បន្ទាប់ពីបទឈប់បាញ់ដែលមានការគាំទ្រដោយ សហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំមុន សមរភូមិយោធាបានផ្លាស់ប្ដូរទៅជាការប្រកួតប្រជែងផ្នែកអំណាច និងការគ្រប់គ្រងក្នុងតំបន់ផ្ទាល់។

សង្គ្រាមរយៈពេលពីរឆ្នាំបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅហ្គាហ្សា បណ្ដាលឱ្យប្រជាជនរាប់សែននាក់ផ្លាស់ទីលំនៅ និងសេដ្ឋកិច្ចជិតសូន្យ។ មេដឹកនាំ និងកងកម្លាំងជាច្រើនរបស់ហាម៉ាសត្រូវបានសម្លាប់ ឬបែកខ្ញែកទៅជាកងទ័ពព្រៃ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាសនិយាយថា ប្រជាជនហ្គាហ្សាជាង 72,000 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងអំឡុងពេលមានសង្គ្រាម។ ទោះយ៉ាងណា បួនខែក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា ហាម៉ាសកំពុងត្រឡប់មកវិញ ដោយពង្រឹងការគ្រប់គ្រងលើសន្តិសុខ ការប្រមូលពន្ធ និងសេវាសាធារណៈ។

EPA Internally displaced Palestinians walk among the ruins of the Al Tuffah neighborhood in eastern Gaza City, 11 February 2026, amid a ceasefire between Israel and Hamas. There are tents in front of a mountain of rubble.

លោកម៉ូហាម៉េដ ឌីអាប សកម្មជនម្នាក់នៅហ្គាហ្សាបាននិយាយថា "ហាម៉ាសទទួលបានការគ្រប់គ្រងឡើងវិញជាង 90% នៃតំបន់ដែលវាមានវត្តមាន"។

នៅតាមទីផ្សារ ប៉ូលីស និងមន្ត្រីសន្តិសុខត្រូវបានឃើញល្បាតជាញឹកញាប់។ អ្នកលក់ដូរខ្លះអះអាងថា ត្រូវបង់ថ្លៃសេវា700 សេកែល ស្មើនឹង225 ដុល្លារ និងពន្ធខ្ពស់ ដោយមានការគំរាមកំហែងប្រសិនបើមិនអនុវត្តតាម។ ពាណិជ្ជករដែលនាំចូលទំនិញក៏បានរាយការណ៍ពីការគ្រប់គ្រងតឹងរ៉ឹង និងការប្រើកម្លាំងលើអ្នកបដិសេធបង់ប្រាក់។ មួយចំនួនអះអាងថា ការទូទាត់ធ្វើជាសាច់ប្រាក់ ដើម្បីជៀសវាងការតាមដាន។

ចាប់តាំងពីបទឈប់បាញ់មក អាហារ និងទំនិញមូលដ្ឋានមួយចំនួនទៀតកំពុងហូរចូលទៅក្នុងហ្គាហ្សាដោយសេរីជាងមុន។ ពាណិជ្ជករសំខាន់ៗមួយចំនួនដែលមានអាជ្ញាប័ណ្ណនាំពួកគេមកពីអ៊ីស្រាអែលនិយាយថា ហាម៉ាសបានដាក់ចេញនូវការគ្រប់គ្រងយ៉ាងតឹងរ៉ឹងឡើងវិញលើការយកពន្ធលើការនាំចូល។

រដ្ឋាភិបាលហ្គាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាសចាប់តាំងពីឆ្នាំ ២០០៧។ លុយកាក់គឺមានសារៈសំខាន់ចំពោះការក្តាប់អំណាចរបស់ក្រុមនេះ៖ ដើម្បីបើកប្រាក់ខែ - និងកងទ័ពអ៊ីស្រាអែលចោទប្រកាន់ថា សម្រាប់គោលដៅចុងក្រោយរបស់ខ្លួនក្នុងការកសាងឡើងវិញនូវម៉ាស៊ីនគ្រឿងចក្រសង្គ្រាមរបស់ខ្លួន។

Reuters Three Hamas militants wearing face masks and carrying automatic weapons stand guard on a destroyed street in downtown Gaza.

លោកវរសេនីយ៍ឯក Nadav Shoshani អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា "ក្រុមហាម៉ាសចាត់ទុកបទឈប់បាញ់ជាពេលវេលាដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងយើង"។ 

កងទ័ពអ៊ីស្រាអែលនិយាយថា មានការវាយប្រហារជារៀងរាល់ថ្ងៃប្រឆាំងនឹងកងកម្លាំងរបស់ខ្លួនដោយក្រុមហាម៉ាស។ ទាហានអ៊ីស្រាអែលចំនួនបួននាក់ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។

ចំណែក ក្រុមហាម៉ាសបានចង្អុលបង្ហាញពីការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ដែលក្រសួងសុខាភិបាលហ្គាហ្សានិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦០៣ នាក់។

Reuters A patient is brought to an ambulance as he gets ready to leave Gaza for treatment abroad through the Rafah border crossing between Gaza and Egypt after it was opened by Israel on Monday for a limited number of people, in Khan Younis in the southern Gaza Strip, February 5, 2026. Two medical workers in orange are moving him to the vehicle. He's lying on a stretcher, covering his face with his left hand.

មុខមាត់នយោបាយនាពេលអនាគតក៏នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ផែនការសន្តិភាពដែលជំរុញដោយអតីតប្រធានាធិបតី Donald Trump កំណត់ឱ្យមានការដកហូតអាវុធពីហាម៉ាសជាជំហានសំខាន់មុនការកសាងឡើងវិញ។ ខណៈដែលអ្នកនាំពាក្យហាម៉ាសអះអាងថា អាចពិភាក្សាពីបញ្ហាអាវុធបាន ប៉ុន្តែការផ្ទៀងផ្ទាត់ និងការអនុវត្តនៅជាក់ស្តែងនៅតែជាបញ្ហាលំបាក។ ភាគីអ៊ីស្រាអែលវិញអះអាងថា សង្គ្រាមមិនអាចបញ្ចប់បានទេ ប្រសិនបើហាម៉ាសមិនត្រូវបានដកហូតអាវុធទាំងស្រុង។

សមរភូមិនៅហ្គាហ្សាមិនបានបញ្ចប់ជាមួយនឹងការឈប់បាញ់ទេ វាបានផ្លាស់ប្ដូរទ្រង់ទ្រាយពីការប្រយុទ្ធដោយអាវុធ ទៅជាការប្រកួតប្រជែងលើអំណាច ការគ្រប់គ្រង និងអនាគតនយោបាយរបស់តំបន់។ ខណៈដែលការកសាងឡើងវិញ និងផែនការសន្តិភាពកំពុងត្រូវពិចារណា សំណួរសំខាន់នៅតែមាន៖ តើហ្គាហ្សានឹងឈានទៅរកស្ថិរភាពពិតប្រាកដ ឬសង្គ្រាមនឹងត្រលប់មកវិញម្តងទៀត?

ប្រែសម្រួលដោយ៖ កណ្ណិការ
ប្រភព៖ BBC https://www.bbc.com/news/articles/c98g1klxnpxo