[ម៉ូស្គូ]៖ កាលពីម្សិលមិញ ប្រទេសរុស្ស៊ីបានលើកឡើងជាសំណួរជុំវិញរបៀបវារៈការងាររបស់ "ក្រុមប្រឹក្សាសន្តិភាព" ដែលបង្កើតឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាតើស្ថាប័ននេះនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងដូចម្តេចជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាស្នូលនៃយន្តការសន្តិភាពពិភពលោកតាំងពីក្រោយសង្គ្រាមលោកលើកទីពីរមកនោះ។

លោក ត្រាំ បានផ្ដួចផ្ដើមគំនិតបង្កើតក្រុមប្រឹក្សានេះឡើងជាលើកដំបូងកាលពីខែកញ្ញា នៅពេលលោកបង្ហាញផែនការបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សា។ បន្ទាប់មក លោកបានបញ្ជាក់ថា បេសកកម្មរបស់ក្រុមប្រឹក្សានេះនឹងពង្រីកវិសាលភាពដើម្បីដោះស្រាយជម្លោះផ្សេងៗនៅទូទាំងសកលលោក ដែលជាការងារប្រពៃណីស្ថិតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។

រុស្ស៊ី ចិន អង់គ្លេស និងបារាំង គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ដែលមានវត្តមានក្នុងយន្តការនេះដែរ។ លោក Kirill Logvinov ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ "ធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពនេះ បានកំណត់ខ្លួនឯងជារចនាសម្ព័ន្ធអន្តរជាតិថ្មីមួយ ដែលបង្កើតឡើងដើម្បីជំនួស 'យន្តការចាស់ៗ' ដែលជារឿយៗត្រូវបានគេមើលឃើញថាគ្មានប្រសិទ្ធភាព។"

លោក Logvinov បានបន្ថែមក្នុងបទសម្ភាសន៍ថា អាណត្តិរបស់ក្រុមប្រឹក្សាថ្មីនេះ មិនបានលើកឡើងចំៗអំពីបញ្ហាតំបន់ហ្គាហ្សានោះទេ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្រ្តនេះបង្កឱ្យមានមន្ទិលថា តើក្រុមប្រឹក្សាសន្តិភាព នឹងរស់នៅក្រោមដំបូលតែមួយជាមួយ UN យ៉ាងដូចម្តេច? ខណៈដែល UN គឺជាស្ថាប័នសកលតែមួយគត់ដែលមានសិទ្ធិអំណាចពេញលេញក្នុងការថែរក្សាសន្តិសុខអន្តរជាតិ។ លោកបានកត់សម្គាល់ថា រហូតមកដល់ពេលនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនទាន់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំណាមួយរបស់ក្រុមប្រឹក្សានេះនៅឡើយទេ។

បើតាមធម្មនុញ្ញនៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ស្ថាប័ននេះនឹងអនុវត្តមុខងារកសាងសន្តិភាពស្របតាមច្បាប់អន្តរជាតិ ក្នុងនាមជាប្រធានក្រុមប្រឹក្សា លោក ត្រាំ នឹងមានអំណាចប្រតិបត្តិយ៉ាងទូលំទូលាយ រួមមាន សិទ្ធិវេតូ និងមានសមត្ថភាពដកសមាជិកចេញពីក្រុមប្រឹក្សា។ គួរបញ្ជាក់ថា តាមប្រវត្តិសាស្ត្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាប់ផ្តើមកិច្ចប្រជុំដំបូងនៅទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៤៦ មុនពេលផ្លាស់ប្តូរទីស្នាក់ការកណ្តាលទៅកាន់ទីក្រុងញូវយ៉ក ហើយមានភារកិច្ចចម្បងក្នុងការរក្សាសន្តិភាពពិភពលោក។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters