[ទីក្រុងតេហេរ៉ង់]៖ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយបណ្តាញសារព័ត៌មាន CNN កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងយ៉ាងច្បាស់អំពីជំហររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងជាមួយសហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា សង្គ្រាមរវាងប្រទេសទាំងពីរមិនមែនជារឿងដែល "ជៀសមិនរួច" នោះទេ ហើយអ៊ីរ៉ង់នៅតែមានបំណងចង់ទប់ស្កាត់វា បើទោះបីជាពួកគេបានត្រៀមខ្លួនរួចរាល់យ៉ាងពេញលេញសម្រាប់សេណារីយ៉ូណាមួយក៏ដោយ។

ភាពត្រៀមខ្លួន និងការព្រមាន
រដ្ឋមន្ត្រីការបរទេសរូបនេះបានថ្លែងថា៖ "ខ្ញុំមិនព្រួយបារម្ភអំពីសង្គ្រាមទេ ព្រោះយើងបានត្រៀមខ្លួនរួចរាល់ហើយ... យើងត្រៀមខ្លួនបានល្អជាងមុនសង្គ្រាម ១២ ថ្ងៃទៅទៀត"។ ទោះជាយ៉ាងណាក៏ដោយ លោកបានសម្តែងក្តីបារម្ភអំពី "ការគណនាខុស" និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលលោកចោទថាមាន "ភាគីទីបី" កំពុងព្យាយាមទាញប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យធ្លាក់ចូលក្នុងសង្គ្រាមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។
លក្ខខណ្ឌសម្រាប់ការចរចានុយក្លេអ៊ែរ
ពាក់ព័ន្ធនឹងលទ្ធភាពនៃការចរចាឡើងវិញ លោកបានទទួលស្គាល់ថា ទំនុកចិត្តរវាងប្រទេសទាំងពីរត្រូវបានបាត់បង់យ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីការដកខ្លួនរបស់អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (JCPOA) និងព្រឹត្តិការណ៍វាយប្រហារនាពេលថ្មីៗនេះ។ ទោះបីជាយ៉ាងនេះក្តី លោកបានបើកផ្លូវសម្រាប់ការចរចា ដោយយល់ស្របទៅនឹងចំណុចមួយដែលលោក Trump បានលើកឡើងគឺ "គ្មានអាវុធនុយក្លេអ៊ែរ"។ លោកបានបញ្ជាក់ថា៖ "យើងអាចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់យើង ដើម្បីធានាថាវានឹងនៅតែជាកម្មវិធីសន្តិភាពជារៀងរហូត... ជាថ្នូរមកវិញ យើងរំពឹងថានឹងមានការដកទណ្ឌកម្ម"។ លោកបានបន្ថែមថា ប្រទេសមិត្តភក្តិមួយចំនួននៅក្នុងតំបន់កំពុងដើរតួជាអ្នកសម្របសម្រួល ដើម្បីកសាងទំនុកចិត្តឡើងវិញរវាងភាគីទាំងពីរ។
បញ្ហាផ្ទៃក្នុង និងការចោទប្រកាន់លើបរទេស
នៅពេលសួរអំពីបាតុកម្មដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីដើមខែមករា រដ្ឋមន្ត្រីរូបនេះបានទទួលស្គាល់ថាមានការតវ៉ាដោយសន្តិវិធីរយៈពេល ១០ ថ្ងៃ ប៉ុន្តែលោកបានចោទប្រកាន់ថា ក្រោយមកមាន "ក្រុមភេរវករ" និងកងជីវពលដែលទទួលបានការបញ្ជាពីខាងក្រៅ ជាពិសេសគឺទីភ្នាក់ងារ Mossad របស់អ៊ីស្រាអែល បានចូលមកបង្កអំពើហិង្សា និងបាញ់ប្រហារលើកងកម្លាំងសន្តិសុខ។ លោកបានអះអាងថា រដ្ឋាភិបាលបានចាត់ទុកជនរងគ្រោះប្រមាណ ២,៥០០ នាក់ជា "ទុក្ករបុគ្គល" (Martyrs) និងបានបដិសេធថាគ្មានផែនការសម្រាប់ការប្រហារជីវិតអ្នកដែលត្រូវបានឃុំខ្លួននោះទេ។
សក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ជាចុងក្រោយ លោកបានបង្ហាញសុទិដ្ឋិនិយមថា ប្រសិនបើកិច្ចព្រមព្រៀងមួយអាចសម្រេចបាន និងមានការដកទណ្ឌកម្ម វាច្បាស់ជានឹងបើកឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងលទ្ធភាពដែលក្រុមហ៊ុនអាមេរិកដូចជា Boeing អាចចូលមកធ្វើអាជីវកម្មក្នុងវិស័យថាមពល និងដឹកជញ្ជូនរបស់អ៊ីរ៉ង់វិញ។ លោកបានបញ្ចប់ដោយការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ដើម្បីសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ទាំងមូល។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ ដកស្រង់ចេញពីកិច្ចសម្ភាសន៍របស់ CNN