តម្លៃប្រេងឆៅអន្តរជាតិបានបិទការជួញដូរដោយកើនឡើងជាង ១ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទ បន្ទាប់ពីពាណិជ្ជករបានវាយតម្លៃពីផលប៉ះពាល់ដែលអាចកើតមានលើលំហូរប្រេងពីប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រទេសមានទុនបម្រុងប្រេងធំជាងគេបំផុតលើពិភពលោក ក្រោយការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ដោយសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យចុងក្រោយ តម្លៃប្រេងឆៅ "Brent" សម្រាប់ការចែកចាយនាពេលអនាគត បានបិទក្នុងតម្លៃ $61.76 ក្នុងមួយធុង ពោលគឺកើនឡើង $1.01 ឬ 1.66%។ ចំណែកឯប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង $1 ឬ 1.74% ដល់តម្លៃ $58.32។

នៅការជួញដូរដែលមានភាពប្រែប្រួលខ្លាំង កាលពីព្រឹកមិញ តម្លៃប្រេងបានធ្លាក់ចុះជាង ១ដុល្លារ ប៉ុន្តែបានងើបឡើងវិញយ៉ាងរហ័សវិញនៅពេលថ្ងៃត្រង់ បន្ទាប់ពីវិនិយោគិនបានពិចារណាលើព័ត៌មានដែលថា ទីក្រុងវ៉ាស៊ីនតោននឹងចូលគ្រប់គ្រងសមាជិកអង្គការ OPEC មួយនេះ ខណៈដែលការហាមឃាត់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡានៅតែបន្តមានប្រសិទ្ធភាព។ ជាមួយគ្នានេះ វិនិយោគិនក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសកូឡុំប៊ី និងអ៊ីរ៉ង់ផងដែរ។ ការចាប់ខ្លួនលោក ម៉ាឌូរ៉ូ បានធ្វើឱ្យមានភាពមិនច្បាស់លាស់ថា តើលំហូរប្រេងរបស់វ៉េណេស៊ុយអេឡានឹងត្រូវផ្លាស់ប្តូរយ៉ាងដូចម្តេចក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យកន្លងទៅ អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC) បានសម្រេចចិត្តរក្សាទិន្នផលដដែលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ដើម្បីរក្សាតុល្យភាពទីផ្សារ ចំពេលមានការផ្គត់ផ្គង់ច្រើនលើសលប់ពី បណ្តាប្រទេសក្រៅសមាជិក OPEC។
កែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters