[ទីក្រុងញូជែមេណា]៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ប្រទេសឆាដបានប្រកាសបិទព្រំដែនភាគខាងកើតជាប់ប្រទេសស៊ូដង់ភ្លាមៗ ក្រោយពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាដែលបណ្ដាលឱ្យទាហានឆាដចំនួន ៥ នាក់ត្រូវបានស្លាប់។ សង្គ្រាមស៊ីវិលនៅស៊ូដង់ រវាងកងទ័ពរដ្ឋាភិបាល និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ២០២៣ បានរីករាលដាលដល់ទឹកដីឆាដជាបន្តបន្ទាប់។ ប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការប្រយុទ្ធគ្នាកាលពីថ្ងៃសៅរ៍នៅទីក្រុងព្រំដែន Tine រវាងកងកម្លាំង RSF និងក្រុមប្រដាប់អាវុធគាំទ្ររដ្ឋាភិបាលស៊ូដង់ បានបណ្តាលឱ្យទាហានឆាដ ៥ នាក់ និងជនស៊ីវិល ៣ នាក់ស្លាប់ រួមទាំងមានអ្នករងរបួស ១២ នាក់ផ្សេងទៀត។

មន្ត្រីឆ្មាំព្រំដែនម្នាក់បានបញ្ជាក់ថា ការបិទព្រំដែននេះគឺជាវិធានការចាំបាច់ដើម្បីការពារសុវត្ថិភាពជនស៊ីវិល និងទប់ស្កាត់ការរំលោភបំពានដែនអធិបតេយ្យពីសំណាក់ភាគីជម្លោះក្នុងប្រទេសស៊ូដង់។ រដ្ឋាភិបាលឆាដបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «វិធានការនេះធ្វើឡើងដើម្បីទប់ស្កាត់ហានិភ័យនៃរាលដាលសង្គ្រាមមកក្នុងទឹកដីរបស់យើង ការពារប្រជាពលរដ្ឋនិងជនភៀសខ្លួនព្រមទាំងធានាឱ្យបាននូវស្ថិរភាពនិងបូរណភាពទឹកដី»។

គិតមកទល់ពេលនេះ ទាំងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នៅមិនទាន់មានការឆ្លើយតបណាមួយចំពោះហេតុការណ៍នេះនៅឡើយទេ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុន ក៏ធ្លាប់មានការវាយប្រហារតាមអាកាសដោយដ្រូន ដែលបានសម្លាប់ទាហានឆាដ ២ នាក់ផងដែរ ប៉ុន្តែមិនមានភាគីណាចេញមុខទទួលខុសត្រូវឡើយ។ 

លោក Ahmat Yacoub នាយកមជ្ឈមណ្ឌលសិក្សាដើម្បីការអភិវឌ្ឍ និងការទប់ស្កាត់ភាពជ្រុលនិយមបានលើកឡើងថា ទោះបីជាចង់ ឬមិនចង់ បច្ចុប្បន្នប្រទេសឆាដហាក់ដូចជាកំពុងត្រូវបានទាញឱ្យធ្លាក់ចូលទៅក្នុងភាគីនៃជម្លោះស៊ូដង់នេះបន្តិចម្តងៗហើយ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters