[មជ្ឈិមបូព៌ា]៖ រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងបង្កើនសកម្មភាពប្រតិបត្តិការយ៉ាងខ្លាំងក្លាដើម្បីផ្ដល់ជំនួយដល់ពលរដ្ឋអង់គ្លេសយ៉ាងហោចណាស់ ២០០,០០០ នាក់ នៅក្នុងតំបន់ឈូងសមុទ្រខណៈដែលអ៊ីរ៉ង់បានបន្តវាយប្រហារនៅក្នុងតំបន់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យចុងក្រោយ ពលរដ្ឋអង់គ្លេសជាង ៩៤,០០០ នាក់ បានចុះឈ្មោះទីតាំងនិងព័ត៌មានទំនាក់ទំនងជាមួយការិយាល័យការបរទេសដើម្បីទទួលបានព័ត៌មានបន្ទាន់។ ភាគច្រើននៃពួកគេ គឺជាអ្នកធ្វើវិស្សមកាលនៅសហព័ន្ធអារ៉ាប់រួម ឬជាអ្នកដំណើរដែលកំពុងជាប់គាំងនៅតាមអាកាសយានដ្ឋានធំៗ។ មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំផែនការត្រៀមលក្ខណៈ ដើម្បីជម្លៀសពលរដ្ឋ ប្រសិនបើដែនអាកាសក្នុងតំបន់នៅតែបន្តបិទ ខណៈដែលជើងហោះហើរទៅមកកាន់ទីក្រុង Tel Aviv, Dubai, Doha និងមជ្ឈមណ្ឌលអន្តរជាតិផ្សេងទៀតត្រូវបានបង្វែរទិសដៅ ឬលុបចោល។

រដ្ឋាភិបាលអង់គ្លេស បានអំពាវនាវឱ្យពលរដ្ឋខ្លួនដែលកំពុងស្ថិតនៅប្រទេសបារ៉ែន អ៊ីស្រាអែល គុយវ៉ែត ដែនដីប៉ាឡេស្ទីន កាតា និងសហព័ន្ធអារ៉ាប់រួម ប្រញាប់ចុះឈ្មោះវត្តមានរបស់ពួកគេដើម្បីទទួលបានព័ត៌មានបច្ចុប្បន្នភាព។ បច្ចុប្បន្ន ជនជាតិអង់គ្លេសត្រូវបានណែនាំឱ្យស្នាក់នៅក្នុងទីតាំងសុវត្ថិភាពនិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតាមដានដំបូន្មានធ្វើដំណើររបស់ក្រសួងការបរទេសដែលអាចនឹងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

ថ្លែងកាលពីល្ងាចថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី Sir Keir Starmer បានបញ្ជាក់ថា មានពលរដ្ឋអង់គ្លេសប្រមាណ ២០០,០០០ នាក់នៅក្នុងតំបន់ រួមមានទាំងអ្នករស់នៅទីនោះគ្រួសារដែលមកកម្សាន្ត និងអ្នកដំណើរឆ្លងកាត់។ លោកបានបន្តថា អ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់ដោយក្នុងនោះមានការប៉ះពាល់ដល់អាកាសយានដ្ឋាននិងសណ្ឋាគារដែលពលរដ្ឋអង់គ្លេសស្នាក់នៅផងដែរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមស្នើឱ្យពលរដ្ឋរបស់យើងទាំងអស់នៅក្នុងតំបន់មេត្តាចុះឈ្មោះវត្តមាននិងអនុវត្តតាមដំបូន្មានធ្វើដំណើររបស់ក្រសួងការបរទេស។ ខ្ញុំយល់ច្បាស់ថា នេះគឺជាពេលវេលាដ៏គួរឱ្យព្រួយបារម្ភបំផុតហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីគាំទ្រអ្នក»។ នេះជាលើកដំបូងហើយដែលកម្មវិធីឆ្លើយតបវិបត្តិរបស់រដ្ឋាភិបាលអង់គ្លេស បានគ្របដណ្ដប់លើប្រទេសច្រើនក្នុងពេលតែមួយនិងដោះស្រាយបញ្ហាមនុស្សក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ មន្ត្រីរដ្ឋាភិបាលបានប្រាប់ BBC ថា ចំនួនអ្នកចុះឈ្មោះត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។

ស្ថានភាពកាន់តែតានតឹង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបន្តវាយប្រហារលើទីតាំងកណ្តាលទីក្រុងតេអេរ៉ង់ ក្រោយមេដឹកនាំកំពូល Ayatollah Ali Khamenei បានទទួលមរណភាពក្នុងការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃសៅរ៍។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើប្រទេសជិតខាង និងគោលដៅយោធាអាមេរិក។ នៅទីក្រុងឌូបៃ អ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីមីស៊ីល និងដ្រូនបានវាយប្រហារចំសណ្ឋាគារប្រណីត និងអាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាមជ្ឈមណ្ឌលចរាចរណ៍អ្នកដំណើរមមាញឹកបំផុតមួយក្នុងលោក។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិ លោក John Healey បានឱ្យដឹងថាទាហានអង់គ្លេសប្រមាណ ៣០០ នាក់បានស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់បានធ្លាក់នៅចម្ងាយត្រឹមតែ "ប៉ុន្មានរយយ៉ាត" ប៉ុណ្ណោះ ពីមូលដ្ឋានរបស់ពួកគេក្នុងប្រទេសបារ៉ែន។ ទោះជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ថាមានពលរដ្ឋអង់គ្លេសណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិត ឬរងរបួសនៅឡើយទេ។ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ទោះបីជាចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែកងទ័ពអាកាស RAF កំពុងធ្វើការល្បាតដើម្បីការពារសន្តិសុខ។ កាលពីថ្ងៃអាទិត្យយន្តហោះចម្បាំង RAF Typhoon ដែលហោះចេញពីប្រទេសកាតា បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ីរ៉ង់បានសម្រេចក្នុងប្រតិបត្តិការការពារនេះ។

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ BBC