[វ៉ាស៊ីនតោន]៖ កាលពី ថ្ងៃទី២៦ ខែកុម្ភៈ លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) អតីតប្រធានាធិបតីវេណេស៊ុយអេឡាដែលត្រូវបានទម្លាក់ពីតំណែងបានដាក់ស្នើឱ្យចៅក្រមលុបចោលសំណុំរឿងជួញដូរគ្រឿងញៀនប្រឆាំងរូបលោក។ លោកបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកថា បានរំខានដល់ដំណើរការការពារក្ដីតាមផ្លូវច្បាប់តាមរយៈការរារាំងរដ្ឋាភិបាលវេណេស៊ុយអេឡាមិនឱ្យទូទាត់ថ្លៃសេវាមេធាវីជូនលោក។ កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ លោក ម៉ាឌូរ៉ូ និងភរិយាគឺលោកស្រី ស៊ីលីយ៉ា ហ្វ្លរ៉េស (Cilia Flores) បានបដិសេធរាល់ការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនដែលអាចប្រឈមនឹងការជាប់ពន្ធនាគារនៅអាមេរិកអស់មួយជីវិត បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉កដើម្បីរង់ចាំការជំនុំជម្រះ។

លោក បារី ផូឡាក់ (Barry Pollack) មេធាវីការពារក្ដីរបស់លោក ម៉ាឌូរ៉ូ បានប្រាប់ចៅក្រមសហព័ន្ធ លោក អាល់វីន ហេលើស្ទីន (Alvin Hellerstein) ថា កាលពីថ្ងៃទី៩ ខែមករា ក្រសួងរតនាគារជាតិអាមេរិក ធ្លាប់បានយល់ព្រមលើកលែងទណ្ឌកម្មហិរញ្ញវត្ថុមួយផ្នែក ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលវេណេស៊ុយអេឡា បង់ថ្លៃសេវាផ្លូវច្បាប់ឱ្យលោក ម៉ាឌូរ៉ូ។ ប៉ុន្តែ ត្រឹមតែប៉ុន្មានម៉ោងក្រោយមក អាជ្ញាធរអាមេរិកស្រាប់តែដកហូតការអនុញ្ញាតនោះវិញដោយគ្មានការពន្យល់។
នៅក្នុងញត្តិដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍ លោក ផូឡាក់ បានលើកឡើងថា ចំណាត់ការនេះបានរំលោភលើសិទ្ធិទទួលបានការការពារក្ដីរបស់ជនជាប់ចោទ ដែលមានចែងក្នុងវិសោធនកម្មទី៦ នៃរដ្ឋធម្មនុញ្ញអាមេរិក ហេតុនេះបទចោទប្រកាន់គួរតែត្រូវបានទម្លាក់ចោល។ លោកមេធាវីរូបនេះបានបញ្ជាក់ថា លោកមិនអាចបន្តការពារក្ដីឱ្យលោក ម៉ាឌូរ៉ូ បានទេ ប្រសិនបើគ្មានកញ្ចប់ថវិកាពីរដ្ឋាភិបាលវេណេស៊ុយអេឡា។
រហូតមកទល់ពេលនេះ ការិយាល័យរដ្ឋអាជ្ញាអាមេរិកប្រចាំតំបន់មេនហាតធេន (Manhattan) មិនទាន់មានការឆ្លើយតបចំពោះបញ្ហានេះនៅឡើយទេ។ គួររំលឹកផងដែរថា កងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយា ក្នុងប្រតិបត្តិការវាយឆ្មក់មួយនៅទីក្រុងការ៉ាកាស់ កាលពីថ្ងៃទី៣ ខែមករា ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងឱ្យមេដឹកនាំសង្គមនិយមរូបនេះចុះចេញពីតំណែង។ ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ថា លោក ម៉ាឌូរ៉ូ បានប្រើប្រាស់អំណាចរបស់លោក ដើម្បីសម្របសម្រួលដល់ក្រុមជួញដូរគ្រឿងញៀនក្នុងអំឡុងពេលកាន់អំណាចរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters