[កាប៊ុល/ការ៉ាជី]៖ កងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានបើកការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែនកាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកថាជាអ្នកផ្តើមសង្រ្គាមស្របពេលដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កំពុងឡើងកម្តៅខ្លាំងបន្ទាប់ពីប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាសចូលក្នុងទឹកដីអាហ្វហ្គានីស្ថានកាលពីប៉ុន្មានថ្ងៃមុន។ ការផ្ទុះអាវុធនេះ គឺជាសញ្ញាចុងក្រោយនៃការរង្គោះរង្គើនៅតាមបណ្តោយព្រំដែនប្រវែង ២.៦០០ គីឡូម៉ែត្រ ចាប់តាំងពីមានការវាយប្រហាររបស់ប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ។ ហេតុការណ៍នេះ ក៏កំពុងគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយ ដែលទើបតែបង្កើតឡើងក្រោយការប៉ះទង្គិចគ្នាដ៏សាហាវកាលពីខែតុលាឆ្នាំមុន។

លោក Mosharraf Zaidi អ្នកនាំពាក្យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថា អាជ្ញាធរតាលីបង់អាហ្វហ្គានីស្ថាន ជាអ្នកចាប់ផ្តើម ការបាញ់ប្រហារដោយគ្មានការបង្កហេតុ នៅក្នុងតំបន់ Torkham និង Tirah។ លោកបានបញ្ជាក់ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានឆ្លើយតបវិញភ្លាមៗ និងប្រកបដោយប្រសិទ្ធភាពដើម្បីទប់ស្កាត់ការឈ្លានពានរបស់តាលីបង់។ លោកក៏បានព្រមានទៀតថា រាល់ការបង្កហេតុបន្ថែមនឹងត្រូវជួបការឆ្លើយតបវិញយ៉ាង ចាស់ដៃ។
ផ្ទុយទៅវិញ មន្ត្រីអាហ្វហ្គានីស្ថានបានអះអាងថា កងកម្លាំងប៉ាគីស្ថានជាអ្នកបើកការបាញ់ប្រហារមុន ទើបកងទ័ពអាហ្វហ្គានីស្ថានសម្រេចចិត្តបាញ់តបត។ លោក Zabihullah Noorani ប្រធានផ្នែកព័ត៌មានខេត្ត Nangarhar លើកឡើងថា ការប្រយុទ្ធគ្នាបានកើតឡើងក្នុងស្រុក Nazyan ប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញហើយដោយមិនមានរបាយការណ៍អ្នកស្លាប់ ឬរបួសនោះទេ។
ចំណែកលោក Mawlawi Wahidullah អ្នកនាំពាក្យកងទ័ពអាហ្វហ្គានីស្ថានប្រចាំភាគខាងកើតបានបញ្ជាក់ថា កងកម្លាំងព្រំដែនកំពុងដើរល្បាតតាមខ្សែបន្ទាត់ Durand (Durand Line) ក្នុងស្រុក Achin និង Durbaba នៅពេលដែលពួកគេរងការបាញ់ប្រហារ ដោយលោកសង្កត់ធ្ងន់ថា នេះគឺជាការការពារខ្លួនមិនមែនជាការវាយប្រហារសងសឹកឡើយ។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសកាលពីចុងសប្តាហ៍មុន គឺធ្វើឡើងក្នុងគោលបំណងកម្ចាត់ក្រុមសកម្មប្រយុទ្ធ Tehreek-e-Taliban (TTP) និងក្រុមរដ្ឋអ៊ីស្លាម នៅភាគខាងកើតអាហ្វហ្គានីស្ថាន។ ប្រភពសន្តិសុខបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធប្រមាណ ៧០ នាក់ត្រូវបានសម្លាប់។
ទោះជាយ៉ាងណា បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំអាហ្វហ្គានីស្ថានបានទទួលរបាយការណ៍ថា មានជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់បានបាត់បង់ជីវិត និង ៧ នាក់ទៀតរងរបួស។ ប៉ាគីស្ថានតែងតែចោទប្រកាន់ថា មេដឹកនាំក្រុម TTP បញ្ជាការចេញពីទឹកដីអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលតាលីបង់នៅទីក្រុងកាប៊ុល តែងតែបដិសេធការចោទប្រកាន់នេះជានិច្ច។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters