រតនត្រ័យ ឬរតនៈ ៣ យ៉ាង (The Triple Gems)

ក្នុងពាក្យស្លោកខ្មែរជឿថា "មិនមានរតនៈណាមួយស្មើនឹងព្រះរតនត្រ័យឡើយ"។ ពាក្យថា រតនៈ ប្រែថា "កែវ" ដែលមានន័យប្រៀបធៀបទៅនឹងវត្ថុដ៏មានតម្លៃខ្ពង់ខ្ពស់បំផុត ដែលនាំមកនូវសេចក្តីត្រេកអរ និងសេចក្តីសុខដល់ម្ចាស់។ ចំណែកនៅក្នុងព្រះពុទ្ធសាសនា រតនៈមាន ៣ រួមមាន៖ ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ ។ ហេតុនេះហើយបានជាព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ត្រូវបានគេចាត់ទុកថាជា រតនៈត្រ័យ ឬកែវដ៏វិសេសវិសាលបំផុតក្នុងព្រះពុទ្ធសាសនា ព្រោះមានគុណតម្លៃអស្ចារ្យដូចខាងក្រោម៖

១. ព្រះពុទ្ធរតនៈ (The Buddha) ព្រះពុទ្ធ គឺជាអង្គព្រះសម្មាសម្ពុទ្ធ ដែលជាអ្នកត្រាស់ដឹងនូវសច្ចធម៌ដោយអង្គឯង ហើយព្រះអង្គជាមនុស្សដ៏ប្រសើរ ប្រកបដោយសិលាទិគុណ វិសុទ្ឌិគុណនិងបញ្ញាទិគុណ។ទ្រង់ជា "អ្នកដឹង អ្នកភ្ញាក់ និងអ្នកស្រស់ស្រាយ"។ ព្រះអង្គបានលះបង់នូវកិលេស (សេចក្តីសៅហ្មង) ទាំងអស់ពីក្នុងចិត្ត។

គុណសម្បត្តិសំខាន់ៗ៖

• បញ្ញាគុណ៖ បញ្ញាដែលស្គាល់នូវសេចក្តីពិតនៃធម្មជាតិ (អរិយសច្ច ៤)។

• វិសុទ្ធិគុណ៖ ភាពស្អាតបរិសុទ្ធនៃផ្លូវកាយ វាចា ចិត្ត មិនលំអៀងដោយអគតិ។

• មេត្តាករុណាគុណ៖ សេចក្តីស្រឡាញ់ និងអាណិតអាសូរដ៏ធំធេងដល់សត្វលោកទាំងអស់ដោយគ្មានរើសអើង។

២. ព្រះធម៌រតនៈ (The Dhamma) ព្រះធម៌ គឺជាពាក្យប្រដៅលើច្បាប់ធម្មជាតិដែលព្រះសម្មាសម្ពុទ្ធបានរកឃើញនិងយកមកសម្តែងប្រាប់ដល់សត្វលោកដោយបានយល់ដឹងអំពើពុទ្ឌវាទនិងធ្វើដោយមនុស្សមាននៅចិត្តស្ងប់ហើយស្គាល់មាគ៍ាទៅរកសេចក្តីសុខសាន្ត។

គុណសម្បត្តិសំខាន់ៗ៖

• ឯហិបស្សិកោ៖ ជាធម៌ដែលគួរហៅឱ្យអ្នកដទៃចូលមកមើល ឬសាកល្បងអនុវត្ត។

• អកាលិកោ៖ ជាធម៌ដែលផ្តល់ផលឱ្យភ្លាមៗនៅពេលប្រតិបត្តិ និងមិនប្រែប្រួលតាមកាលវេលា។

• ឱបនយិកោ៖ ជាធម៌ដែលគួរបង្អោនចូលមកក្នុងខ្លួន ដើម្បីអប់រំចិត្តឱ្យបានប្រសើរ។

៣. ព្រះសង្ឃរតនៈ (The Sangha) ព្រះសង្ឃ​ គឺជាសហគមន៍នៃបុគ្គលដែលបួសក្នុងពុទ្ធសាសនា ប្រតិបត្តិត្រឹមត្រូវតាមវិន័យនិងដើរតាមផ្លូវរបស់ព្រះពុទ្ធ ដែលបានស្តាប់ធម៌ រៀនសូត្រ និងអនុវត្តតាមរហូតទទួលបានលទ្ធផលជាក់ស្តែងហើយជាបុគ្គលប្រកាន់នៅសិល៍១០និងយកនៅពុទ្ធវាទមកទេសនាទូន្មានដល់ពុទ្ឌបរិសត្វ។ជាក់ស្តែង ព្រះសង្ឃជាអ្នករក្សាទុកនូវពុទ្ធវចនៈ និងផ្សព្វផ្សាយចំណេះដឹងដល់មហាជនពីជំនាន់មួយទៅជំនាន់មួយ។

គុណសម្បត្តិសំខាន់ៗ៖

• សុប្បដិបន្នោ៖ ជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រឹមត្រូវតាមគន្លងធម៌។

• បុញ្ញក្ខេត្តំ លោកស្ស៖ ជា "វាលបុណ្យ" ដ៏ប្រសើរសម្រាប់សត្វលោកក្នុងការធ្វើទាន និងសន្សំសេចក្តីល្អ។

សរុបមក ព្រះរតនត្រ័យ រួមមាន ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ គឺជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនា ដែលគ្មានរតនៈណាមួយអាចប្រៀបបាន។ ព្រះពុទ្ធជាអង្គត្រាស់ដឹង និងជាគំរូដ៏ល្អឥតខ្ចោះសម្រាប់មនុស្សលោក។ ព្រះធម៌ជាគន្លងដឹកនាំឲ្យមនុស្សយល់ដឹងពីសេចក្តីពិត និងឈានទៅរកសេចក្តីសុខពិតប្រាកដ។ ព្រះសង្ឃជាអ្នកប្រតិបត្តិតាមព្រះធម៌ និងជាវាលបុណ្យដ៏ប្រសើរ សម្រាប់សង្គមមនុស្ស។ ដូច្នេះ ការគោរព ជឿជាក់ និងអនុវត្តតាមព្រះរតនត្រ័យ គឺជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍចិត្ត ការរស់នៅប្រកបដោយគុណធម៌ និងការឈានទៅរកសេចក្តីសុខសន្តិភាពទាំងក្នុងជីវិតនេះ និងជីវិតបន្ទាប់។

អត្ថបទដោយ៖ អៀង នីតា