ក្នុងករណីបំផ្ទុះគ្រាប់បែកនេះបណ្តាលឲ្យមានមន្ត្រីប៉ូលិសស្រីម្នាក់អាយុ ២៣ឆ្នាំ ត្រូវបានស្លាប់ និងមនុស្ស ២៥នាក់ទៀតរងរបួស ក្នុងការវាយប្រហារដែលអាជ្ញាធរអ៊ុយក្រែនហៅថាជា “អំពើភេរវកម្ម” នៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន។ ប៉ូលីសអ៊ុយក្រែនបានឲ្យដឹងថា មានឧបករណ៍បំផ្ទុះផលិតដោយខ្លួនឯងចំនួន ២ ត្រូវបានដាក់ក្នុងធុងសំរាម ហើយបានផ្ទុះភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ខណៈក្រុមប៉ូលីសចុះទៅពិនិត្យករណីបែកកញ្ចក់នៅហាងមួយកណ្ដាលទីក្រុង Lviv។
លោកប្រធានាធិបតី Volodymyr Zelenskyy បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះដែរ អភិបាលក្រុង Lviv លោក Andriy Sadovyi បាននិយាយថា ជនសង្ស័យគឺជាស្ត្រីអ៊ុយក្រែន មានវ័យ ៣៣ឆ្នាំ ដែលមកពីតំបន់ Rivne Oblast។ ប៉ូលីសបានបញ្ជាក់បន្ថែមថា ជនសង្ស័យបានផលិត និងដាក់គ្រឿងផ្ទុះ តាមការណែនាំរបស់ភ្នាក់ងារសេវាកម្មពិសេសរបស់រុស្ស៊ី។ មន្ត្រីដែលស្លាប់ត្រូវបានបញ្ជាក់ឈ្មោះថា Viktoria Shpylka នាងបានចូលបម្រើការងារនៅពេលចាប់ផ្តើមការឈ្លានពានពេញលេញក្នុងតំបន់ Kherson។

ប៉ូលីសបានឲ្យដឹងថា ការផ្ទុះលើកទីមួយកើតឡើងក្រោយពេលរថយន្តប៉ូលីសមកដល់ទីតាំង។ បន្ទាប់មក ពេលក្រុមទីពីរមកដល់ ក៏មានការផ្ទុះមួយទៀតកើតឡើង។ មនុស្ស ចំនួន ១១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះ ៦នាក់ជាមន្ត្រីអនុវត្តច្បាប់ មានស្ថានភាពរបួសធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា កំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងករណីនេះ ហើយការិយាល័យព្រះរាជអាជ្ញាបានចាប់ផ្តើមស៊ើបអង្កេតលើករណីភេរវកម្មនេះផងដែរ។
នៅកន្លែងផ្សេងទៀត នៃប្រទេសអ៊ុយក្រែនក៏បានប្រឈមមុខនឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៊ី មុនខួប ៤ឆ្នាំនៃការឈ្លានពានពេញលេញ។ ចំណែកទីក្រុង Kyiv បានអះអាងថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីល ៥០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជិត ៣០០គ្រឿង ក្នុងមួយយប់។ លោក Zelenskyy បាននិយាយថា គោលដៅរួមមានវិស័យថាមពល អគារលំនៅដ្ឋាន និងផ្លូវដែក។ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់នៅតំបន់ Kyiv ខណៈស្ត្រីម្នាក់ និងកុមារម្នាក់រងរបួស។ សង្គ្រាមដែលបញ្ជាដោយ លោកប្រធានាធិបតី Vladimir Putin ត្រូវបានចាត់ទុកថា ជាសង្គ្រាមធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងប្រមាណ ២០% នៃទឹកដីអ៊ុយក្រែន រួមទាំងឧបទ្វីប Crimea ដែលបានបញ្ចូលក្នុងឆ្នាំ ២០១៤។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ BBC