[សេអ៊ូល]៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា លោកនឹងផ្តោតលើការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា ខណៈបញ្ជាក់ថា ការកែលម្អទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គឺអាស្រ័យទាំងស្រុងលើការផ្លាស់ប្តូរឥរិយាបថរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះ។
តាមរបាយការណ៍ដដែល មហាសន្និបាតលើកទី៩ នៃគណបក្សពលករកូរ៉េ ដែលបានប្រព្រឹត្តទៅអស់រយៈពេលមួយសប្តាហ៍បានបិទបញ្ចប់ទៅវិញជាមួយក្បួនព្យុហយាត្រាយោធាយ៉ាងអធិកអធមនៅក្នុងរដ្ឋធានីព្យុងយ៉ាង។ ក្នុងឱកាសនោះ កូរ៉េខាងជើងក៏បានដាក់ចេញនូវគោលដៅគោលនយោបាយសំខាន់ៗសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខផងដែរ។

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា វាគឺជាឆន្ទៈដ៏មុតមាំរបស់គណបក្សយើងក្នុងការបង្កើនថាមពលនុយក្លេអ៊ែរជាតិ និងពង្រឹងឋានៈជារដ្ឋនុយក្លេអ៊ែរឱ្យកាន់តែរឹងមាំ។ លោកបានបន្ថែមថា ផែនការបន្ទាប់គឺការបង្កើនចំនួនក្បាលគ្រាប់ និងអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនអាវុធទាំងនោះឱ្យកាន់តែទំនើប។
យោងតាមការប៉ាន់ស្មានពីវិទ្យាស្ថាន SIPRI កាលពីឆ្នាំមុន កូរ៉េខាងជើងត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៥០ គ្រាប់ និងមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិតបាន ៤០ គ្រាប់ បន្ថែមទៀត។ ក្រៅពីនុយក្លេអ៊ែរ លោក គីម ក៏បានបង្ហើបពីគម្រោងអភិវឌ្ឍន៍អាវុធយុទ្ធសាស្ត្រផ្សេងទៀតរួមមាន មីស៊ីលបាលិស្ទីគអន្តរទ្វីប មីស៊ីលបាញ់ចេញពីក្រោមទឹក និង ប្រព័ន្ធវាយប្រហារដោយប្រើបញ្ញាសិប្បនិម្មិត (AI) និងយន្តហោះគ្មានមនុស្សបើក។
រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីសកម្មភាពក្បួនព្យុហយាត្រានៅទីលាន គីម អ៊ីលស៊ុង ដែលមានការចូលរួមពីទាហានរាប់ម៉ឺននាក់ និងការហោះហើរបង្ហាញសមត្ថភាពយន្តហោះចម្បាំង។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុត គឺវត្តមានរបស់កូនស្រីលោក គីម គឺកញ្ញា ជូ អេ ដែលឈរក្បែរឪពុកនៅលើវេទិកាដែលកាន់តែធ្វើឱ្យមានការអនុមានថា នាងអាចជាអ្នកបន្តវេននាពេលអនាគត។

ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក លោក គីម បានទុកច្រកសម្រាប់ការចរចា ប៉ុន្តែក្នុងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែបោះបង់ចោល "គោលនយោបាយអរិភាព" ជាមុនសិន។ អ្នកជំនាញយល់ថា នេះគឺជាយុទ្ធសាស្ត្របង្កើនសម្ពាធមុនពេលឈានដល់ការជួបពិភាក្សាណាមួយដែលអាចកើតមានខណៈមានការរំពឹងថា លោក គីម អាចនឹងជួបជាមួយលោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ប្រទេសចិននាចុងខែមីនាខាងមុខ។
ផ្ទុយពីសហរដ្ឋអាមេរិក លោក គីម ជុងអ៊ុន បានប្រើសម្តីធ្ងន់ៗទៅលើកូរ៉េខាងត្បូង ដោយហៅប្រទេសជិតខាងនេះថាជា "សត្រូវអរិភាពបំផុត"។ លោកបានច្រានចោលរាល់ការប៉ុនប៉ងផ្សះផ្សារបស់រដ្ឋាភិបាលលោក លី ជេម្យុង( Lee Jae Myung) ដោយចាត់ទុកថាជាទង្វើបោកប្រាស់និងបានព្រមានថា កូរ៉េខាងជើងអាចនឹងប្រើវិធានការយោធាភ្លាមៗ ប្រសិនបើមានការិះគន់ ឬសកម្មភាពមិនសមរម្យណាមួយកើតឡើងពីសំណួរទីក្រុងសេអ៊ូល។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters