[ញូវយ៉ក/វ៉ាស៊ីនតោន/សាន់ហ្វ្រាន់ស៊ីស្កូ]៖ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Anthropic នៅតែបន្តរក្សាជំហរមិនបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងគោលបំណងយោធានោះទេ បើទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីក្រសួងការពារជាតិអាមេរិក (Pentagon) ក៏ដោយ។ កិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Anthropic លោក Dario Amodei និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃអង្គារកន្លងទៅ មានភាពតានតឹងយ៉ាងខ្លាំង។ ក្រុមហ៊ុន Anthropic បានបដិសេធមិនព្រមដកចេញនូវរបាំងការពារ ដែលរារាំងមិនឱ្យបច្ចេកវិទ្យារបស់ខ្លួនត្រូវបានប្រើប្រាស់ក្នុងការកំណត់គោលដៅវាយប្រហារដោយអាវុធស្វ័យប្រវត្តិ និងការឃ្លាំមើលផ្ទៃក្នុងនៅក្នុងសហរដ្ឋអាមេរិក។

មន្ត្រីមន្ទីរបញ្ចកោណបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាគួរតែគោរពតាមច្បាប់របស់សហរដ្ឋអាមេរិកជាធំ ជាជាងបង្កើតច្បាប់ផ្ទាល់ខ្លួន។ លោក Hegseth បានដាក់ឱសានវាទដល់ Anthropic ថាត្រូវតែ ចូលរួមសហការ ឬប្រឈមមុខនឹងវិធានការតឹងរ៉ឹង ហើយ វិធានការទាំងនោះរួមមាន ចាត់ទុក Anthropic ជា ហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលជាស្លាកសញ្ញាជាទូទៅប្រើសម្រាប់តែក្រុមហ៊ុនសត្រូវបរទេស។ ដើម្បីបង្ខំឱ្យក្រុមហ៊ុនផ្លាស់ប្តូរគោលការណ៍ផ្ទៃក្នុងរបស់ខ្លួន រដ្ឋាភិបាលបានទុកពេលឱ្យ Anthropic រហូតដល់ ថ្ងៃសុក្រ ម៉ោង ៥ ល្ងាច ដើម្បីផ្តល់ចម្លើយតបចុងក្រោយ។

បច្ចុប្បន្ន មន្ទីរបញ្ចកោណកំពុងចរចាជាមួយក្រុមហ៊ុនផ្តល់សេវាគំរូភាសាធំៗ ជាច្រើនដូចជា Google xAI (របស់ Elon Musk) និង OpenAI ដើម្បីប្រើប្រាស់ក្នុងសមរភូមិ ដូចជាការបញ្ជាដ្រូន រ៉ូបូត និងការវាយប្រហារតាមអ៊ីនធឺណិត។ គួរកត់សម្គាល់ថានៅសប្តាហ៍នេះ មន្ទីរបញ្ចកោណទើបតែបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន xAI ដើម្បីដាក់ពង្រាយបច្ចេកវិទ្យានៅលើបណ្តាញសម្ងាត់របស់ខ្លួន។

ភាពរកាំរកូសបានផ្ទុះឡើងខ្លាំង បន្ទាប់ពីមានការសង្ស័យថា Anthropic បានចោទសួរអំពីការយកបច្ចេកវិទ្យារបស់ខ្លួនទៅប្រើប្រាស់ក្នុងប្រតិបត្តិការយោធាវេណេស៊ុយអេឡា ដែលនាំទៅដល់ការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។ ទោះជាយ៉ាងណា លោក Amodei បានបដិសេធថា ក្រុមហ៊ុនមិនបានលើកឡើងពីការព្រួយបារម្ភនេះទៅកាន់ក្រុមហ៊ុន Palantir ឬមន្ទីរបញ្ចកោណឡើយ។ លោក Franklin Turner មេធាវីផ្នែកកិច្ចសន្យារដ្ឋាភិបាលបានលើកឡើងថា សេណារីយ៉ូដែលរដ្ឋាភិបាលបង្ខំក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកបែបនេះគឺ មិនធ្លាប់មានពីមុនមក ហើយវាអាចនឹងបង្កឱ្យមានការប្តឹងផ្តល់គ្នាជាច្បាប់ទ្រង់ទ្រាយធំ ប្រសិនបើរដ្ឋបាលចាត់វិធានការបង្ខិតបង្ខំមែននោះ។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters