[ទីក្រុងអង់ការ៉ា]៖ ប្រទេសតួកគីកំពុងធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់លើរាល់វិធានការដែលអាចកើតមាន ដើម្បីត្រៀមខ្លួនឆ្លើយតបក្នុងករណីមានជម្លោះយោធាផ្ទុះឡើងរវាងប្រទេសជិតខាងខ្លួនគឺ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ការត្រៀមលក្ខណៈនេះធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចាឡើងវិញកាលពីដើមខែនេះ ទោះបីជាទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។ ភាគីអ៊ីរ៉ង់បានព្រមានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ប្រសិនបើមានការយាយី ប៉ុន្តែប្រមុខការទូតអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងជាមួយអាមេរិកនៅតែ អាចសម្រេចទៅបាន ប្រសិនបើផ្លូវការទូតត្រូវបានផ្តល់អាទិភាព។

ក្នុងនាមជាសមាជិកអង្គការណាតូ (NATO) ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់ តួកគីបានប្រកាសយ៉ាងច្បាស់ថាខ្លួនប្រឆាំងដាច់ខាតចំពោះអន្តរាគមន៍យោធាណាមួយលើអ៊ីរ៉ង់ ដើម្បីចៀសវាងអស្ថិរភាពក្នុងតំបន់។ ទីក្រុងអង់ការ៉ាបានដើរតួជាអ្នកសម្របសម្រួលដោយទាក់ទងជាមួយភាគីទាំងពីរក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចា។

ប្រភពដដែលនោះបានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រាល់ទិដ្ឋភាពនៃវិធានការឆ្លើយតបចំពោះសេណារីយ៉ូអវិជ្ជមាននានា កំពុងស្ថិតក្រោមការពិនិត្យនិងវាយតម្លៃយ៉ាងដិតដល់។ មន្ត្រីដដែលបានបន្ថែមថា «យើងកំពុងពិចារណាលើគ្រប់សេណារីយ៉ូ រួមទាំងជំហានចាំបាច់នានាដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ វិធានការណាដែលប៉ះពាល់ដល់ អធិបតេយ្យភាពរបស់អ៊ីរ៉ង់ គឺមិនស្ថិតក្នុងរបៀបវារៈពិភាក្សានោះទេ»។ ទោះជាយ៉ាងណាក៏ដោយ ប្រភពនេះមិនបានផ្ដល់ព័ត៌មានលម្អិតអំពីវិធានការជាក់លាក់ដែលតួកគីកំពុងរៀបចំនោះទេ។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ការិយាល័យប្រឆាំងព័ត៌មានក្លែងក្លាយនៃប្រធានាធិបតីតួកគី បានធ្វើការបដិសេធចំពោះរបាយការណ៍ដែលថា តួកគីមានផែនការបញ្ជូនទ័ពចូលទៅក្នុងទឹកដីអ៊ីរ៉ង់ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters