ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឆ្លងកាត់ «បន្ទាត់ក្រហមដ៏គ្រោះថ្នាក់បំផុត» តាមរយៈការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei។ នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh ប្រាប់មកកាន់ CNN ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃអាទិត្យ។

លោក Khatibzadeh បានមានប្រសាសន៍ថា អ្នកកាន់សាសនានិកាយស៊ីអ៊ីត (Shiite) ជាច្រើននៅទូទាំងពិភពលោក នឹងមានប្រតិកម្មចំពោះការសម្លាប់លោក Khamenei នេះ។ លោកបានបន្តថា៖ «ពិតណាស់ បើពិនិត្យលើទិដ្ឋភាពសាសនា គាត់គឺជាមេដឹកនាំសាសនាដ៏ខ្ពង់ខ្ពស់ម្នាក់ ដូច្នេះអ្នកកាន់សាសនានិកាយស៊ីអ៊ីតជាច្រើននៅក្នុងតំបន់ និងជុំវិញពិភពលោក នឹងមានប្រតិកម្មចំពោះរឿងនេះ ហើយវាជារឿងច្បាស់ណាស់ ព្រោះប្រធានាធិបតី ត្រាំ បានឆ្លងកាត់បន្ទាត់ក្រហមដ៏គ្រោះថ្នាក់បំផុត»។ លោកបានបន្ថែមថា៖ «យើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបវិញនោះទេ»

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ អ៊ីរ៉ង់បានឆ្លើយតបវិញជាមួយនឹងរលកនៃការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនៅទូទាំងមជ្ឈិមបូព៌ា ដោយកំណត់គោលដៅលើប្រទេសមួយចំនួនដែលផ្តល់ទីតាំងមូលដ្ឋានយោធាឱ្យអាមេរិក រួមមានប្រទេសបារ៉ែន និងអារ៉ាប់រួម។ ការវាយប្រហារបានបន្តពេញមួយចុងសប្តាហ៍ បណ្តាលឱ្យមានអ្នកស៊ីវិលស្លាប់ ខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យចរាចរណ៍ផ្លូវអាកាស និងផ្លូវទឹកត្រូវគាំងទាំងស្រុង។

លោក Khatibzadeh បានបញ្ជាក់ថា អ៊ីរ៉ង់បានទាក់ទងទៅកាន់បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ដើម្បីឱ្យបិទមូលដ្ឋានទ័ពអាមេរិក ដែលទីក្រុងតេហេរ៉ង់ចាត់ទុកថាជាការគំរាមកំហែង។

លោកបាននិយាយថា៖ «យើងបានទាក់ទងទៅពួកគេ៖ គឺត្រូវបិទមូលដ្ឋានទ័ពអាមេរិកទាំងនោះ ដែលកំពុងគំរាមកំហែងអ៊ីរ៉ង់ជាបន្តបន្ទាប់ និងប្រើប្រាស់ដើម្បីវាយប្រហារលើអ៊ីរ៉ង់ បើមិនដូច្នោះទេ យើងគ្មានជម្រើសអ្វីក្រៅពីការវាយបកវិញឡើយ»។ លោកបន្ថែមថា អ៊ីរ៉ង់ «មិនអាចទៅដល់ទឹកដីអាមេរិកបានឡើយ ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅពីវាយប្រហារមូលដ្ឋានណាដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាមេរិកនោះទេ»

នៅពេលសួរថាតើការទូតនៅតែជាជម្រើសដែរឬទេ លោកបានឆ្លើយថា សហរដ្ឋអាមេរិកបានធ្វើឱ្យអ៊ីរ៉ង់ «ខកចិត្ត» ជាច្រើនដងរួចមកហើយ ហើយវាក៏ «គ្មានភាពចាំបាច់ណាមួយក្នុងការចាប់ផ្តើមការឈ្លានពាននេះដែរ»។

មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើប្រធានាធិបតី ត្រាំ មិនចង់ឃើញអ៊ីរ៉ង់វាយបកវិញទេ... លោក ត្រាំ មិនគួរចាប់ផ្តើមសង្រ្គាមនេះតាំងពីដំបូងឡើយ។ វាគឺជាសង្រ្គាមដែលកើតចេញពីការជ្រើសរើស»។

 

 

ប្រែសម្រួលដោយ៖ ស៊ឺម​ សមាន 

ប្រភព៖ CNN