[បេរូត]៖ នៅថ្ងៃទី២ ខែមីនា នេះកងទ័ពអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើតំបន់ជាយក្រុងបេរូត ភាគខាងត្បូងដែលជាមូលដ្ឋានបង្អែករបស់ក្រុម Hezbollah។ ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់មួយនេះបានបាញ់មីស៊ីល និងយន្តហោះដ្រូនជាច្រើនគ្រឿងសំដៅទៅរកទឹកដីអ៊ីស្រាអែលដើម្បីសងសឹកចំពោះការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei។ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា សំឡេងផ្ទុះជាងដប់លើកបានធ្វើឱ្យរញ្ជួយទីក្រុងបេរូត ដែលនេះជាការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មាននៅតំបន់ជាយក្រុងភាគខាងត្បូង ចាប់តាំងពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុម Hezbollah ក្នុងឆ្នាំ២០២៤។

ប្រភពសន្តិសុខលីបង់បានបញ្ជាក់ថា គ្រាប់បែកបានធ្លាក់ចំគោលដៅជាច្រើនកន្លែងនៅក្នុងតំបន់ Dahiyeh ដែលជាតំបន់ប្រជុំជនដ៏សំខាន់។ ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានប្រកាសថាខ្លួនបានចាប់ផ្តើមប្រតិបត្តិការកម្ទេចគោលដៅយុទ្ធសាស្ត្ររបស់ Hezbollah នៅទូទាំងប្រទេសលីបង់ដោយទម្លាក់កំហុសទាំងស្រុងទៅលើក្រុមនេះចំពោះការបង្កជម្លោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការអ៊ីស្រាអែល លោក Eyal Zamir បានសង្កត់ធ្ងន់ថា ក្រុម Hezbollah បានបើកយុទ្ធនាការវាយប្រហារលើអ៊ីស្រាអែលពេញមួយយប់ ដូច្នេះពួកគេត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការកើនឡើងកម្ដៅសង្រ្គាមនេះ។ គួរបញ្ជាក់ថា ការបាញ់មីស៊ីលរបស់ Hezbollah នាពេលនេះ គឺជាការតបតលើកដំបូងបង្អស់ចាប់តាំងពីមានការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទឹកដីអ៊ីរ៉ង់។

ក្រៅពីទីក្រុងបេរូត អ៊ីស្រាអែលក៏បានវាយប្រហារតាមអាកាសនៅភាគខាងត្បូងលីបង់ និងជ្រលងភ្នំ Bekaa ភាគខាងកើតផងដែរ។ ចំណែកឯក្រុម Hezbollah បានចេញមុខអះអាងថា ការវាយប្រហាររបស់ខ្លួនគឺជាសិទ្ធិស្វ័យការពារដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតលោក Khamenei និងការរំលោភបំពានអធិបតេយ្យភាពលីបង់ជាបន្តបន្ទាប់ពីសំណាក់អ៊ីស្រាអែល។
ទោះបីជាអ៊ីស្រាអែល និងលីបង់ធ្លាប់បានយល់ព្រមលើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤ ក៏ដោយ ប៉ុន្តែសន្តិភាពនេះហាក់មានភាពផុយស្រួយបំផុត។ បទឈប់បាញ់នោះត្រូវបានធ្វើឡើងដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជាងមួយឆ្នាំ ដែលបានធ្វើឱ្យសមត្ថភាពយោធារបស់ Hezbollah ចុះខ្សោយយ៉ាងខ្លាំង។ កាលពីថ្ងៃសៅរ៍កន្លងទៅ ប្រធានាធិបតីលីបង់បានបញ្ជាក់ថា តាមរយៈឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អ៊ីស្រាអែលបានសន្យានឹងមិនបង្កើនអរិភាពឡើយ ប្រសិនបើគ្មានការវាយប្រហារចេញពីខាងដីលីបង់មុននោះ ប៉ុន្តែ ព្រឹត្តិការណ៍ចុងក្រោយនេះ បានបង្ហាញថាភាពតានតឹងបានឈានដល់ចំណុចរបត់ថ្មីមួយទៀត។

ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters