុកម្ដាយ ដែលតំណាងឱ្យការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការអប់រំ បង្រៀន ហ្វឹកហាត់ កូនចៅឱ្យទទួលបាននូវចំណេះវិជ្ជាទាំងអស់នេះ ៕
អត្ថបទដោយ៖ ថាន់ កណ្ណិការ