រុស្ស៊ីកំពុងដកកងកម្លាំងចេញពីអាកាសយានដ្ឋានមួយនៅភាគឦសានប្រទេសស៊ីរី ដើម្បីបញ្ចប់វត្តមានយោធារបស់ខ្លួននៅជ្រុងមួយនៃប្រទេសដែលរដ្ឋាភិបាលក្រុងដាម៉ាស់កំពុងព្យាយាមដណ្តើមកាន់កាប់ពីកងកម្លាំងឃឺដ នេះបើយោងតាមប្រភពព័ត៌មានស៊ីរីចំនួនប្រាំនាក់។ ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងនៅអាកាសយានដ្ឋាន នៅភាគឦសានចាប់តាំងពីឆ្នាំ២០១៩ ដែលជាការដាក់ពង្រាយតូចមួយបើប្រៀបធៀបទៅនឹងមូលដ្ឋានទ័ពអាកាសរបស់ខ្លួននិងកន្លែងកងទ័ពជើងទឹកនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសស៊ីរី ដែលពួកគេរំពឹងថានឹងរក្សាទុក។ កងកម្លាំងរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ahmed al-Sharaa បានដណ្តើមយកតំបន់ភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរីពីកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃឺដក្នុងខែនេះ ខណៈដែលទីក្រុងដាម៉ាស់មានគោលបំណងអះអាងពីសិទ្ធិអំណាចរបស់ខ្លួនលើប្រទេសទាំងមូល។ បទឈប់បាញ់ដ៏ផុយស្រួយរវាងភាគីទាំងពីរត្រូវបានពន្យារពេលនៅថ្ងៃសៅរ៍ រយៈពេល១៥ថ្ងៃ។ ប្រភពពីរក្នុងចំណោមប្រភពខាងលើបានឱ្យដឹងថាកងកម្លាំងរុស្ស៉ីបានចាប់ផ្តើមដកថយបន្តិចម្តងៗចេញពីអាកាសយានដ្ឋាន Qamishli កាលពីសប្តាហ៍មុន។ប្រភពមួយក្នុងចំណោមប្រភពខាងលើបានឱ្យដឹងថាកងកម្លាំងខ្លះត្រូវបានគេរំពឹងថានឹងចល័តទៅកាន់មូលដ្ឋានទ័ពអាកាសរបស់រុស្ស៉ីនៅភាគខាងលិចប្រទេសស៊ីរី ខណៈខ្លះទៀតនឹងត្រឡប់ទៅរុស្ស៉ីវិញ។

ប្រភពសន្តិសុខស៊ីរីមួយទៀតនៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសស៊ីរីបាននិយាយថារថយន្តយោធានិងអាវុធធុនធ្ងន់របស់រុស្ស៊ីត្រូវបានដឹកជញ្ជូនពីទីក្រុងQamishli ទៅកាន់អាកាសយានដ្ឋានយោធាHmeimim ក្នុងរយៈពេលពីរថ្ងៃនេះ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីក្រសួងការពារជាតិរុស្ស៊ីទេ សារព័ត៌មានរុស្ស៊ី បានរាយការណ៍កាលពីសប្តាហ៍ដោយដកស្រង់ប្រភពស៊ីរីមិនបញ្ចេញឈ្មោះថារដ្ឋាភិបាលស៊ីរី អាចនឹងស្នើសុំឱ្យកងកម្លាំងរុស្ស៊ីចាកចេញពីមូលដ្ឋាននៅពេលដែលខ្លួនបានរុញច្រានជនជាតិឃឺដចេញដោយសារតែគ្មានអ្វីសម្រាប់ពួកគេ ធ្វើនៅទីនោះទេ។ អ្នកកាសែត Reuters ម្នាក់បានឃើញទង់ជាតិរុស្ស៊ីនៅតែហោះហើរនៅអាកាសយានដ្ឋាន Qamishli កាលពីថ្ងៃចន្ទ ជាកន្លែងដែលយន្តហោះពីរគ្រឿងដែលមានស្លាកសញ្ញារុស្ស៊ីបានចតនៅលើផ្លូវរត់។ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី Bashar al-Assad ដែលត្រូវបានបណ្តេញចេញពីប្រទេសស៊ីរី បានបង្កើតទំនាក់ទំនងជាមួយលោក Sharaa ចាប់តាំងពីលោកបានដណ្តើមអំណាចកាលពី១៤ខែមុន។ លោក Sharaa បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំថាលោកនឹងគោរពរាល់កិច្ចព្រមព្រៀងកន្លងមកដែលបានធ្វើឡើងរវាងទីក្រុងដាម៉ាស់និងទីក្រុងមូស្គូ ដែលជាការសន្យាមួយបង្ហាញថាមូលដ្ឋានយោធាសំខាន់ពីររបស់ទីក្រុងមូស្គូក្នុងប្រទេសស៊ីរីមានសុវត្ថិភាព។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters