[ទីក្រុងវ៉ាទីកង់]៖ បុរីវ៉ាទីកង់បានប្រកាសកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈនេះថា សម្តេចប៉ាប Leo នឹងយាងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៤ ក្នុងទ្វីបអាហ្វ្រិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសដ៏សំខាន់លើកដំបូងរបស់ព្រះអង្គក្នុងឆ្នាំនេះ ឆ្ពោះទៅកាន់ទ្វីបដែលមានសន្ទុះកំណើនគ្រីស្ទបរិស័ទកាតូលិកលឿនបំផុតក្នុងពិភពលោក។ 

ក្រៅពីដំណើរទស្សនកិច្ចនៅអាហ្វ្រិក សម្តេចប៉ាបក៏គ្រោងនឹងយាងទៅកាន់ ប្រទេសម៉ូណាកូ ដែលរដ្ឋតូចមួយនៅឆ្នេរសមុទ្រ Riviera (បារាំង) រយៈពេលមួយថ្ងៃ នៅថ្ងៃទី២៨ ខែមីនា និងទៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមិថុនា។

នៅទ្វីបអាហ្វ្រិក ព្រះអង្គនឹងយាងទៅកាន់ប្រទេសអាល់ហ្សេរី អង់ហ្គោឡា អេក្វាទ័រហ្គីណេ និងកាមេរូន។ វត្តមានរបស់សម្តេចប៉ាបត្រូវបានគេរំពឹងថានឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករ ហើយព្រះអង្គនឹងឆ្លៀតឱកាសនេះដើម្បីជំរុញឱ្យមេដឹកនាំពិភពលោកយកចិត្តទុកដាក់លើការអភិវឌ្ឍនៅអាហ្វ្រិក ក៏ដូចជាលើកកម្ពស់កិច្ចសន្ទនារវាងសាសនាកាតូលិក និងមូស្លីមផងដែរ។

សម្តេចប៉ាប Leo ដែលបានជាប់ឆ្នោតកាលពីខែឧសភាឆ្នាំមុន ស្នងតំណែងពីសម្តេចប៉ាប Francis ដើម្បីដឹកនាំសាសនាកាតូលិកដែលមានសមាជិក ១,៤ ពាន់លាននាក់។ កន្លងមក ព្រះអង្គធ្លាប់យាងទៅក្រៅប្រទេសតែម្តងគត់ គឺទៅកាន់ប្រទេសតួកគី និងលីបង់ កាលពីចុងឆ្នាំមុន ដែលជាកម្មវិធីរៀបចំទុកតាំងពីសម័យសម្តេចប៉ាប Francis នៅឡើយ។

លោកឪពុក Agbonkhianmeghe Orobator សមាជិកនិកាយ Jesuit មកពីប្រទេសនីហ្សេរីយ៉ា បានលើកឡើងថា ដំណើរទស្សនកិច្ចនេះបង្ហាញពីអាទិភាពខ្ពស់របស់សាសនាចក្រចំពោះទ្វីបអាហ្វ្រិក។ លោកបានបញ្ជាក់ថា វាជារំលឹកដល់ពិភពលោកថា អាហ្វ្រិកគឺជាបេះដូងដ៏រស់រវើកនៃកំណើនសាសនាចក្រនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន ២០% នៃអ្នកកាន់សាសនាកាតូលិកទូទាំងពិភពលោករស់នៅទ្វីបអាហ្វ្រិក នៅក្នុងដំណើរទស្សនកិច្ចនៅអេស្ប៉ាញ សម្តេចប៉ាបគ្រោងនឹងទៅកាន់កោះ Canary ដែលជាចំណុចក្តៅនៃលំហូរជនចំណាកស្រុកឆ្ពោះទៅអឺរ៉ុប។ សម្តេចប៉ាប Leo ដែលមកពីសណ្តាប់ធ្នាប់សាសនា Augustinian មានចំណាប់អារម្មណ៍ពិសេសលើអាល់ហ្សេរី ដោយសារ St. Augustine of Hippo (បុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រគ្រីស្ទាន) គឺជាអ្នកដែលមានដើមកំណើតមកពីទឹកដីអាល់ហ្សេរីនេះឯង។  ក្រៅពីកម្មវិធីខាងលើ ប៊ីស្សពក្នុងស្រុកបានបង្ហើបថា សម្តេចប៉ាប Leo ក៏អាចនឹងយាងទៅកាន់ប្រទេសប៉េរូ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ ដែលជាទីកន្លែងដែលព្រះអង្គធ្លាប់បានបម្រើការងារជាបេសកជននិងប៊ីស្សពអស់រយៈពេលជាច្រើនទសវត្សរ៍។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters