កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរៀបចំពិធីអបអរសាទរខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ Black History Month នៅសេតវិមាន។ ក្នុងឱកាសនោះ លោកបានបង្ហាញមុខមន្ត្រីស្បែកខ្មៅជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក និងបានសន្យាថានឹងនាំមកនូវភាពជោគជ័យយូរអង្វែងសម្រាប់ពលរដ្ឋអាមេរិកស្បែកខ្មៅ ដើម្បីច្រានចោលការចោទប្រកាន់ថា លោកមានគំនិតរើសអើងពណ៌សម្បុរ។

ទោះបីជាលោក ត្រាំ ព្យាយាមបង្ហាញភាពវិជ្ជមានយ៉ាងណាក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍នេះបានកើតឡើងចំពេលដែលមានការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ហោះរូបភាពក្នុងគណនីបណ្ដាញសង្គមរបស់លោក ដែលបានប្រៀបធៀបអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងភរិយា ទៅនឹងសត្វស្វា។ ទោះជាមានការខឹងសម្បារពីសាធារណជន លោក ត្រាំ បានបដិសេធមិនសុំទោស ដោយទម្លាក់កំហុសទៅលើបុគ្គលិកថ្នាក់ក្រោមជាអ្នកបង្ហោះ និងអះអាងថាខ្លួនមិនបានដឹងរឿងនេះឡើយ។ 

ក្នុងពិធីដែលមានភ្ញៀវចូលរួមប្រហែល ១០០ នាក់ លោក ត្រាំ បានផ្ដល់ការសរសើរដល់ឥស្សរជនស្បែកខ្មៅល្បីៗជាច្រើន រួមមានសមាជិកព្រឹទ្ធសភាលោក Tim Scott និងលោកស្រី Alice Johnson ជាដើម។ លោកបានថ្លែងដោយមោទនភាពថា៖ «មិនចម្លែកទេ ដែលនៅឆ្នាំ ២០២៤ យើងទទួលបានសំឡេងឆ្នោតពីជនជាតិស្បែកខ្មៅ ច្រើនជាងបេក្ខជនបក្សសាធារណរដ្ឋណាទាំងអស់ក្នុងប្រវត្តិសាស្ត្រ»

ក្នុងចំណោមភ្ញៀវដែលបានឡើងលើឆាក លោកស្រី Foresail Cook (ហ្វ័រស្យែល ឃុក) ដែលជាជីដូនម្នាក់បានការពារលោក ត្រាំ យ៉ាងស្វិតស្វាញពីការរិះគន់ ដោយលើកឡើងថា លោកកំពុងធ្វើការងារបានយ៉ាងត្រឹមត្រូវក្នុងការបង្ក្រាបបទល្មើស និងរក្សាសណ្ដាប់ធ្នាប់។ លោកស្រីបាននិយាយថា៖ «ឈប់រំខានគាត់ទៅ ទុកឱ្យគាត់ធ្វើការចុះ!»

ដើម្បីបង្ហាញថាខ្លួនមិនមែនជាមនុស្សរើសអើង លោក ត្រាំ បានរំលឹកពីមិត្តភាពយូរអង្វែងជាមួយតារាល្បីៗដូចជា កីឡាករ Mike Tyson និងមេដឹកនាំសិទ្ធិស៊ីវិល Jesse Jackson។ លោកបានបញ្ជាក់ថា ទោះបីជាត្រូវពួកឆ្វេងនិយមចោទប្រកាន់យ៉ាងណាក៏ដោយ ក៏លោកនៅតែរីករាយក្នុងការជួយជ្រោមជ្រែងដល់ពលរដ្ឋស្បែកខ្មៅជានិច្ច។

លោកបានបញ្ចប់កម្មវិធីដោយពាក្យស្លោកថា៖ «រីករាយខែនៃប្រវត្តិសាស្ត្រជនជាតិស្បែកខ្មៅ រីករាយឆ្នាំប្រវត្តិសាស្ត្រ និងរីករាយសតវត្សរ៍ប្រវត្តិសាស្ត្រជនជាតិស្បែកខ្មៅ»

ប្រែសម្រួលដោយ៖ ស៊ឺម​ សមាន