យ៉ាងហោចណាស់មនុស្ស ២៥ នាក់បានបាត់បង់ជីវិត នៅក្នុងរដ្ឋ Minas Gerais ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកកាលពីល្ងាចថ្ងៃចន្ទ បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅតាមទីតាំងជាច្រើន។ តាមសេចក្តីរាយការណ៍ មនុស្សភាគច្រើនបានស្លាប់នៅក្នុងទីក្រុង Juiz de Fora (ស្លាប់ ១៨ នាក់) ខណៈ ៧ នាក់ទៀតត្រូវបានរកឃើញនៅក្នុងទីក្រុង Ubá។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តយ៉ាងសស្រាក់សស្រាំដោយមានការចូលរួមពីអាជ្ញាធរ និងអ្នកស្រុក ដើម្បីស្វែងរកមនុស្សរាប់សិបនាក់ដែលកំពុងបាត់ខ្លួន ក្រោយពេលផ្ទះសម្បែងនិងអគារជាច្រើនបានដួលរលំ។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសាររងគ្រោះ និងអ្នកដែលបាត់បង់ផ្ទះសម្បែង។ លោកបានប្រកាសដាក់ទីក្រុង Juiz de Fora ស្ថិតក្នុងស្ថានភាពគ្រោះមហន្តរាយ។ តាមរយៈបណ្តាញសង្គម X លោក Lula បានបញ្ជាក់ថា រដ្ឋាភិបាលបានកៀរគរកម្លាំងសរុបដើម្បីជួយសង្គ្រោះតំបន់ដែលរងគ្រោះ ដោយផ្តោតសំខាន់លើជំនួយមនុស្សធម៌និងការស្តារឡើងវិញ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងចាត់វិធានការដោយល្បឿន និងប្រសិទ្ធភាពខ្ពស់បំផុត។

មនុស្សប្រហែល ៤៤០ នាក់នៅទីក្រុង Juiz de Fora ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង អាជ្ញាធរបានរៀបចំជម្រកបណ្តោះអាសន្ន និងអំពាវនាវសុំជំនួយជាទឹកស្អាត អាហារ សម្លៀកបំពាក់ និងសម្ភារៈអនាម័យ។ អភិបាលក្រុង Juiz de Fora លោកស្រី Margarida Salomão បានហៅសោកនាដកម្មនេះថាជា គ្រាដ៏សោកសៅបំផុត ក្នុងអាណត្តិ ៥ ឆ្នាំរបស់លោកស្រី និងបានប្រកាសកាន់ទុក្ខជាផ្លូវការរយៈពេល ៣ ថ្ងៃ ក្នុងចំណោមអ្នកបាត់បង់ជីវិតក៏មានកុមារផងដែរ។

លោក Valtencir Coutinho de Miranda ត្រូវបានគេឃើញកាន់ប៉ែលទាំងទឹកភ្នែក ជីកកាយកម្ទេចកម្ទី និងភក់ ដើម្បីស្វែងរកកូនស្រីអាយុ ៦ ឆ្នាំរបស់លោកដែលកំពុងបាត់ខ្លួន។ លោកបានប្រាប់ទូរទស្សន៍ Globo ថា យើងនៅទីនេះដើម្បីស្វែងរកកូន សូមព្រះប្រទានកម្លាំងឱ្យយើងអាចរកឃើញនាងនៅរស់។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីទិដ្ឋភាពដ៏រន្ធត់ ដោយទឹកជំនន់ភក់បានកួចយកយានយន្ត និងបំផ្លាញអគារជាច្រើន នៅទីក្រុង Ubá ទឹកជំនន់ថែមទាំងបានវាយប្រហារលើផ្ទះបុណ្យសពបណ្តាលឱ្យសាកសពជាច្រើនអណ្តែតតាមទឹក។

លោក Romeu Zema អភិបាលរដ្ឋ Minas Gerais បានសម្តែងសាមគ្គីភាព និងការសោកស្តាយជាខ្លាំងចំពោះគ្រោះមហន្តរាយនេះ។ យោងតាមមន្ត្រីជំនាញ នេះគឺជា ខែកុម្ភៈដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រនៃទីក្រុង Juiz de Fora ដោយបរិមាណទឹកភ្លៀងបានកើនឡើងដល់ទៅ ២ ដងលើសពីកម្រិតមធ្យមប្រចាំខែ។ វិទ្យាស្ថានឧតុនិយមជាតិបានចេញសេចក្តីព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅក្នុងរដ្ឋ Minas Gerais, Rio de Janeiro និងរដ្ឋចំនួន ១២ ផ្សេងទៀត បច្ចុប្បន្ន ប្រេស៊ីលកំពុងស្ថិតក្នុងរដូវក្តៅ ដែលជារឿយៗតែងតែមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។ កាលពីឆ្នាំ ២០២៤ កន្លងទៅ គ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសក៏បានសម្លាប់មនុស្សជិត ២០០ នាក់និងប៉ះពាល់ដល់ប្រជាជនជាង ២ លាននាក់ផងដែរ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters