[ទីក្រុងសេអ៊ូល]៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ប្រទេសរបស់លោកនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែមានគុណភាពនិងភាពរឹងមាំក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្នុងឱកាស មហាសន្និបាតបក្សពលករលើកទី៩ ដែលបានចាប់ផ្ដើមតាំងពីសប្តាហ៍មុន សមាជិកបក្សបានពិភាក្សាយ៉ាងស៊ីជម្រៅលើការកំណត់គោលដៅធំៗសម្រាប់អនាគត។ យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) កិច្ចប្រជុំកាលពីថ្ងៃចន្ទបានផ្តោតលើការរៀបចំផែនការយុទ្ធសាស្ត្រលើវិស័យសំខាន់ៗ រួមមានយោធា គោលនយោបាយការបរទេស ឧស្សាហកម្ម និងកសិកម្ម។

លោក គីម ជុងអ៊ុន បានប្រសិទ្ធនាមរយៈពេល ៥ ឆ្នាំខាងមុខថាជា ដំណាក់កាលវឌ្ឍនភាពពេញលេញ បន្តទៀត លោក បានអំពាវនាវឱ្យមានការធ្វើបដិវត្តន៍លើផ្នែកគំនិត បច្ចេកវិទ្យា និងវប្បធម៌ដើម្បីធានាថាគ្រប់គម្រោងថ្មីៗទាំងអស់នឹងត្រូវគ្រប់គ្រងនិងអនុវត្តបានយ៉ាងល្អប្រសើរតាមកាលកំណត់។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានផ្ញើសារអបអរសាទរចំពោះលោក គីម ជុងអ៊ុន ក្នុងឱកាសដែលលោកត្រូវបានជាប់ឆ្នោតជាថ្មីជាអគ្គលេខាធិការបក្សកាន់អំណាច។

ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយទៀត គឺការឡើងកាន់តំណែងរបស់អ្នកនាង គីម យ៉ូចុង ដែលត្រូវជាប្អូនស្រីរបស់លោក។  របាយការណ៍បានបញ្ជាក់ថា អ្នកនាងត្រូវបានដំឡើងឋានៈពីអនុប្រធាន ទៅជាប្រធាននាយកដ្ឋាននៃគណបក្សដែលឆ្លុះបញ្ចាំងពីឥទ្ធិពលកាន់តែខ្លាំងរបស់នាងនៅក្នុងជួររដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters