មូលដ្ឋានគ្រឹះនៅក្នុងពុទ្ធវាទគឺ (អរិយសច្ច ៤)

អរិយសច្ច ជាទ្រឹស្តីដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹង និងយកមកសម្តែងជាលើកដំបូងក្នុង "ធម្មចក្កប្បវត្តនសូត្រ"។ អរិយសច្ច ប្រែថា "ការពិតដ៏ខ្ពង់ខ្ពស់" ដែលមិនអាចប្រកែកបាន។ ក្នុងកំណែថ្មីថេរវាទ និងកំណែបកប្រែ ដោយអានស៊ីគៅ An Shigao អរិយសច្ច៤មានឲ្យ ការពន្យល់ន័យដូចជា៖

១. ទុក្ខសច្ច (ការពិតនៃសេចក្តីទុក្ខ)

ក្នុងចំណុចនេះ ព្រះពុទ្ធឱ្យយើង "ស្គាល់" និង "យល់" ថាជីវិតនេះមានទុក្ខនៅលាយឡំជាធម្មតា។ ទុក្ខមិនមែនមានតែការយំសោកនោះទេ ប៉ុន្តែវាគឺជាធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។

២. សមុទយសច្ច (ការពិតនៃហេតុដែលនាំឱ្យកើតទុក្ខ)

ដើម្បីដោះស្រាយទុក្ខ យើងត្រូវរក "ឫសគល់" របស់វា។ ព្រះពុទ្ធទ្រង់ចង្អុលបង្ហាញថា ហេតុនៃទុក្ខគឺ តណ្ហា (សេចក្តីប្រាថ្នាដែលគ្មានទីបញ្ចប់) ដែលមាន ៣ បែប៖

• កាមតណ្ហា៖ ចង់បាននូវរូប សំឡេង ក្លិន រស និងការប៉ះពាល់ដែលរីករាយ។

• ភវតណ្ហា៖ ចង់ក្លាយជា បែបនេះ បែបនោះ (ចង់មានបុណ្យស័ក្តិ ចង់អមតៈ)។

• វិភវតណ្ហា៖ ចង់កុំឱ្យក្លាយជា ឬចង់បដិសេធសេចក្តីពិត (ដូចជា ចង់កុំឱ្យចាស់ កុំឱ្យឈឺ)។

៣. និរោធសច្ច (ការពិតនៃសេចក្តីរលត់ទុក្ខ)

គឺជាលទ្ធផល ឬគោលដៅ។ កាលណា "ហេតុ" (តណ្ហា) ត្រូវបានលះបង់អស់ហើយ "ផល" (ទុក្ខ) ក៏នឹងរលត់ទៅដែរ។ វាគឺជាសភាពនៃចិត្តដែលស្ងប់ចាកកិលេស មិនមានការជាប់ជំពាក់ ដែលហៅថា ព្រះនិព្វាន។ វាជាសេចក្តីសុខដែលមិនប្រែប្រួល និងមិនពឹងផ្អែកលើវត្ថុខាងក្រៅ។

៤. មគ្គសច្ច (ការពិតនៃផ្លូវអនុវត្តដើម្បីរំលត់ទុក្ខ)នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។

អត្ថបទដោយ ៖ អៀង នីតា