[វ៉ាស៊ីនតោន]៖ កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ អគ្គរដ្ឋអាជ្ញារដ្ឋ Maryland លោក Anthony Brown បានប្រកាសដាក់ពាក្យប្តឹងរដ្ឋបាលលោក Trump ក្នុងគោលបំណងបញ្ឈប់គម្រោងសាងសង់មណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍សហព័ន្ធថ្មីមួយដែលគ្រោងនឹងប្រែក្លាយឃ្លាំងទំហំ ៥៤ ហិចតាក្នុងតំបន់ Washington County ឱ្យទៅជាកន្លែងឃុំឃាំងមនុស្សបាន ១,៥០០ នាក់។

ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បានចំណាយប្រាក់ជាង ១០០ លានដុល្លារលើគម្រោងនេះរួចហើយ។ រដ្ឋ Maryland ចោទប្រកាន់ថា រដ្ឋបាលលោក Trump ទិញអចលនទ្រព្យនេះដោយរំលងការត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន និងមិនបានស្ដាប់មតិយោបល់ពីសាធារណជន។ កាលពីខែមុន អាជ្ញាធរខោនធី Washington បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធមិនចាំបាច់សុំការអនុញ្ញាតលើការកំណត់តំបន់ (Zoning) នោះទេ ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានពិបាកក្នុងការរឹតត្បិតគម្រោងនេះតាមផ្លូវច្បាប់។

អភិបាលរដ្ឋ Maryland លោក Wes Moore មកពីគណបក្សប្រជាធិបតេយ្យ បានសង្កត់ធ្ងន់ថា៖ «ប្រជាជនរបស់យើងត្រូវតែមានសិទ្ធិបញ្ចេញមតិ នៅពេលរដ្ឋាភិបាលសហព័ន្ធធ្វើការសម្រេចចិត្តដែលប៉ះពាល់ដល់សុខភាព សុវត្ថិភាព និងសហគមន៍របស់ពួកគេ ហើយDHS ត្រូវតែអនុវត្តតាមច្បាប់ដូចភ្នាក់ងារសហព័ន្ធដទៃទៀតដែរ»។

រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានច្រានចោលការព្រួយបារម្ភផ្នែកបរិស្ថាន ដោយអះអាងថាទីតាំងនេះនឹងក្លាយជាមណ្ឌលឃុំឃាំងដែលមានស្ដង់ដារត្រឹមត្រូវមិនមែនជាឃ្លាំងដូចការលើកឡើងនោះទេ។ គម្រោងនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់រដ្ឋបាលលោក Trump ក្នុងឆ្នាំ ២០២៦ គឺគ្រោងចំណាយជាង ៣៨ ពាន់លានដុល្លារ ទៅលើមណ្ឌលឃុំឃាំងទូទាំងប្រទេស និងបង្កើនសមត្ថភាពឃុំខ្លួនជនអន្តោប្រវេសន៍ឱ្យដល់ ៩២,៦០០ នាក់ (បច្ចុប្បន្នមានមណ្ឌលជាង២០០ កន្លែងរួចហើយ)។

ស្របពេលជាមួយគ្នានេះ សមាជិកសភាគណបក្សប្រជាធិបតេយ្យចំនួន ៤ រូប ក៏បានត្រៀមដាក់សេចក្តីព្រាងច្បាប់ថ្មីមួយដើម្បីតម្រូវឱ្យ DHS ត្រូវតែសុំការយល់ព្រមជាលាយលក្ខណ៍អក្សរពីអាជ្ញាធររដ្ឋ និងមូលដ្ឋានជាមុនសិន មុននឹងសាងសង់ ឬដំណើរការមណ្ឌលឃុំឃាំង ICE ណាមួយ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters