ផ្សិតប៉ក់ គឺជាប្រភេទផ្សិតម្យ៉ាងដែលដុះនៅតាមបណ្ដាខេត្តដែលស្ថិតនៅប៉ែកពាយព្យនៃប្រទេសកម្ពុជាជាពិសេសគឺខេត្តដែលមានព្រៃស្រោងនិងទឹកភ្លៀងធ្លាក់ច្រើន។ ផ្សិតនេះត្រូវបានរាប់បញ្ចូលជាអនុផលព្រៃឈើដ៏សំខាន់សម្រាប់ប្រជាសហគមន៍ដោយក្នុងមួយឆ្នាំៗផ្សិតប្រភេទនេះអាចផ្តល់ចំណូលដល់ប្រជាសហគមន៍រហូតទៅដល់រាប់ម៉ឺនដុល្លារ។

ចំពោះផ្សិតប្រភេទនេះភាគច្រើនត្រូវបានឈ្មួញដែលជាជនជាតិថៃប្រមូលទិញយករាប់រយគីឡូក្នុងមួយថ្ងៃៗ ដោយក្នុងមួយគីឡូមានតម្លៃចន្លោះពី ១ម៉ឺន៥ពាន់ ទៅ៤ម៉ឺនរៀល។ ពាក់ព័ន្ទទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងស្រុករហូតដល់ប្រទេសជិតខាងបែបនេះមានសំណួរចោទសួរឡើងថាតើផ្សិតនេះមានអត្ថប្រយោជន៍យ៉ាងណានិងមានលក្ខខណ្ឌក្នុងការដុះបានយ៉ាងដូចម្ដេចទើបបានជាឈ្មួញត្រូវការម៉្លេះ ?
មែនទែនទៅផ្សិតប៉ក់មានដុះចាប់ពីចុងខែមីនារហូតដល់ពាក់កណ្ដាលខែឧសភាទៅតាមទំហំទឹកភ្លៀង។ វាដុះនៅក្នុងព្រៃស្រោងកន្លែងដែលមានដើមឈើធំៗម្លប់ៗនិងនៅតាមស្មៅក្រាស់ៗដែលមានភាពសើមដោយដុះផ្ដុំគ្នាប្រញឹកជាគុម្ពៗ។ នេះបើតាមការលើកឡើងរបស់លោក សី សេត ប្រធានបណ្ដាញសហគមន៍មូលដ្ឋានទាំង១៤ នៅក្នុងតំបន់គូលេនព្រហ្មទេព។
ផ្សិតប្រភេទនេះ កើតចេញពីផេះផង់ដែលជាសំណល់នៃភ្លើងឆេះព្រៃកន្លងមកលុះត្រូវបានការស្រោចស្រពដោយដំណក់ទឹកភ្លៀងក៏កើតចេញជាផ្សិតនេះឡើងហើយផ្សិតប្រភេទនេះទៀតសោតគឺខុសពីផ្សិតធម្មតាត្រង់វាដុះនៅក្នុងដីដែលមានរាងមូលដូចពងក្រួចហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រេះឡើងលើនៅតំបន់ដែលធ្លាប់មានភ្លើងឆេះព្រៃហើយលុះត្រាតែអ្នកមានបទពិសោធន៍រកផ្សិតនេះប៉ុណ្ណោះទើបអាចរកវាឃើញ ។
ផ្សិតនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថាមានរសជាតិឆ្ងាញ់ប្លែកគឺដូចជាគ្រាប់ផ្លែខ្នុរដូច្នោះដែរហើយរាល់ទិន្នផលផ្សិតដែលប្រមូលបានគឺត្រូវឈ្មួញប្រមូលទិញយកអស់ៗតែម្ដង។ មិនត្រឹមមានតម្លៃថ្លៃនោះទេផ្សិតប៉ក់ក៏ជំនួួយសុខភាពផងដែលដូចជា៖
១.ផ្សិតប៉ក់មានសារធាតុ ប្រឆាំងនិងបាក់តេរីអាក្រក់ និងសាធាតុពុល
២.ផ្សិតប៉ក់មានសារធាតុប្រឆាំងនិងជម្ងឺមហារីក
៣.ផ្សិតប៉ក់មានសារធាតុអាចជួយដេញជាតិពុលចេញពីខ្លួន
៤.ហូបផ្សិតប៉ក់អាចជួយការពារជម្ងឺទឹកនោមផ្អែមបាន
៥.ផ្សិតប៉ក់មានគុណសម្បតិ្តបង្កើតកោសិកាដែលត្រូវបំផ្លាញពីជម្ងឺទឹកនោមផ្អែម
៦.ផ្សិតប៉ក់ជួយការពារជម្ងឺសើរស្បែករមាស់តាមដៃតាមជើង
៧.ផ្សិតប៉ក់ជួយផ្សាសរបួសដំបៅអោយបានឆាប់ផ្សះ
៨.ផ្សិតប៉ក់ជួយឃាត់ឈាម
៩.ផ្សិតប៉ក់មានវីតាមីនស៊ីនិងសារធាតុរ៉ែជួយបំប៉នថាមពលនិងជួយថែរក្សាស្បែកអោយស្រស់ថ្លា
១០.ផ្សិតប៉ក់ជួយបង្កើតអាំងតេគ័រការពាររៀងកាយ
១១.ផ្សិតប៉ក់ជួយព្យាបាលរបួសជាំនិងជាំក្នុង
១២.ផ្សិតប៉ក់មានសារធាតុដែលជួយជួសជុលកោសិកាស្បែកនិងធ្វើអោយស្បែកស្អាត
១៣.ផ្សិតប៉ក់ជួយជំរុញអោយកោសិកាស្បែកល្អ
១៤.ផ្សិតប៉ក់ជួយព្យាបាលអាការៈហើមនិងជម្ងឺរលាកស្បែក
១៥.ផ្សិតប៉ក់ជួយធ្វើអោយឈាមឆាប់រលាយរត់ស្រួល
១៦.ផ្សិតប៉ក់ជួយសម្លាប់មេរោគជួយការពារជម្ងឺផ្តាសសាយបំបាត់ក្តៅក្នុង
១៧.ផ្សិតប៉ក់ជួយការពារជម្ងឺឆ្លង
១៨.ផ្សិតប៉ក់ជាឳសថអាយុវណ្ណៈជួយជួសជុលបង្កើតកោសិកាល្អផ្សេងៗនៅក្នងរាងកាយ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា