[រដ្ឋញូវយ៉ក]៖ កាលពីថ្ងៃទី២ ខែមីនា តម្លៃប្រេងសាំងលក់រាយជាមធ្យមនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់ ៣ ដុល្លារក្នុងមួយហ្គាឡុង ជាលើកដំបូងគិតចាប់តាំងពីខែវិច្ឆិកាមក។ ការកើនឡើងនេះកើតឡើងស្របពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកាន់តែរីកធំឡើងដែលក្លាយជាវិញ្ញាសាសាកល្បងដ៏សំខាន់មួយចំពោះការគាំទ្ររបស់សាធារណជនលើការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់។
ក្រុមអ្នកវិភាគបានលើកឡើងថា ការសងសឹករបស់ទីក្រុងតេអេរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ដោយសារវាបានប៉ះពាល់ដល់ទីតាំងផលិតកម្មក្នុងប្រទេសជិតខាងនិងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មយុទ្ធសាស្ត្របំផុតរបស់ពិភពលោក។ តម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងជាង ៥% រហូតដល់ជិត ៧៧ ដុល្លារក្នុងមួយបារ៉ែលដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងតាមភ្លាមៗ។

ការកើនឡើងតម្លៃប្រេងនៅតាមស្ថានីយបូមសាំង គឺជាហានិភ័យដ៏ធំសម្រាប់លោក Trump និងគណបក្សសាធារណរដ្ឋ ស្របពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាកាន់តែខិតជិតមកដល់។ យោងតាមការស្ទង់មតិរបស់ Reuters/Ipsos អ្នកឆ្លើយសំណួរជិតពាក់កណ្តាលបានបញ្ជាក់ថា ពួកគេប្រហែលជាឈប់គាំទ្រយុទ្ធនាការប្រឆាំងអ៊ីរ៉ង់របស់លោក Trump ប្រសិនបើតម្លៃប្រេងសាំងបន្តកើនឡើង។ លោក Mark Malek ប្រធានផ្នែកវិនិយោគនៅ Siebert Financial បានកត់សម្គាល់ថា តម្លៃប្រេងសាំង គឺជាសញ្ញាអតិផរណាដែលអ្នកប្រើប្រាស់មើលឃើញនិងប៉ះពាល់ផ្ទាល់ជារៀងរាល់ថ្ងៃ»។
អ្នកជំនាញបានព្យាករណ៍ថា រាល់ពេលដែលតម្លៃប្រេងឆៅកើនឡើង ១០ ដុល្លារក្នុងមួយបារ៉ែល វានឹងធ្វើឱ្យតម្លៃប្រេងសាំងនៅតាមស្ថានីយបូមឡើងថ្លៃប្រហែល ២៥ សេនក្នុងមួយហ្គាឡុង។ តម្លៃជាមធ្យមបានកើនហួស ៣ ដុល្លារហើយ (យោងតាមទិន្នន័យ OPIS)។
លោក Tom Kloza ទីប្រឹក្សាជាន់ខ្ពស់នៅ Gulf Oil ជឿថា តម្លៃអាចនឹងឡើងដល់ ៣.២៥ ដុល្លារ ក្នុងមួយហ្គាឡុង ក្នុងសប្តាហ៍នេះ។
យោងតាមទិន្នន័យពី GasBuddy តម្លៃប្រេងសាំងបានកើនឡើង ៤ សប្តាហ៍ជាប់ៗគ្នារួចមកហើយសូម្បីតែមុនពេលមានការវាយប្រហារលើអ៊ីរ៉ង់ក៏ដោយ។ នេះក៏ដោយសារតែរោងចក្រចម្រាញ់ប្រេងចាប់ផ្តើមផលិតប្រេងប្រភេទសម្រាប់រដូវក្តៅ ដែលមានតម្លៃថ្លៃជាងមុន ដោយសារបទប្បញ្ញត្តិបរិស្ថាន។
លោក Patrick De Haan អ្នកវិភាគនៅ GasBuddy បានបន្ថែមថា ជម្លោះយោធានឹងធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់។ លោកបានបញ្ជាក់ថា តម្លៃប្រេងនឹងបន្តរងសម្ពាធឱ្យកើនឡើងបន្ថែមទៀត ក្នុងពេលដែលទីផ្សារកំពុងតាមដានមើលការវិវត្តនៃស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ។
ប្រែសម្រួលដោយ៖ សុធា