បន្ទាប់ពីបទឈប់បាញ់ដែលមានការគាំទ្រដោយ សហរដ្ឋអាមេរិក កាលពីខែតុលាឆ្នាំមុន សមរភូមិយោធាបានផ្លាស់ប្ដូរទៅជាការប្រកួតប្រជែងផ្នែកអំណាច និងការគ្រប់គ្រងក្នុងតំបន់ផ្ទាល់។

សង្គ្រាមរយៈពេលពីរឆ្នាំបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាគច្រើននៅហ្គាហ្សា បណ្ដាលឱ្យប្រជាជនរាប់សែននាក់ផ្លាស់ទីលំនៅ និងសេដ្ឋកិច្ចជិតសូន្យ។ មេដឹកនាំ និងកងកម្លាំងជាច្រើនរបស់ហាម៉ាសត្រូវបានសម្លាប់ ឬបែកខ្ញែកទៅជាកងទ័ពព្រៃ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាសនិយាយថា ប្រជាជនហ្គាហ្សាជាង 72,000 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងអំឡុងពេលមានសង្គ្រាម។ ទោះយ៉ាងណា បួនខែក្រោយបទឈប់បាញ់ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា ហាម៉ាសកំពុងត្រឡប់មកវិញ ដោយពង្រឹងការគ្រប់គ្រងលើសន្តិសុខ ការប្រមូលពន្ធ និងសេវាសាធារណៈ។

លោកម៉ូហាម៉េដ ឌីអាប សកម្មជនម្នាក់នៅហ្គាហ្សាបាននិយាយថា "ហាម៉ាសទទួលបានការគ្រប់គ្រងឡើងវិញជាង 90% នៃតំបន់ដែលវាមានវត្តមាន"។
នៅតាមទីផ្សារ ប៉ូលីស និងមន្ត្រីសន្តិសុខត្រូវបានឃើញល្បាតជាញឹកញាប់។ អ្នកលក់ដូរខ្លះអះអាងថា ត្រូវបង់ថ្លៃសេវា700 សេកែល ស្មើនឹង225 ដុល្លារ និងពន្ធខ្ពស់ ដោយមានការគំរាមកំហែងប្រសិនបើមិនអនុវត្តតាម។ ពាណិជ្ជករដែលនាំចូលទំនិញក៏បានរាយការណ៍ពីការគ្រប់គ្រងតឹងរ៉ឹង និងការប្រើកម្លាំងលើអ្នកបដិសេធបង់ប្រាក់។ មួយចំនួនអះអាងថា ការទូទាត់ធ្វើជាសាច់ប្រាក់ ដើម្បីជៀសវាងការតាមដាន។

ចាប់តាំងពីបទឈប់បាញ់មក អាហារ និងទំនិញមូលដ្ឋានមួយចំនួនទៀតកំពុងហូរចូលទៅក្នុងហ្គាហ្សាដោយសេរីជាងមុន។ ពាណិជ្ជករសំខាន់ៗមួយចំនួនដែលមានអាជ្ញាប័ណ្ណនាំពួកគេមកពីអ៊ីស្រាអែលនិយាយថា ហាម៉ាសបានដាក់ចេញនូវការគ្រប់គ្រងយ៉ាងតឹងរ៉ឹងឡើងវិញលើការយកពន្ធលើការនាំចូល។
រដ្ឋាភិបាលហ្គាហ្សាត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាសចាប់តាំងពីឆ្នាំ ២០០៧។ លុយកាក់គឺមានសារៈសំខាន់ចំពោះការក្តាប់អំណាចរបស់ក្រុមនេះ៖ ដើម្បីបើកប្រាក់ខែ - និងកងទ័ពអ៊ីស្រាអែលចោទប្រកាន់ថា សម្រាប់គោលដៅចុងក្រោយរបស់ខ្លួនក្នុងការកសាងឡើងវិញនូវម៉ាស៊ីនគ្រឿងចក្រសង្គ្រាមរបស់ខ្លួន។
លោកវរសេនីយ៍ឯក Nadav Shoshani អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា "ក្រុមហាម៉ាសចាត់ទុកបទឈប់បាញ់ជាពេលវេលាដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងយើង"។
កងទ័ពអ៊ីស្រាអែលនិយាយថា មានការវាយប្រហារជារៀងរាល់ថ្ងៃប្រឆាំងនឹងកងកម្លាំងរបស់ខ្លួនដោយក្រុមហាម៉ាស។ ទាហានអ៊ីស្រាអែលចំនួនបួននាក់ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។
ចំណែក ក្រុមហាម៉ាសបានចង្អុលបង្ហាញពីការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីស្រាអែល ដែលក្រសួងសុខាភិបាលហ្គាហ្សានិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦០៣ នាក់។
មុខមាត់នយោបាយនាពេលអនាគតក៏នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់។ ផែនការសន្តិភាពដែលជំរុញដោយអតីតប្រធានាធិបតី Donald Trump កំណត់ឱ្យមានការដកហូតអាវុធពីហាម៉ាសជាជំហានសំខាន់មុនការកសាងឡើងវិញ។ ខណៈដែលអ្នកនាំពាក្យហាម៉ាសអះអាងថា អាចពិភាក្សាពីបញ្ហាអាវុធបាន ប៉ុន្តែការផ្ទៀងផ្ទាត់ និងការអនុវត្តនៅជាក់ស្តែងនៅតែជាបញ្ហាលំបាក។ ភាគីអ៊ីស្រាអែលវិញអះអាងថា សង្គ្រាមមិនអាចបញ្ចប់បានទេ ប្រសិនបើហាម៉ាសមិនត្រូវបានដកហូតអាវុធទាំងស្រុង។
សមរភូមិនៅហ្គាហ្សាមិនបានបញ្ចប់ជាមួយនឹងការឈប់បាញ់ទេ វាបានផ្លាស់ប្ដូរទ្រង់ទ្រាយពីការប្រយុទ្ធដោយអាវុធ ទៅជាការប្រកួតប្រជែងលើអំណាច ការគ្រប់គ្រង និងអនាគតនយោបាយរបស់តំបន់។ ខណៈដែលការកសាងឡើងវិញ និងផែនការសន្តិភាពកំពុងត្រូវពិចារណា សំណួរសំខាន់នៅតែមាន៖ តើហ្គាហ្សានឹងឈានទៅរកស្ថិរភាពពិតប្រាកដ ឬសង្គ្រាមនឹងត្រលប់មកវិញម្តងទៀត?
ប្រែសម្រួលដោយ៖ កណ្ណិការ