[វ៉ាសុីនតោន]៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាសាធារណៈថានឹងបញ្ឈប់រាល់សកម្មភាពពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីដបានរារាំងមិនឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាលើទឹកដីខ្លួនសម្រាប់ប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់។នៅក្នុងការអត្ថាធិប្បាយនាដដែលនៅសេតវិមាន លោក ត្រាំ បានរិះគន់អេស្ប៉ាញថា កំពុងធ្វើខ្លួនឱ្យ"មិនអាចយោគយល់បាន" និងបានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា យើងនឹងកាត់ផ្ដាច់ពាណិជ្ជកម្មទាំងអស់យើងមិនចង់ពាក់ព័ន្ធអ្វីជាមួយអេស្ប៉ាញទៀតទេ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ថា តើរដ្ឋបាលលោក ត្រាំ នឹងអនុវត្តការគំរាមកំហែងនេះតាមរបៀបណានោះទេ ខណៈដែលអេស្ប៉ាញគឺជាសមាជិកដ៏សំខាន់នៃសហភាពអឺរ៉ុប។ កាយវិការនេះបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង បន្ថែមលើជម្លោះចាស់ជុំវិញការដែលអេស្ប៉ាញមិនព្រមដំឡើងកញ្ចប់ថវិកាការពារជាតិដល់ ៥% នៃ GDP តាមការទាមទាររបស់លោក ត្រាំ ចំពោះសមាជិកណាតូ (NATO)។ លោក Trump បានសង្កត់ធ្ងន់កាលពីថ្ងៃអង្គារថា ខ្ញុំអាចនឹងបញ្ឈប់រាល់អាជីវកម្មជាមួយអេស្ប៉ាញនៅថ្ងៃស្អែក ឬថ្ងៃនេះតែម្ដងកាន់តែល្អ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានអះអាងថា សហរដ្ឋអាមេរិកមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ក្នុងការដាក់បម្រាមលើទំនិញនាំចូលពីអេស្ប៉ាញ។ ដោយឡែក តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ទោះបីជាមិនទាន់ផ្តល់ចម្លើយជាក់លាក់ ប៉ុន្តែបានលើកឡើងថា ប្រធានាធិបតីមានអំណាចពេញលេញដែលទទួលស្គាល់ដោយតុលាការកំពូលក្នុងការប្រើប្រាស់វិធានការសេដ្ឋកិច្ចដើម្បីការពារសន្តិសុខជាតិ។

យោងតាមច្បាប់សហភាពអឺរ៉ុប ទំនិញអាចចរាចរដោយសេរីក្នុងចំណោមរដ្ឋសមាជិកទាំង ២៧ ដែលនេះនឹងក្លាយជាឧបសគ្គធំសម្រាប់អាមេរិកក្នុងការដាក់កំហិតពាណិជ្ជកម្មលើប្រទេសតែមួយក្នុងប្លុកនេះ។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលអេស្ប៉ាញបានឆ្លើយតបថា រាល់ការកែប្រែទំនាក់ទំនងពាណិជ្ជកម្មណាមួយត្រូវតែគោរពតាមស្វ័យភាពរបស់ក្រុមហ៊ុនឯកជន ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានជួបពិភាក្សាជាមួយលោក Trump កាលពីថ្ងៃអង្គារ ក៏បានរំឮកប្រធានាធិបតីអាមេរិកផងដែរថា អេស្ប៉ាញគឺជាផ្នែកមិនអាចខ្វះបាននៃសហភាពអឺរ៉ុប ហើយរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្លុកនេះ ត្រូវតែរួមបញ្ចូលអេស្ប៉ាញជានិច្ច។ នៅក្នុងឆ្នាំ ២០២៥ អាមេរិកនាំចេញទៅអេស្ប៉ាញ ប្រមាណ ២៦ ពាន់លានដុល្លារ។ អាមេរិកនាំចូលពីអេស្ប៉ាញប្រមាណ ២១ ពាន់លានដុល្លារ (ភាគច្រើនជាផលិតផលឱសថ និងប្រេងអូលីវ)។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ថាជា អន្តរាគមន៍យោធាដ៏អយុត្តិធម៌ និងគ្រោះថ្នាក់។ មន្ត្រីទីក្រុងម៉ាឌ្រីដបានបញ្ជាក់ថា ការមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានយោធានៅភាគខាងត្បូងអេស្ប៉ាញ គឺដើម្បីការពារការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រៅពីអេស្ប៉ាញ លោក Trump ក៏បានរិះគន់ចក្រភពអង់គ្លេសចំពោះការ "មិនសហការ" លើបញ្ហាប្រើប្រាស់មូលដ្ឋានយោធានេះដែរ ប៉ុន្តែលោកមិនបានធ្វើការគំរាមកំហែងផ្នែកពាណិជ្ជកម្មចំពោះទីក្រុងឡុងដ៍ ដូចអ្វីដែលលោកបានធ្វើចំពោះទីក្រុងម៉ាឌ្រីដនោះទេ។

 

 

 

ប្រែសម្រួលដោយ៖ សុធា 

ប្រភព៖ BBC